អន្តរជាតិ
មេដឹកនាំ​រដ្ឋ​មហាអំណាច​សេដ្ឋកិច្ច​ថ្មី BRICS ត្រៀម​បើក​ធនាគារ​ខ្លួន​ជា​ផ្លូវការ
08, Jul 2015 , 2:59 pm        
រូបភាព
កិច្ចប្រជុំ​កំពូល​លើក​ទី៧ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ថ្មី​ដែល​ហៅ​កាត់​ថា BRICS    ចាប់ផ្តើម​នៅ​ថ្ងៃ​ពុធ​នេះ ដោយមាន​វត្តមាន​ប្រមុខរដ្ឋ​និង​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ជា​សមាជិក​ចូលរួម។ ឆ្នាំនេះ រុស្ស៊ី​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​នេះ ហើយ​គេ​រំពឹងថា​មេដឹកនាំ​ទាំងអស់​នឹងមាន​លទ្ធភាព​អនុម័ត​ផែនការ​សេដ្ឋកិច្ច​ថ្មី ព្រមទាំង​ប្រកាស​បើក​ធនាគារ​អភិវឌ្ឍន៍​របស់ខ្លួន​ជា​ផ្លូវការ​ផងដែរ ដែល​ស្ថាប័នហិរញ្ញវត្ថុ​ថ្មី​នេះ​នឹង​ដើរតួរ​ជា​គូប្រជែង​ស្ថាប័នហិរញ្ញវត្ថុ​លោកខាងលិច។



លោក ជាវ សំណាង លម្អិត​ព័ត៌មាន​នេះ



ប្រមុខរដ្ឋ​និង​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ជាន់​ថ្មី ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​ក្រុម BRICS មាន​សមាជិក​ដូចជា​ប្រេ​ស៊ី​ល រុស្ស៊ី ឥណ្ឌា ចិន និង​អាហ្វ្រិក​ខាងត្បូង​កំពុងមាន​វត្តមាន​នៅក្នុង​តំបន់ Ufa ប្រទេស​រុស្ស៊ី។ មេដឹកនាំ​ប្រទេស​ទាំង ៥ ជួបគ្នា​នៅ​រុស្ស៊ី​នៅក្នុង​សន្និសីទ​កំពូល​ប្រចាំឆ្នាំ​លើក​ទី៧ ដោយ​ឆ្នាំនេះ រុស្ស៊ី​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ផង។

កិច្ចប្រជុំ​នេះ​ចាប់ផ្តើម​នៅ​ថ្ងៃ​ពុធ​នេះ ហើយនឹង​ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃ​ព្រហស្បតិ៍ ប៉ុន្តែ​កិច្ចការសំខាន់ៗជាច្រើន​ដែល​ត្រូវ​សម្រេច​អំឡុងពេល​ប្រជុំ​នេះ។ គេ​រំពឹងថា ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​ទាំង៥នឹង​អនុម័ត​ផែនការ​សេដ្ឋកិច្ច​ថ្មី​របស់ខ្លួន ព្រមទាំង​សម្រេច​បើក​ធនាគារ​អភិវឌ្ឍន៍​របស់ខ្លួន​ជា​ផ្លូវការ​ផងដែរ។  ធនាគារ​អភិវឌ្ឍន៍​ថ្មី​របស់​បណ្តា​រដ្ឋ BRICS នេះ​នឹង​ដើរតួនាទី​ជា​ដៃគូ​ប្រជែង​របស់​ស្ថាប័នហិរញ្ញវត្ថុ​លោកខាងលិច​ឯ​ទៀ ត​ដូចជា​ធនាគារពិភពលោក និង​មូលនិធិ​រូបី​យ​វត្ថុ​អន្តរជាតិ​ជាដើម។

