អន្តរជាតិ
កូរ៉េខាងជើង​អួតថា​ផលិត​បាន​ថ្នាំ​ព្យាបាល​ជំងឺ MERS អេ​បូ​ឡា និង​អេដស៍
20, Jun 2015 , 5:30 pm        
រូបភាព
របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង​បាន​ចេញមុខ​ប្រកាសថា ខ្លួន​សម្រេច​ជោគជ័យ​ដោយ​ផលិត​បាន​ឱសថ​ដែល​អាច​ប្រើប្រាស់​សម្រាប់​ការពារ​និង​ព្យាបាល​ជំងឺ​កាច​សាហាវ​ដូចជា អេ​បូ​ឡា អេដស៍ និង MERS  ជាដើម​ផង។ ការ​ប្រកាសថា​ខ្លួន​ស្រាវជ្រាវ​បាន​ថ្មាំ​ព្យាបាល​ជំងឺ​ទាំងនេះ​កើតមានឡើង​ស្របពេល​ដែល​កូរ៉េខាងត្បូង​កំពុងតែ​រង​ការវាយប្រហារ​ដោយ​ជំងឺ​ផ្លូវដង្ហើម​មជ្ឈិមបូព៌ា MERS នេះ។



ជា​រឿង​ដែល​គួរ​ឲ្យ​ភ្ងា​ក់​ផ្អើល​មួយ​នៅពេលដែល​កូរ៉េខាងជើង​បានប្រកាស​ថា ខ្លួន​ស្រាវជ្រាវ​ថ្នាំ​ព្យាបាល​និង​ការពារ​ជំងឺ​សាហាវ​មួយចំនួន​ដូចជា អេ​បូ​ឡា អេដស៍ Sars និង​ជំងឺ​ផ្លូវដង្ហើម MERS។ មិន​ត្រឹមតែ​អួត​ក្អេងក្អាង​ប៉ុណ្ណោះ​ទេ របប​ដឹកនាំ​ក្រុង​ព្យុ​យ៉ាង​ថែមទាំង​ស្រែក​ក្តែងៗ សើចចម្អក​ប្រទេស​មហាអំណាច​និង​ប្រទេស​អភិវឌ្ឍន៍​មួយចំនួន​ដែលមាន​វិទ្យាសាស្ត្រ​រីកចម្រើន​ខ្លាំង​នោះ ធ្វើ​មិនបាន​ដូច​ខ្លួន​ឡើយ។

វា​ពិតជា​រឿង​គួរ​ឲ្យ​ភ្ងា​ក់​ផ្អើល និង​ចម្លែក​ប្រា​ដក​ណាស់​ដ្បិតថា កូរ៉េខាងជើង​កន្លងមក ត្រឹមតែ​ប្រឹងប្រែង​ផលិត​អាវុធទំនើបៗសម្រាប់​ប្រយុទ្ធ​ប៉ុណ្ណោះ ហើយ​គេ​កម្រ​ឃើញ​រដ្ឋ​ឯកោរ​មួយ​នេះ​ស្រាវជ្រាវ​ផលិត​ឱសថ​ឡើយ។ យ៉ាងណាមិញ​ប្រសិនបើ​ព័ត៌មាន​នេះ​ជាការ​ពិត វា​ក៏​ជា​សញ្ញា​វិជ្ជមាន​ដែរ ព្រោះ​វា​ក៏​នឹង​ជម្រុញ​សមត្ថភាព​នៃ​ការស្រាវជ្រាវ​និង​ឱសថ​សម្រាប់​ការពារ និង​ព្យាបាល​ជំងឺ​ដែល​ពិភពលោក​ភ័យខ្លាច។

តាមពិតទៅ ព័ត៌មាន​ដែលថា កូរ៉េខាងជើង​ផលិត​បាន​ថ្នាំ​ពិសេស​សម្រាប់​ព្យាបាល​ជំងឺ​សាហាវ​ដែល​ពិភពលោក​កំពុង​ខ្លាចរអា​នោះ ត្រូវបាន​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​របស់​រដ្ឋ​កូរ៉េខាងជើង KCNA។ បើតាម​សារព័ត៌មាន​រដ្ឋ​នេះ អ្នកវិទ្យាសាស្ត្រ​កូរ៉េខាងជើង​បាន​ព្យាយាម​ស្រាវជ្រាវ និង​ពិសោធន៍​អស់​រយៈពេល​យូរ​ល្មម​ទម្រាំ​សម្រេច​ជោគជ័យ ហើយ​ថ្នាំ​នេះ​មាន​ផ្សំ​ពី​ឱសថ​ធម្មជាតិ​ថែម​ទៀតផង។ ប្រភព​ដដែល​បាន​អះអាងថា​ជំងឺឆ្លង​ទាំងអស់​ខាងលើ​ភាគច្រើន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ ហើយ​វា​អាច​ព្យាបាល​បាន​ងាយ​ដោយ​ប្រើប្រាស់​ថ្នាំ​ពង្រឹង​និង​ជួយសង្គ្រោះ​ប្រព័ន្ធ​ភាពស៊ាំ Kumdang-2  ។

យ៉ាង​ក៏ដោយ គេ​មិនទាន់​ទទួល​បានទទួល​ភស្តុតាង​ជា​ថ្នាំ​ពិសោធន៍​របស់​ក្រុង​ព្យុ​យ៉ាង​នៅឡើយ​ទេ ហើយ​គេ​ជឿជាក់ថា ការអះអាង​នេះ​ត្រឹមតែ​ជាការ​បោកប្រាស់​ប៉ុណ្ណោះ។ អ្នកខ្លះ​សន្និដ្ឋានថា តាម​ច​រិ​ក​ក្អេងក្អាង​របស់​កូរ៉េខាងជើង ប្រសិន​ព័ត៌មាន​នេះ​ជាការ​ពិត ប្រទេស​នេះ​ច្បាស់​ជា​បង្ហាញ​ឱសថ​របស់ខ្លួន​ជា​សាធារណ​មិន​ខាន​ទេ។  

ការចេញមុខ​ប្រកាសថា​ខ្លួន​មាន​ឱសថ​ព្យាបាល​ជំងឺឆ្លង​កាច​សាហាវ​នេះ កើតមានឡើង​ខណៈពេល​ដែល​ប្រទេស​កូរ៉េខាងត្បូង​ជា​បងប្អូន​នោះ កំពុង​ប្រឈម​ការវាយប្រហារ​ដោយ​ជំងឺ​ផ្លូវដង្ហើម​មជ្ឈិមបូព៌ា។ ករណី​អ្នកស្លាប់​ដោយ​ជំងឺ​នេះ​បន្ត​កើនឡើង ស្របពេល​ករណី​អ្នក​ឆ្លង​មេរោគ​ថ្មី​ក៏​កើនឡើង​ដូចគ្នា​ដែរ។ អ្នកស្លាប់​កើន​ដល់​ជាង ២០នាក់ រីឯ​អ្នក​ឆ្លង​បាន​បន្ត​កើន​ដល់​ជាង ១៦០នាក់​រួចទៅហើយ៕



© រក្សាសិទ្ធិដោយ thmeythmey.com