អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
តួ​ក​គី​បាតុកម្ម​ប្រឆាំង​ក្រុង​ប៉េកាំង​ព្រោះ​ខឹង​រឿង​ធ្វើទុក្ខបុកម្នេញ​ជនជាតិ​អ៊ុយ​ហ្គួ​រ
06, Jul 2015 , 3:39 pm        
រូបភាព

ចលនា​ប្រឆាំង​ក្រុង​ប៉េកាំង​កាន់តែ​ផុសផុល​ឡើង​នៅក្នុង​ប្រទេស​តួ​ក​គី​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ដោយ​ពួកគេ​ខឹងសម្បារ​អាជ្ញាធរ​ចិន​រឹតត្បិត​សិទ្ធិសេរីភាព​សាសនា​ជនជាតិភាគតិច​ឥស្លាម​អ៊ុយ​ហ្គួ​រ​នៅ​ស៊ីន​ជាំ​ង។ ប្រជាជន​តួ​ក​គី​បានប្រកាសថា​ខ្លួន​បើកទ្វារ​ទទួល​បងប្អូន​ជនជាតិភាគតិច​អ៊ុយ​ហ្គួ​រ​ពី​ចិន ហើយ​ទាមទារ​ឲ្យ​ចិន​បញ្ឈប់​សកម្មភាព​រើស​អើ​ង​នេះ​ភ្លាម។ ព្រោះតែ​រឿង​ជនជាតិ​អ៊ុយ​ហ្គួ​រ ចំណង​ការទូត​រវាង​ចិន និង​តួ​ក​គី​ល្អក់​ករក​ជាខ្លាំង ប៉ុន្តែ​ចិន​ចាត់ទុក​ការ​រឹតត្បិត​សិទ្ធិសេរីភាព​ជនជាតិភាគតិច​ជា​វិធានការ​ការពារ​សន្តិសុខ។

 
លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ



ក្រសួងការបរទេស​ចិន​បាន ចេញ​សេចក្តី​ថ្លែង​ការ​ដោយ​ផ្តល់ដំណឹង​ឲ្យ​ប្រជាជន​ខ្លួន​ប្រុងប្រយ័ត្ន​និង​ចៀសវាង​ការធ្វើដំណើរ​ទៅកាន់​ប្រទេស​តួ​ក​គី ព្រោះ​ចលនា​បាតុកម្ម​ប្រឆាំង​ចិន​នៅ​តួ​ក​គី​ផុសផុល​កាន់តែខ្លាំង។ ចលនា​បាតុកម្ម​កើនឡើង​ខ្លាំង ក្រោយពេល​អាជ្ញាធរ​ចិន​ហាម​មិន​ឲ្យ​ប្រជាជន​អ៊ុយ​ហ្គួ​រ​គោរព​ប្រតិបត្តិ​តាម​ពី​ធី​សាសនា​របស់ខ្លួន​ដោយ​តមចំណី​ក្នុងអំឡុងពេល​បុណ្យ​រ៉ា​ម៉ា​ឌន។ ប្រជាជន​តួ​ក​គី​ជាច្រើន​រយ​នាក់​បាន​ប្រមូលផ្តុំ​គ្នា​អស់​ជាច្រើន​ថ្ងៃ​មកហើយ​ដើម្បី​បង្ហាញ​ការប្រឆាំង​គោលនយោបាយ​ចិន​ដែល​អនុវត្ត​នៅក្នុង​ខេត្ត​ស៊ីន​ជាំ​ង​ដោយ​រឹតត្បិត​សិទ្ធិសេរីភាព​សាសនា​របស់​ប្រជាជន​ភាគតិច​ឥស្លាម​អ៊ុយ​ហ្គួ​រ។

