អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ពូ​ទីន៖ គ្មាន​ការប្រឈមមុខគ្នា​ដោយ​នុយក្លេអ៊ែរ​ឬ​សង្គ្រាមត្រជាក់​ថ្មី​ឡើយ
21, Jun 2015 , 2:02 pm        
រូបភាព
លោក ពូទីន និយាយ​ថា នាយក​រដ្ឋមន្ត្រីកាណាដា ចូលចិត្តហៃអើ​តាមអាមេរិក
លោក ពូទីន និយាយ​ថា នាយក​រដ្ឋមន្ត្រីកាណាដា ចូលចិត្តហៃអើ​តាមអាមេរិក
ប្រមុខរដ្ឋ​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ថ្លែងថា ពិភពលោក​នឹងមិន​ធ្លាក់ចូល​ក្នុងស្ថានភាព​ប្រឈមមុខគ្នា​ដោយ​ប្រើ​អាវុធ​នុយក្លេអ៊ែរ ឬ​សង្គ្រាមត្រជាក់​ទម្រង់​ថ្មី​ឡើយ។ ប៉ុន្តែ​យ៉ាងណាក្តី មេដឹកនាំ​រូបនេះ​បាន​ថ្លែង​ការពារ​ការបង្កើន​ចំនួន​អាវុធ​នុយក្លេអ៊ែរ​របស់​រុស្ស៊ី ជាពិសេស​ការបង្កើន​លុយ​ធ្វើ​ទំនើបកម្ម​យោធា និង​បំពាក់អាវុធ​ទំនើប​ដល់​ទ័ព។ លោក​ថា វា​ជា​សិទ្ធិ​ស្វ័យការពារ ទប់ទល់​សត្រូវ​ខាងក្រៅ​ប៉ុណ្ណោះ។



ប្រធានាធិបតី​រុស្ស៊ី លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​អញ្ជើញ​ប្រមុខ​ស្ថាប័ន​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ពិភពលោក​ចំនួន១២ ដើម្បី​ពិ​ភា​ក្ស​គ្នា ដាច់ដោយឡែក​ពី​វេទិកា​សេដ្ឋកិច្ច​នៅ St. Petersburg កាលពី​ម្សិលមិញ​នេះ។  ក្នុងជំនួប​បិទទ្វារ​នាទី​ក្រុង​ម៉ូស្គូ​នេះ លោក ពូ​ទីន បាន​បកស្រាយ​ថា ការបន្ថែម​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​លើ​កាំជ្រួច​បាញ់​ឆ្លង​ទ្វីប៤០ដើម ដើម្បី​ដាក់​បម្រើ​ដល់​វិស័យ​ការពារជាតិ​រុស្ស៊ី មិនមែនជា​សញ្ញា​បញ្ជាក់​ថា សង្គ្រាមត្រជាក់​ថ្មី​ជិត​មកដល់​ឡើយ ហើយ​វា​ក៏​គ្មាន​ន័យ​ថា​រុស្ស៊ី​ត្រៀម​ប្រឈមមុខ​ជាមួយ​អ្នកណា​ដោយ​ប្រើ​អាវុធ​ប្រល័យ​លោក​នោះដែរ។

ការលើកឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ ចង់​សម្តៅ​ន័យ​ថា ពិភពលោក​នឹងមិន​ប្រឈម​វិបត្តិ​នុយក្លេអ៊ែរ​ដោយ​ការប្រឈមមុខគ្នា​ធ្ងន់ធ្ងរ​រវាង​មហាអំណាច​ដែរ។ ប៉ុន្តែ​លោក​បាន​សង្កត់ធ្ងន់ថា ការសម្រេចចិត្ត​ធ្វើបែបនេះ​ក៏​ដោយសារតែ​មានការ​ចល័ត​ទ័ព កសាង​កម្លាំង និង​មាន​គម្រោង​ដាក់អាវុធ​ធុន​ធ្ងន់​តាម​បណ្តោយ​ព្រំដែន​រុស្ស៊ី​របស់​បណ្តា​រដ្ឋ​ណា​តូ ជាពិសេស​មហាអំណាច​អាមេរិក​ប៉ុណ្ណោះ។
 លោកពូ​ទីន បញ្ជាក់​ជាថ្មី​ប្រាប់​បណ្តា​ប្រធាន​ស្ថាប័ន​ភ្នាក់ងារ​ព័ត៌មាន​ពិភពលោក​ថា រុស្ស៊ី​មិនមែនជា​អ្នក​ឈ្លានពាន​ឡើយ ហើយក៏​មិន​ចង់​ឲ្យ​មានការ​ប្រកួតប្រជែង​ក​ម្លាំ​ង​ទ័ព​ដ៏​គ្រោះថ្នាក់​ដូចគ្នា​ដែរ ប៉ុន្តែ​វា​មិនអាច​ប្រកែក​បានឡើយ​ដែលថា​វា​ជា​កាតព្វកិច្ច​របស់​រុស្ស៊ី​ក្នុង​ការធានា​សុវត្ថិភាព និង​ទប់ស្កាត់​ឲ្យ​បានការ​គំរាមកំហែង​ផ្នែក​សន្តិសុខ​ជាដើម។  បើតាម​សម្តី​លោក ពូ​ទីន រាល់​ការពង្រាយ​ឬ​បន្ថែម​សព្វាវុធ រួមទាំង​ការធ្វើ​ទំនើបកម្ម​វិស័យ​ការពារជាតិ​ផង​នោះ គឺ​ដើម្បី​ទប់ទល់​រាល់​ការគំរាមកំហែង​របស់​បក្សសម្ព័ន្ធ​យោធា​ណា​តូ ដែល​កំពុង​តំឡើង​សាច់ដុំ​យោធា​ធំឡើងៗ នៅក្បែរៗរបង​ផ្ទះ​រុស្ស៊ី​ដោយ​គ្មាន​ខ្លាចរអែង​បន្តិច​សោះ​នោះ។ 

ដោយឡែក ប្រធានាធិបតី​រូបនេះ​បាន​រិះគន់​ការ​រឹបអូស​ទ្រព្យសម្បត្តិ​រដ្ឋ​រុស្ស៊ី​នៅក្នុង​រដ្ឋ​អឺរ៉ុប​កន្លងមកនេះ ដោយ​លោក​បញ្ជាក់​ហើយ​ថារ​ស្ស៊ី​នឹង​តបត​វិញ ដោយ​មិន​ឱន​ឲ្យ​គេ​ជាន់​ក្បាល​តាមចិត្ត​ទេ។ ចំណែក​បញ្ហា​ផ្សេងទៀត​លោក​ក៏បាន​ឆ្លើយ​សំនួរ​នានា​ពាក់ព័ន្ធ​បញ្ហា FIFA និង​ការធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​នាពេលខាងមុខ​ផងដែរ។

ចំណុច​សំខាន់​មួយទៀត លោក​ក៏បាន​ឆ្លៀតឱកាស​វាយប្រហារ​រដ្ឋា​ភិ​បាល​កាណាដា​ផងដែរ ជាពិសេស​ចម្អក​ឲ្យ​សម្តី​របស់​នាយករដ្ឋមន្ត្រី Stephen Harper អំឡុង​ស​ន្នី​សីទ​កំពូល​ក្រុម​ប្រទេស៧ នៅ​អាឡឺម៉ង់។ កាលនោះ នាយករដ្ឋមន្ត្រី​កាណាដា បាន​ថ្លែង​វាយប្រហារ​រុស្ស៊ី​ជុំវិញ​បញ្ហា​សមាជិកភាព​ដែល​ត្រូវគេ​ព្យួរ​ចេញពី​ក្រុម​ដោយសារ​លូកដៃ​ក្នុង​បញ្ហា​អ៊ុយ​ក្រែ​ន ដោយ​លោក​លើកឡើងថា​រុស្ស៊ី​មិនអាច​មានឱកាស​ត្រលប់​មកវិញ​ឡើយ។ លោក ពូ​ទីន​បាន​តប​វិញ​ថា ករណីនេះ នាយករដ្ឋមន្ត្រី​កាណាដា​នឹង​និយាយថា រុស្ស៊ី​គួរ​ត្រលប់​មកវិញ ប្រសិនបើ​សហរដ្ឋអាមេរិក​បង្ហើប​ថា រុស្ស៊ី​គួរតែ​ត្រលប់​មកជា​សមាជិក​ក្រុម​ប្រទេស​នេះ​វិញ។ សម្តី​លោកពូ​ទីន ចង់​បញ្ជាក់ថា កា​ណា​សម្រេចចិត្ត​និង​ធ្វើអ្វីៗរណប និង​តម្រូវ​តែ​ចិត្ត​ក្រុង​វ៉ាស៊ីនតោន​ប៉ុណ្ណោះ៕



© រក្សាសិទ្ធិដោយ thmeythmey.com