ប៉ុន្តែ​គោលដៅ​ចម្បង​របស់​ធនាគារ BRICS  គឺ​ផ្តល់​កម្ចី​ដើម្បី​លើកកម្ពស់​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​នៅក្នុង​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​ជុំវិញ​ពិភពលោក ដែល​ជំរុញ​ឲ្យ​មានការ​ផ្សាភ្ជាប់​គ្នា​ទៅវិញទៅមក។ គេ​រំពឹងថា​ធនាគារ​នេះ​នឹងមាន​តួនាទី​ប្រសើរ​ជាង​ស្ថាប័នហិរញ្ញវត្ថុ​លោកខាងលិច ដែល​ស្ថាប័ន​ទាំងនោះ​ភាគច្រើន​ស្ថិតក្រោម​ឥទ្ធិ​លោកខាងលិច និង​មាន​ភាពលម្អៀង។ សូម​រំលឹក​បន្តិច​ថា កាលពីថ្មីៗកន្លងមកនេះ រុស្ស៊ី​ក៏បាន​ហារ​មាត់​អញ្ជើញ​ក្រិ​ក​ឲ្យ​ចូលរួម​ជា​សមាជិក​ធនាគារ​រប​ស់​ក្រុម​ខ្លួន​ដែរ ប៉ុន្តែ​សំណើរ​នេះ​កំពុងស្ថិត​នៅក្រោម​ការពិចារណា​របស់​រដ្ឋាភិបាល​ក្រុង​អាថែន​នៅឡើយ។

ក្រៅពី​កសាង​ផែនការ​សេដ្ឋកិច្ច និង​បង្កើត​ធនាគារ​រួមគ្នា ប្រទេស BRICS  ក៏បាន​ព្យាយាម​ជំរុញ​ឲ្យ​មានការ​លើកកម្ពស់​ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ​ធុរកិច្ច សង្គម និង​វប្បធម៌ រវាង​រដ្ឋ​និង​រដ្ឋ​ជា​សមាជិក​ផងដែរ។ ហើយ​ប្រទេស​ទាំងនេះ​ក៏មាន​គម្រោង​បង្កើត​ឲ្យ​មាន​កិច្ចសន្ទនា​កម្រិត​សភា​ផងដែរ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ។  ប្រទេស BRICS រំពឹងថា​ការបង្កើន​ការផ្សាភ្ជាប់​រវាង​រដ្ឋ​សមាជិក ជា​អ្វីដែល​ជំរុញ​ឲ្យ​ពួកគេ​អាច​សម្រេច​ជោគជ័យ​ក្នុងការ​ធ្វើការ និង​ដើរ​ផ្លូវ​រួមគ្នា​ទៅ​ថ្ងៃមុខ។

ដោយឡែក បើ​និយាយ​ពី​ទំហំ​ពាណិជ្ជកម្ម រួមគ្នា​របស់​ក្រុម​នេះ កើន​ដល់ ២៩១ពាន់​លាន​ដុល្លារ​អាមេរិក គិត​ត្រឹម​ឆ្នាំ ២០១៤កន្លងទៅ។ បើតាម រដ្ឋមន្ត្រី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​រុស្ស៊ី​លោក អា​ឡិច​សៃ អ៊ូ​លូ​កា​យី (Alexei Ulyukayey)  ការកើនឡើង​នៃ​ទំហំ​ពាណិជ្ជកម្ម​របស់​សមាជិក​នេះ​បង្ហាញ​យ៉ាងច្បាស់​ថា សមាជិក​ទាំង៥កំពុង​ដើរ​លើផ្លូវ​ត្រូវ ដើម្បី​ឈានទៅ​អភិវឌ្ឍ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច​ក្នុងពេល​រយៈពេល​ខ្លី។

សូមបញ្ជាក់ថា រុស្ស៊ី​កំពុង​ធ្វើជា​ប្រធាន​ក្រុម BRICS នៅក្នុង​ឆ្នាំនេះ  ហើយ​បន្ទាប់ពី​កិច្ចប្រជុំ​នេះ​បិទ​បញ្ចប់ទៅ ក្រុង​ម៉ូស្គូ​ក៏​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​រដ្ឋ​សមាជិក​អង្គការ​កិច្ចសហប្រតិបត្តិការ​សៀង​ហៃ​ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com