អន្តរជាតិ
​​​ន​យោ​បាយ​ជាតិ​
មហា​យក្ស​ឥណ្ឌា​ចាប់​ពង្រីក​ឥទ្ធិពល​ខ្លួន​នៅ​អាស៊ី​កណ្តាល
08, Jul 2015 , 9:47 am        
រូបភាព
ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា លោក នា​រិ​ន្ទ្រា ម៉ូ​ឌី ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅក្នុង​បណ្តា​ប្រទេស ៥នៅ​អាស៊ី​កណ្តាល និង​បន្តទៅ​ប្រទេស​រុស្ស៊ី​ផង។ ឥណ្ឌា​កំពុងតែ​ព្យាយាម​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​រដ្ឋ​អាស៊ី​កណ្តាល ក្នុង​គោលបំណង​ពង្រីក​និង​ពង្រឹង    ឥទ្ធិពល​របស់ខ្លួន​ក្នុង​តំបន់។ បន្ទាប់ពី​ចាកចេញ​ពី អាស៊ី​កណ្តាល លោក​ម៉ូ​ឌី​នឹង​បន្តទៅ​ទស្សនកិច្ច​នៅ​រុស្ស៊ី​ដើម្បី​ចូលរួម​កិច្ច​សន្និសីទ​កំពូល​អង្គ​ការ​កិច្ចសហប្រតិបត្តិការ​សៀង​ហៃ។



លោក ជាវ សំណាង លម្អិត​ព័ត៌មាន​នេះ



ដំណើ​ទស្សនកិច្ច​នៅ​តំបន់​អាស៊ី​កណ្តាល​ជា​លើកដំបូង​របស់​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា នា​រិ​ន្ទ្រា ម៉ូ​ឌី បង្ហាញ​យ៉ាងច្បាស់​ថា ឥណ្ឌា​ក្នុងនាម​ជា​មហាអំណាច​មួយ​ដែល​នោះ​កំពុង​ប្រឹងប្រែង​លើកស្ទួយ និង​ព​ង្រឹ​ក​ឥទ្ធិពល​របស់ខ្លួន​នៅ​តំបន់​អាស៊ី​កណ្តាល។ ដំណើរ​ទស្សនកិច្ច​រយៈ​ពេល៨ថ្ងៃនេះ ធ្វើឡើង​ដើម្បី​ពង្រឹង​ចំណង​ពាណិជ្ជកម្ម និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន​ជាមួយ​បណ្តា​រដ្ឋ​អាស៊ី​កណ្តាល ជាពិសេស​វិស័យ​ថាមពល និង​សន្តិសុខ។

បើ​ផ្អែក​តាម​ទីតាំង​ភូមិសាស្ត្រ ឥណ្ឌា​ស្ថិតនៅ​ជិត តែ​ត្រូវ​កាត់ផ្តាច់​ពី​តំបន់​អាស៊ី​កណ្តាល​ដោយ​ទឹកដី​ប៉ា​គី​ស្ថាន និង​ចិន។ ហើយ​បើ​មើល​ឲ្យ​ល្អិតល្អន់​ទំនាក់ទំនង​ពាណិជ្ជកម្ម សេដ្ឋកិច្ច នយោបាយ និង​សន្តិសុខ រវាង​តំបន់​ទាំងពីរ​ស្ថិតនៅ​កម្រិត​ទាប​នៅឡើយ។ ផ្ទុយទៅវិញ អាស៊ី​កណ្តាល​បច្ចុប្បន្ន​បាន​ក្លាយជា​តំបន់​ប្រជែង​ឥទ្ធិពល​រវាង​ម​ហ​អំណាច​រុស្ស៊ី និង​ចិន​ឯណោះ​ទៅវិញ។  ជុំវិញ​ចំណង​ពាណិជ្ជកម្ម​ឥណ្ឌា​អាស៊ី​កណ្តាល ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ឥណ្ឌា​និង​រដ្ឋ​អាស៊ី​កណ្តាល​នៅត្រឹម ១ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ ខណៈពេលដែល​ទំហំ​ពាណិជ្ជកម្ម​រវាង​ចិន​និង​ប្រទេស​អាស៊ី​កណ្តាល​ធំ​ជាង​នេះ​រហូត ៥០ដង​ឯណោះ។ 

