អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធានាធិបតី​ទុយ​នី​ស៊ី​ដាក់​ប្រទេស​ឱ្យ​ស្ថិតក្នុង​ស្ថានភាព​អាសន្ន
05, Jul 2015 , 1:53 pm        
រូបភាព
ដោយ:

៨ថ្ងៃក្រោយ​ភេរវកម្ម​សម្លាប់​ជនបរទេស៣៨នាក់​នៅ​ក្រុង​ឆ្នេរ​Sousse ប្រធានាធិបតី​ទុយ​នី​ស៊ី​Beiji Caïd Essebsi បានប្រកាស​ដាក់​ប្រទេស​អោយ​ស្ថិតក្នុង​ស្ថានភាព​អាសន្ន។ លោក​Beiji Caïd Essebsiលើកឡើងថា ពី​គ្រោះថ្នាក់​ដែល​អាច​នឹង​កើតឡើង​ជាប្រចាំ គំរាម​សន្តិសុខ​ជាតិ។



ការប្រកាស​របស់​ប្រធានាធិបតី​Beiji Caïd Essebsi ដាក់​ទុយ​នី​ស៊ី​អោយ​ស្ថិតក្នុង​ស្ថានភាព​អាសន្ន នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ សបញ្ជាក់​យ៉ាងច្បាស់​ថា ភេរវកម្មថ្មីៗអាច​នឹង​កើតឡើង​គ្រប់ពេល ក្នុងស្រុក ប្រសិនបើ​គ្មាន​ការចាត់វិធានការ​អោយ​ទាន់ពេលវេលា​ទេ។ ស្ថានភាព​អាសន្ន​នេះ តំរូវអោយ​កងទ័ព​ចុះទៅ​ជួយ​ប៉ូលិស​ក្នុងការ​ការពារ​សន្តិសុខ។

ទុយ​នី​ស៊ី​បាន​រង​ការវាយប្រហារ​ភេរវកម្ម​កាលពី​ជាង​មួយ​សប្តាហ៍​មុន នៅ​ក្រុង​ឆ្នេរ​Sousse ភាគ​ខាងកើត​ប្រទេស សម្លាប់​ភ្ញៀវទេសចរ​បរទេស៣៨នាក់ ក្នុងនោះ៣០នាក់​ជា​ជនជាតិ​អង់គ្លេស។ ប៉ូលិស​បាន​ចាប់​ក្រុមមនុស្ស៨នាក់ ជា​ក្រុម​ជាប់​ពាក់ព័ន្ធ​នឹង​ភេរវកម្ម​សារមន្ទីរ​ក្រុង​ទុយ​និ​ស ខែ​មិនា​ផងដែរ។ ក្រុម​នេះ​ធ្លាប់​ទទួល​ការបណ្តុះបណ្តាល​នៅ​Sabratha ប្រទេស​លី​ប៊ី ឆ្ងាយ​ពី​ព្រំដែន​ទុយ​នី​ស៊ី​តែ​ជាង១០០គីឡូម៉ែត្រ​ប៉ុណ្ណោះ។ ទុយ​នី​ស៊ី​បាន​ដកតំណែង​មន្ត្រីជាន់ខ្ពស់​ច្រើន​រូប ក្នុងនោះ​មាន​អភិបាលក្រុង​Sousseផងដែរ។

រដ្ឋាភិបាល​ទទួលស្គាល់​ថា ផ្នែក​សន្តិសុខ​ជាតិ​នៅមាន​ចន្លោះប្រហោង ហើយ​ការគំរាមកំហែង​នៅ​មិនទាន់​ផុតរលត់​នៅឡើយ​ទេ។ គួររំលឹកថា កាលពី​ថ្ងៃ១៨មិនា ភេរវកម្ម​នៅ​សារមន្ទីរ​ក្រុង​ទុយ​និ​ស បានសម្លាប់​មនុស្ស២២នាក់ ក្នុងនោះ​មាន​ជនបរទេស២១នាក់។ ប៉ូលិស​បានគាស់​រំលើង​បណ្តាញ​ក្រុម​ភេរវជន​មួ​ួ​យ​ក្រុម​ដ៏​ធំ ហើយ​គិតថា ធ្វើអោយ​ប្រទេស​ផុតពី​ការ​គំរាម​ទៅហើយ ប៉ុន្តែ វា​ជា​ការគិត​ខុស​ទាំងស្រុង។

យោងតាម​លោក Kamel Jendoubi ជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទំនាក់​ទំនងជា​មួយផ្នែក​រដ្ឋធម្មនុញ្ញ​និង សង្គម​ស៊ីវិល ទាំង​ទុយ​នី​ស៊ី ទាំង​បណ្តា​ប្រទេស​ជា​មិត្ត​ជាមួយ​ទុយ​នី​ស៊ី​សុទ្ធ​តែមាន​ព័ត៌មាន​ថា ការគំរាមកំហែង​កំពុងតែ​កើនឡើង។ គួរ​បញ្ជាក់ដែរថា ក្រុម​ជី​ហាត​រដ្ឋ​អ៊ីស្លាម​បានប្រកាសថា ទាំង​ភេរវកម្ម​ក្រុង​ទុយ​និ​ស ទាំង​ភេរវកម្ម​ក្រុង​ឆ្នេរ​Sousse គឺជា​ស្នាដៃ​របស់​ក្រុម​ខ្លួន។

ក្រោយ​ភេរវកម្ម​ក្រុង​Sousse នាយករដ្ឋមន្ត្រី​Habib Essid បានប្រកាស​វិធានការ​សន្តិសុខ មានដូចជា​ការបិទ​វិហារ​សាសនា៨០កន្លែង ដែល​មិនបាន​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់រ​ដ្ឋ។ ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ប៉ូលិស​បានចាប់ផ្តើម​បិទ​វិហារ​មួយចំនួន​ដែល​ពាក់ព័ន្ធ​ជាមួយ​ចលនា​អ៊ីស្លាម ជ្រុលនិយម។ ប៉ូលិស​ក៏បាន​ដកហូត​មុខងារ​របស់​មេសា​សនា​វិហា​រទាំង​នោះដែរ។ ហេតុការណ៍​នេះ​បានធ្វើអោយ​អ្នក​ប្រ​ណិ​ប​ត្តិ​សាសនា​មួយចំនួន​ប្រតិកម្ម​ខឹងសម្បារ៕ 



© រក្សាសិទ្ធិដោយ thmeythmey.com