ជាតិ
ពីនេះ ពីនោះ
កំណាព្យ៖ កុំ!..កុំ!..ដែល​គួរ​ចៀស
20, Jun 2015 , 4:26 pm        
រូបភាព
ដោយ: ថ្មីៗ
 កុំ!..កុំ!..ដែល​គួរ​ចៀស (បទ​ពាក្យ៧)



កុំ​ត្រាប់​ជនពាល​ដៀល​អ្នកប្រាជ្ញ    កុំ​អាង​អំណាច​កាច​ហិង្សា
កុំ​ត្រចៀកស្រាល​តាម​គេ​ថា        កុំ​ពោល​មុសា​ខុស​ការពិត។

កុំ​មើលឃើញ​ទោស​ថា​ជា​គុណ        កុំ​មើលឃើញ​បុណ្យ​ថា​ទិ​ច្ចរិត
កុំ​ឆ្លុះកញ្ចក់​ដោយ​ភ្នែក​បិទ        កុំ​សង្ឃឹម​ចិត្ត​ប្រមឹក​ស្រា។

កុំ​ចាំ​សំណាង​ត្រូវ​ខំប្រឹង        កុំ​សន្សំ​ខឹង​ត្រូវ​ពិ​ចារ
កុំ​ចាង​អាង​ទ្រព្យ​យស​សក្តា        កុំ​ពាក់​ស្បែក​ខ្លា​ជាន់​អ្នកក្រ។

កុំ​ខឹង​នឹង​គោ​វាយ​រទេះ            កុំ​បង្ខំ​បេះ​ទុំ​មិនល្អ
កុំ​ភ្លេច​សីលប្រាំ​ធម៌​ប​វេ            កុំ​ភ្លេច​ធ្វើ​ល្អ​សាង​កុសល។

កុំ​កាច់​ត្រកូល​មួល​ត្រគាក        កុំ​ពាំនាំ​ពាក្យ​ឥត​ហេតុផល
កុំ​ងាកចិត្ត​វេរ​រេ​តាម​ខ្យល់        កុំ​ឲ្យ​ចាញ់កល​កាមតណ្ហា។

កុំ​អួត​អុង​អាត់​មានតែ​អញ        កុំ​ចិត្ត​កំណាញ់​ជាប់​អាត្មា
កុំ​យក​រឿង​គេ​មក​បរិហារ        កុំ​បង់​មេត្តា​ដាច់​ស្មោះត្រង់។

កុំ​ចង់បាន​ច្រើន​កើន​លោភៈ        កុំ​ជាប់ជំពាក់​នឹង​ចំណង់
កុំ​ធ្វើ​តាមចិត្ត​ដែល​ខ្លួន​ចង់        កុំ​ចោល​បោះបង់​ទុ​ព្ធ​មាគ៌ា៕

                និពន្ធ​ដោយ៖ហឹម ឆាន់, កែសម្រួល៖វិឆ័យ សុ​ភី



© រក្សាសិទ្ធិដោយ thmeythmey.com