អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
នាយករដ្ឋមន្ត្រី​ដា​ណឺ​ម៉ាក​ចេញពី​តំណែង​ក្រោយ​បក្សប្រឆាំង​ឈ្នះឆ្នោត
19, Jun 2015 , 3:53 pm        
រូបភាព
ដោយ: ថ្មីៗ
បក្សប្រឆាំង​ដា​ណឺ​ម៉ាក​បានប្រកាស​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​សភា​នៅ​ថ្ងៃ​សុក្រ​នេះ ក្រោយ​ការបោះឆ្នោត​ម្សិលមិញ​នេះ។ នាយករដ្ឋមន្ត្រី​ជិត​ផុត​អាណត្តិ​បាន​ត្រូវ​ចុះ​ចេញពី​តំណែង ហើយ​ក៏បាន​លាលែង​ចេញពី​តួនាទី​ជា​ប្រធាន​បក្ស​ផងដែរ។ ការ​ឈ្នះឆ្នោត​របស់​បក្សប្រឆាំង​នៅ​ដា​ណឺ​ម៉ាក អាច​បញ្ជាក់ថា បក្ស​អំណាច​មិនអាច​មានលទ្ធភាព​ដោះស្រាយ​បញ្ហា​របស់​ប្រជាជន​បានឡើយ។



លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ



ក្រោយ​ការបោះឆ្នោត​សភា​ម្សិលមិញ​នៅ​ដា​ណឺ​ម៉ាក លទ្ធផល​បាន​បង្ហាញថា គណបក្សកាន់អំណាច​កណ្តាល​និយម​និន្នាការ​ឆ្វេង​បាត់បង់​សម្លេងគាំទ្រ​យ៉ាងច្រើន​និង​ចាញ់ឆ្នោត​ថែមទៀត។ គណបក្សប្រឆាំង​ដែល​រួមគ្នា​មាន​គណបក្ស​សេរីភាព និង​គណបក្ស​កណ្តាល​និន្នាការ​ស្តាំ​ផង​នោះបាន​ប្រកាស​ជ័យជម្នះ​នឹង​ត្រៀម​បង្កើត​រដ្ឋាភិបាល​ថ្មី​ដឹកនាំ​ប្រទេស​នាពេលខាងមុខ។

 គណបក្សកាន់អំណាច​ដែល​ដឹកនាំ​ដោយ​លោកស្រី HelleThorning-Schmidt នាយករដ្ឋមន្ត្រី​ជិត​ផុត​អាណត្តិ និង​ជា​នាយករដ្ឋមន្ត្រី​ស្ត្រី​ដំបូង​បំផុត​របស់​ដា​ណឺ​ម៉ាក​បានទទួល​អាសនៈ​ត្រឹម ៨៥ប៉ុណ្ណោះ។ លោកស្រី​បានប្រកាស​ទទួលស្គាល់​លទ្ធផល ដោយ​ថ្លែង​ទៅកាន់​សមាជិក សមាជិការ​របស់លោក​ស្រី ក្រោយ​លទ្ធផល​បោះឆ្នោត​ប​ញ្ចេ​ញ​ជា​ផ្លូវការ​ថា លោកស្រី​នឹង​ចុះ​ចេញពី​តំណែង ហើយ​លាលែង​ពី​តួនាទី​ជា​ប្រមុខ​បក្ស​ផងដែរ។ ការលាលែង​ពី​តំណែង​ប្រធាន​បក្សប្រឆាំង​នេះ គឺ​ដើម្បី​បង្ហាញ​ពី​ការទទួលខុសត្រូវ របស់លោក​ស្រី ដែល​មិនអាច​យកជ័យ​ជម្នះ​ជូន​បក្ស​បាន។  លោកស្រី​នាយករដ្ឋមន្ត្រី​ខាងលើ បាន​ឡើងកាន់​អំណាច​កាលពី​ឆ្នាំ ២០១១ ។

ចំណែក​គណបក្សប្រឆាំង​ដែល​ចងសម្ព័ន្ធភាព​គ្នា​នេះ ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​កាន់កាប់​អំណាច ក្រោយ​ទទួលបាន​អាសនៈ​នៅ​សភា ៩០ ។

សម្ព័ន្ធ​គណបក្សប្រឆាំង​នេះ​ដឹកនាំ​ដោយ​អតីត​នាយករដ្ឋមន្ត្រី​លោក Lars Lokke Rasmussenដែល​លោក​បាន​ធ្លាក់​ពី​តំណែង​នៅក្នុង​ឆ្នាំ ២០១១ ក្រោយ​ការបោះឆ្នោត​សាកល។ ជ័យជម្នះ​គណបក្សប្រឆាំង​ជា​សញ្ញា​មួយ​បញ្ជាក់ថា អតីត​នាយករដ្ឋមន្ត្រី​រូបនេះ នឹង​ឡើងមក​កាន់អំណាច​ជាថ្មី​ទៀតហើយ។

ជា​រឿង​ធម្មតា​នៅក្នុង​ឆាកនយោបាយ​ដា​ណឺ​ម៉ាក មាន​ត្រឹម​គណបក្សតូចៗ ចងសម្ព័ន្ធ​គ្នា​ចូលរួម​ប្រកួត​ក្នុងការ​បោះឆ្នោត ហើយ​ម្យ៉ាង​រដ្ឋាភិបាល​ដា​ណឺ​ម៉ាក​ភាគច្រើន​ត្រូវ​ដឹកនាំ​ដោយ​បក្ស​តូច​រួមគ្នា​នេះ​ផងដែរ។ តាំងពី​ឆ្នាំ ១៩០៩មក គ្មាន​គណបក្ស​ណាមួយ​អាចមាន​លទ្ធភាព​ដណ្តើម​យក​អាសនៈ​ភាគច្រើន​នៅក្នុង​សភា និង​បង្កើត​រដ្ឋាភិបាល​ដោយ​គ្មាន​គណបក្ស​ចម្រុះ​គ្នា​ឡើយ។

ដោយឡែក ក្រោម​ច្បាប់​ស្តីពី​ការបោះឆ្នោត​របស់​ដា​ណឺ​ម៉ាក សមាជិកសភា ១៧៥ ក្នុងចំណោម ១៧៩រូប​នៅក្នុង​សភា​ទាំងមូល​ត្រូវ​បោះឆ្នោត​ជ្រើសរើស​ដោយ​ប្រជាជន​រស់នៅក្នុង​ទឹកដី​ដា​ណឺ​ម៉ាក​ផ្ទាល់ ចំណែក​សមាជិក​បួន​នាក់​ផ្សេងទៀត​ត្រូវ​ជ្រើសរើស​ដោយ​ប្រជាជន​នៅ​កោះ Greenland និង​កោះ Faroe ដែលជា​ដែនដី​ស្វយ័ត​របស់​ដា​ណឺ​ម៉ាក៕



© រក្សាសិទ្ធិដោយ thmeythmey.com