សូម​ទាញ​ការចាប់អារម្មណ៍​បន្តិច​ដែរ រដ្ឋាភិបាល​ក្រុង​ញូ​ឌែ​លី​កំពុង​ស្វះស្វែង​បង្កើត​ផ្លូវ​ដែល​ភ្ជាប់​ពី​ឥណ្ឌា​ទៅកាន់​រដ្ឋ​អាស៊ី​កណ្តាល ដោយ​ចេញពី កំពង់ផែ​អ៊ីរ៉ង់ Chhabar និង​សាងសង់​ច្រករបៀង​ខាងជើង-ត្បូង ដែល​ចេញពី​អា​ហ្វ​ហ្កា​នី​ស្ថាន​ភ្ជាប់​ទៅ​ប្រទេស​តួ​ក​ម៉េ​នី​ស្ថាន និង​ចុងក្រោយ​ភ្ជាប់​ទៅកាន់​អ៊ូ​ស​បេ​គី​ស្ថាន​ផង។ ប៉ុន្តែ គម្រោង​ឥណ្ឌា​សាងសង់​ផ្លូវ​សម្រាប់​ត​ភ្ជាប់​ទៅ​តំបន់​អាស៊ី​កណ្តាល​តាម​កំពង់ផែ​អ៊ីរ៉ង់​មាន​ភាពយឺតយ៉ាវ​ខ្លាំង ព្រោះតែ​បញ្ហានយោបាយ​ផ្ទៃក្នុង​អ៊ីរ៉ង់ និង​ទណ្ឌកម្ម​ប្រឆាំង​អ៊ីរ៉ង់​របស់​អង្គការសហប្រជាជាតិ។

ត្រលប់​មកវិញ ជុំវិញ​ដំណើរ​ទស្សនកិច្ច​នេះដែរ ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា ទៅ​ទស្សនកិច្ច​រដ្ឋ​ទាំង ៥ នៅ​អាស៊ី​កណ្តាល និង ទៅកាន់​ប្រទេស​រុស្ស៊ី​ផងដែរ។ យន្តហោះ​របស់​នាយ​រដ្ឋ​មន្ត្រី​ឥណ្ឌា​លោក ម៉ូ​ឌី បាន​ចុះចត​នៅ អ៊ូ​ស​បេ​គី​ស្ថាន​កាលពី​ម្សិលមិញ ហើយ​នៅ​ថ្ងៃ​អង្គារ​នេះ​ទើប​លោក​ចាកចេញ​ទៅកាន់​ប្រទេស​កា​ហ្សា​ក់​ស្ថាន។

បន្ទាប់មកទៀត​លោក នឹង​បន្តដំណើរ​ឆ្ពោះទៅកាន់​ទីក្រុង អ៊ូ​ហ្វា (Ufa)ប្រទេស​រុស្ស៊ី ដើម្បី​ចូលរួម​សន្និសីទ​កំពូល​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ថ្មី BRICS និង​ស​ន្និ​សី​កំពូល​នៃ​អង្គការ​កិច្ចសហប្រតិបត្តិការ​សៀង​ហៃ​ផង។ ក្រោយ​បញ្ចប់​សន្និសីទ​ទាំងពីរ​នេះ​នៅ​រុស្ស៊ី លោក ម៉ូ​ឌី នឹង​បន្ត​ទស្សនកិច្ច​នៅ​តួ​ក​ម៉េ​នី​ស្ថាន​នៅ​ថ្ងៃ ១០កក្កដា គៀ​ហ្ស៊ី​ស្ថាន​នៅ​ថ្ងៃ ១១ និង​ចុងក្រោយ​នៅ​តា​ហ្ស៊ី​គី​ស្ថាន​នៅ​ថ្ងៃ ១។ គេ​រំពឹងថា នាយករដ្ឋមន្ត្រី​ឥណ្ឌា នឹង​ជួបពិភាក្សា​លក្ខណៈ​ទ្វេភាគី​ជាមួយ​សម​ភាគី​លោក គឺ​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​លោក Nawaz Sharif  ដើម្បី​ពិភាក្សា​ពី​ទំនាក់ទំនង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​នាពេល​ប​ច្ចប្ប​ន្ន​ផង នៅក្រៅ​សន្និសីទ​កំពូល​ខាងលើ៕


© រក្សាសិទ្ធិដោយ thmeythmey.com