ពួកគេ​បានទាមទារ​ឲ្យ​ក្រុង​ប៉េកាំង​បញ្ឈប់​គោលនយោបាយ​រើសអើង​សាសនា និង​ប្រកាស​បើកទ្វារ​ចំហរ​ទទួលយក​ប្រជាជន​អ៊ុយ​ហ្គួ​រ​ទាំងឡាយណា​ដែល​ចង់​ចាក​ចេញពី​ខេត្ត​ស៊ីន​ជាំ​ង​ផងដែរ។ តាំងពី​យូរអង្វែង​មកហើយ ប្រជាជន​តួ​ក​គី​តែងតែ​ចាត់ទុក​ជនជាតិភាគតិច​អ៊ុយ​ហ្គួ​រ​ដែល​កំពុង​រស់នៅក្នុង​ទឹកដី​ចិន ជា​បងប្អូន​របស់ខ្លួន ដោយ​ហៅ​ប្រជាជន​ភាគតិច​អ៊ុយ​ហ្គួ​រថា​ជា​ប្រជាជន​តួ​គី​ស្ថាន​ខាងកើត។

 គេ​សង្កេតឃើញ​មាន​ប្រជាជន​តួ​ក​គី​ជាច្រើន​រយ​នាក់​ប្រមូល​ផ្តុំគ្នា​មុខ​ស្ថាន​កុងស៊ុល​ចិន​ប្រចាំ​តួ​ក​គី ដោយមាន​កាន់​បដា​ដែលមាន​ពាក្យរិះគន់​និង​ថ្កោលទោស​ក្រុង​ប៉េកាំង​ផង។ គេ​ភ័យខ្លាច​ថា ហិង្សា​ធំ​អាច​កើតមានឡើង ព្រោះ​បាតុករ​បាន​ដុត​ទង់​ជាតិចិន និង​កន្លងមក​ពួកគេ​បាន​ទៅ​វាយកម្ទេច​ភោជនីយដ្ឋាន​មួយ​របស់​ចិន​នៅ​ទីក្រុង អ៊ី​ស្តង់​ប៊ុល​ម្តង​រួចមកហើយ។

បាតុករ​ម្នាក់​ដែល​បាន​ចូលរួម​ក្នុង​ចលនា​បាតុកម្ម​ប្រឆាំង​អាជ្ញាធរ​ចិន ដែល​មិនបាន​បង្ហាញ​អត្តសញ្ញាណ បាន​អះអាងថា​អាង​ខ្លួន​ចូលរួម​បាតុកម្ម ព្រោះ​មិនអាច​ឈរ​មើល​រដ្ឋាភិបាល​កុម្មុយនីស្ត​ចិន​ធ្វើបាប​បងប្អូន​របស់ខ្លួន​ឡើយ។ បាតុករ​រូបនេះ​បាន​សង្កត់ធ្ងន់​ផងដែរ​ថា ប្រជាជន​អ៊ុយ​ហ្គួ​រ​នៅ​ស៊ីន​ជាំ​ង មិនបាន​ប្រព្រឹត្ត​ទោសកំហុស​អ្វី​ឡើយ ហើយ​គេ​បាន​ចោទសួរ​ដែរ​ថា វា​ជា​កំហុស​មែន​ទេ គ្រាន់តែ​ពួកគេ​កាន់សាសនា​ឥស្លាម​នោះ។  

ទំនាក់ទំនង​រវាង​ក្រុង​ប៉េកាំង និង​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​ល្អក់​ករក​ខ្លាំង ក៏​ព្រោះតែ​គោលនយោបាយ​រើសអើង​ប្រជាជន​ឥស្លាម​អ៊ុយ​ហ្គួ​រ​របស់​អាជ្ញាធរ​ចិន​នៅក្នុង​តំបន់​ស៊ីន​ជាំ​ង​កន្លងមក។ យ៉ាងណាមិញ ចិន​មិនបាន​បកស្រាយ​អ្វី​ច្រើន​ទេ បើទោះជា​មាន​ចលនា​បាតុកម្ម និង​ចលនា​ប្រឆាំង​ចិន​កើនឡើង​នៅ​តួ​ក​គី​ក៏ដោយ៕



© រក្សាសិទ្ធិដោយ thmeythmey.com