សង្គមអន្តរជាតិ​
អន្តរជាតិ
ការងារ​ក្រៅ​ម៉ោង​ចំនួន៦ដ៏​ល្អ​បំផុត​សម្រាប់​និវត្តជន​នៅ​សហរដ្ឋអាមេរិក
05, Jul 2015 , 12:13 pm        
រូបភាព
ដោយ: ធីតា

ក្រោយ​ចូល​និវត្ត មនុស្ស​ជាច្រើន​ត្រូវការ​សម្រាក ដើរ​កម្សាន្ត ឬ​នៅ​ជួបជុំ​គ្រួសារ ប៉ុន្តែ​ក្នុងចំណោម​នោះ ក៏មាន​និវត្តជន​មួយចំនួន​ចង់​បន្តធ្វើ​ការងារ​ក្រៅ​ម៉ោង​ផងដែរ។ យោងតាម​ទិន្នន័យ​ដែល​សិក្សា​ដោយ​ភ្នាក់ងារ Merrill Lynch Bank of America Corp របស់​សហរដ្ឋអាមេរិក និវត្តជន​ចំនួន៧២ភាគរយ ចង់​បន្ត​កិច្ចការងារ​ក្រៅ​ម៉ោង ដែល​កត្តា​នេះ​មិនមែន​ដើម្បី​លុយកាក់​ជាសំខាន់​នោះឡើយ ប៉ុន្តែ​ពួកគេ​ចង់​ឲ្យ​ខួរក្បាល​មាន​សកម្មភាព។



គេហរ​ទំព័រ​ការងារ CareerBuilder.com របស់​សហរដ្ឋអាមេរិក បាន​ណែនាំ​ការងារ​ក្រៅ​ម៉ោង​ដ៏​ពេញនិយម​ចំនួន៦សម្រាប់​និវត្តជន​នៅ​សហរដ្ឋអាមេរិក។ ការងារ​ទាំងនោះ​រួមមាន៖

១.សាស្ត្រាចារ្យ​ជំនួយ (Adjunct Professor)
សាស្ត្រ​ចា​រ្យ​ជំនួយ គឺជា​សាស្ត្រ​ចា​រ្យ​ដែល​ត្រូវគេ​អញ្ជើញ​ឲ្យ​បង្រៀន​ជំនួស​សាស្ត្រ​ចា​រ្យ​ដែល​អវត្តមាន​នៅ​ម៉ោង​ណាមួយ។ នៅ​សហរដ្ឋអាមេរិក គេ​បានកត់សម្គាល់​តាំងពី​ឆ្នាំ១៩៦៩ មក​ថា និវត្តជន​កាន់តែច្រើន​បាន​ប្រឡូក​ក្នុង​ការងារ​នេះ។ ការងារ​នេះ មិន​តម្រូវ​ឲ្យ​មានការ​ត្រៀម​សម្ភារៈ​បង្រៀន​ច្រើន​នោះ ឡើយ ហើយ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ ការបង្រៀន​តាម​អន​ឡាញ​កាន់​តែមាន​ប្រជាប្រិយភាព។

២.ទីប្រឹក្សា​គម្រោង
ចំណេះដឹង​មុន​ចូល​និវត្ត គឺជា​ទុន​ដ៏​ប្រសើរ។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក Lauren Griffin អ្នកជំនាញ​អប់រំ​ម្នាក់​របស់​អាមេរិក។ ជាមួយនឹង​ការងារ​ជាទី​ប្រឹក្សា​គម្រោង និវត្តជន​អាច​ទទួលបាន​ការឧបត្ថម្ភ​ពី៥០ ទៅ១០០ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ោង។

