អន្តរជាតិ
ចិន៖ បុគ្គលិក​ធនាគារ​មួយ​ត្រូវសុំ​ការអនុញ្ញាត​សិន មុននឹង​សម្រេចចិត្ត​យក​កូន
08, Jul 2015 , 8:59 am        
រូបភាព
ដោយ: ធីតា
ធនាគារ​ចិន​មួយ​បាន​ផ្សព្វផ្សាយ​សារាចរ​នៅលើ​វ៉ិ​ប​សាយ​របស់ខ្លួន ដោយ​តម្រូវ​ឲ្យ​បុគ្គលិក​នារី​ទាំងអស់​សុំ​ការអនុញ្ញាត​ជាមុនសិន មុននឹង​គិតដល់​ការយក​កូន។ បើសិនជា​ខុស​នឹង​បទបញ្ជា​ពួកនាង​ត្រូវ​ប្រឈម​នឹង​ការផាកពិន័យ និង​គ្មាន​សិទ្ធិ​ឡើង​ឋានៈ​អ្វី​ទាំងអស់។



អ្វីៗស្ថិតនៅលើ​ថ្នាក់ដឹកនាំ​ជា​អ្នកសម្រេច​សូម្បីតែ​ពេលវេលា​នៃ​ការ​មានគភ៌​ក៏ដោយ។ សារាចរ​នេះ​ត្រូវបាន​គេ​បង្ហោះតៗគ្នា​នៅលើ​បណ្តាញ​សង្គម​ចិន​កាលពី​ថ្ងៃ​សុក្រ​កន្លងទៅនេះ« មានតែ​បុគ្គលិក​នារី​ដែល​បម្រើការ​ក្នុង​ធនាគារ​លើសពី​មួយឆ្នាំ​ប៉ុណ្ណោះ ទើប​មាន​សិទ្ធិ​ដាក់​ផែន​ការយក​កូន​បាន »។ អ្នក​ដែល​ហ៊ាន​បំពាន​សារាចរ​នេះ​នឹងត្រូវ​ផាកពិន័យ​ជា​ទឹកប្រាក់​ចំនួន​ប្រមាណ១៦០ ដុល្លារ​ហើយ​អាច​នឹង​លែង​បាន​ឡើង​ឋានៈ ព្រមទាំង​ពុំមាន​សិទ្ធិ​ទទួលបាន​ប្រាក់រង្វាន់​ដំណាច់ឆ្នាំ​ទេ។

ថ្នាក់ដឹកនាំ​ធនាគារ​ដែល​ត្រូវបាន​សារព័ត៌មាន​ចិន​Dahe Daily សាកសួរ បាន​បកស្រាយ​ថា ធនាគារ​របស់ខ្លួន​ទើបតែ​ទទួលយក​បុគ្គលិក​នារី​យ៉ាងច្រើន​ឲ្យ​ចូល​បម្រើការ ហើយ​បើសិនជា​ពួកនាង​សម្រេចចិត្ត​យក​កូន​ក្នុងពេល​តែមួយ ចង្វាក់​ផលិក​ម្ម​ក្នុង​ស្ថាប័ន​នេះ​ច្បាស់​ជា​ត្រូវ​ផ្អាក​ដំណើរការ។

ថ្នាក់ដឹកនាំ​បាន​បន្ថែម​ទៀតថា សារាចរ​នេះ​គ្រាន់តែ​ជា​សេចក្តីព្រាងច្បាប់​ប៉ុណ្ណោះ។ ធនាគារ​នឹងធ្វើ​ការកែសម្រួល​ឡើងវិញ ប្រសិនបើ​បុគ្គលិក​នារី​យល់ឃើញថា មាន​ចំណុច​ដែល​ត្រូវ​ពិភាក្សា។សារ​នេះ​ចាត់ទុកថា​ជាការ​បន្ថយ​ក្តីកង្វល់​របស់​បុគ្គលិក​នារី​ទាំងនោះ​ដែល​បច្ចុប្បន្ន​នៅតែ​ត្រូវ​ប្រឈមមុខ​នឹង​នយោបាយ « កូន​តែមួយ » ដែល​ពិតមែន​ថា​បាន​បន្ធូរបន្ថយ​ជាង​មុន ប៉ុន្តែ​ក៏​នៅតែ​ប្រើប្រាស់​ជាធរ​មាននៅ​ចិន ចាប់តាំងពី​ឆ្នាំ១៩៧៩មក៕


© រក្សាសិទ្ធិដោយ thmeythmey.com