៣. គណនេយ្យករ/បណ្ណារក្ស
ក្រុមហ៊ុន​ជាច្រើន​នៅ​សហរដ្ឋអាមេរិក​និយម​ផ្តល់​ការងារ​ក្រៅ​ម៉ោង​សម្រាប់​តំណែង​គណនេយ្យករ និង​បណ្ណារក្ស។ ការងារ​នេះ​អាច​ផ្តល់​ចំណូល​ប្រមាណ១៧ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ោង។ ការិយាល័យ​ស្ថិតិ​ការងារ​របស់​អាមេរិក បាន​ប៉ាន់ប្រមាណ​ថា នៅ​ឆ្នាំ២០២២ ការងារ​នេះ​នឹង​កើន​រហូតដល់១១ភាគរយ។

៤. អ្នករៀបចំ​ព្រឹត្តិការណ៍/អ្នកសម្របសម្រួល​គម្រោង
មនុស្ស​ដែលមាន​វ័យ​លើស៥០ឆ្នាំ​ទៅហើយនោះ មិន​ខ្វះ​បទពិសោធ​ន័​នោះឡើយ​លើ​ការងារ​រៀបចំ​ព្រឹត្តិការណ៍ ឬក៏​អ្នកសម្របសម្រួល​គម្រោង។ ព្រឹត្តិការណ៍ ឬ​គម្រោង​ការដែល​និវត្តជន​អាចធ្វើ​បាន​នោះ ដូចជា ពិធី​អាពាហ៍ពិពាហ៍ ខួបកំណើត និង​កម្មវិធី​ផ្សេងទៀត។ និវត្តជន​អាមេរិក​មួយចំនួន​បាន​ប្រើប្រាស់​បណ្តាញ​សង្គម​ដើម្បី​ណែនាំ​ពី​សេវាកម្ម​របស់ខ្លួន។ ការងារ​នេះ អាច​ផ្តល់​ចំណូល​ប្រមាណ២២ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ោង​ផងដែរ។

៥. ប្រឹក្សា​យោបល់​អ្នកជំងឺ
ស្ថានភាព​អ្នកជំងឺ​អាច​កាន់តែ​ប្រសើរ​ប្រសិនបើ​មានការ​ប្រឹក្សា​យោបល់​ច្បាស់លាស់។ តួនាទី​សំខាន់​ក្នុងនាម​ជា​អ្នក​ប្រឹក្សា​យោបល់​នោះ គឺ​ការ​រំលឹក​អ្នក​រំលឹក​អ្នកជំងឺ​ឲ្យ​ចេះ​រក្សា​សុខភាព លេបថ្នាំ​តាម​ពេល​កំណត់។ កិច្ចការ​នេះ ទទួលបាន​កម្រៃ​ជា​មធ្យម១៥ដុល្លារ​ក្នុង​មួយ​ម៉ោង ហើយ​បើ​និវត្តជន​មានបទពិសោធន៍ និង​ស​ញ្ជា​ប​ត្រ​ត្រឹមត្រូវ​ពី​ស្ថាប័ន​សុខាភិបាល​នោះ តម្លៃ​ខ្លួន​អាច​ខ្ពស់ជាង​នេះ។

៦. គ្រូបង្រៀន​វគ្គ​បំប៉ន​ស​ម​ត្ថ​ភាព
ការបើក​បង្រៀន​វគ្គ​បំ​ប៉នផ្សេងៗទៅតាម​ជំនាញ​ដែល​ខ្លួន​ចេះ គឺជា​ការងារ​ដ៏​ពេញនិយម​មួយ​ផងដែរ​សម្រាប់​និវត្តជន​នៅ​សហរដ្ឋអាមេរិក។ ភាគច្រើន ពួកគាត់​បង្រៀនក្មេងៗជិតខាង​ផ្ទះ​របស់ខ្លួន ដូចជា​មុខវិជ្ជា​គណិតវិទ្យា ឬ​ជំនាញ​លេង​ព្យា​ណូ ជាដើម។ កិច្ចការ​នេះ មានតម្លៃ​ខ្លួន​ពី៩ ទៅ ២០ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ោង៕


© រក្សាសិទ្ធិដោយ thmeythmey.com