អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
វិបត្តិ​បំណុល​ក្រិ​ក៖ លោក​អូ​បា​ម៉ា​ស្នើ​អាល្លឺម៉ង់​និង​ក្រិ​ក​ឲ្យ​បង្កើត​កិច្ចព្រមព្រៀង​មុន​កំណត់
08, Jul 2015 , 3:39 pm        
រូបភាព

ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា (Barack Obama) បាន​ទូរ​សព្ទ​ទៅកាន់​លោកស្រី​អធិការបតី​អាល្លឺម៉ង់ អែន​ជេ​ឡា​មឺ​ហ្គែ​ល (Angela Merkel) និង​នាយករដ្ឋមន្ត្រី​ក្រិ​កលោក អា​ឡិច​ស៊ី​ស ត្ស៊ី​ប្រាស (Alexis Tsipras) ដើម្បី​ពិភាក្សា​រឿង​បំណុល​ក្រិ​ក។ លោក អូ​បា​ម៉ា បាន​បន្ត​សុំ​ឲ្យ​ភាគី​ជាពិសេស​មេដឹកនាំ​ទាំង​ប្រឹងប្រែង​យ៉ាងណា​បង្កើត​កិច្ចព្រមព្រៀង​មួយ ដើម្បី​ការពារ​ក្រិ​ក​មិន​ឲ្យ​ចេញពី​តំបន់​ចាយលុយ​អឺរ៉ូ។


លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ



រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បន្ត​តាមដាន​បញ្ហា​បំណុល​ក្រិ​ក​យ៉ាង​យកចិត្តទុកដាក់​ជាទីបំផុត ជាពិសេស​ក្រោយ​ប្រជាមតិ​កាលពី​ថ្ងៃអាទិត្យ។ មុន​ប្រជាមតិ លោក អូ​បា​ម៉ា ធ្លាប់​ពិភាក្សា​ជាមួយ​អធិការបតី​អាល្លឺម៉ង់​ម្តង​ហើយ ដើម្បី​រក​វិធីសាស្ត្រ​ស​ង្គោះ​ក្រិ​ក។

ស្រាប់តែ​ព្រឹក​ថ្ងៃ​អង្គារ​ម្សិលមិញ លោក អូ​បា​ម៉ា បាន​ទូរ​សព្ទ​ទៅកាន់​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ និង​ក្រិ​ក​ម្តងទៀត​ដើម្បី​ជជែក​រឿង​វិបត្តិ​បំណុល​ក្រិ​ក​សារជាថ្មី។ ក្នុង​កិច្ចសន្ទនា​ម្សិលមិញ លោក អូ​បា​ម៉ា បាន​បន្ត​ស្នើសុំ​ឲ្យ​មេដឹកនាំ​ប្រទេស​ទាំងពីរ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​ឈានទៅ​សម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​រួមគ្នា​មួយ​ឲ្យ​បាន​ឆាប់ ។ លោកស្រី មឺ​ហ្កែ​ល​និង​លោក អូ​បា​ម៉ា យល់ស្រប​ថា កិច្ចព្រមព្រៀង​ល្អ​មួយ​នឹងត្រូវ​សម្រេច​ឲ្យ​បាន ដើម្បី​ការពារ​ប្រយោជន៍​ទាំងអស់គ្នា និង​ដើម្បី​ជួយ​ក្រិ​ក​ឲ្យ​ផុតពី​វិបត្តិ។

ក្រោយ​ប្រជាមតិ ដែល​ប្រជាជន​ក្រិ​ក​បោះឆ្នោត​ថា ទេ ទាត់ចោល​សំណើរ​ម្ចាស់បំណុល មេដឹកនាំ​អឺរ៉ុប​បាន​ស្ទុះស្ទារ​កោះប្រជុំ​បន្ទាន់​នៅ​ក្រុង​ប្រ៊ុ​យ​សែ​ល​ដើម្បី​ជជែក​គ្នា រក​ដំណោះស្រាយ​ថ្មី។ ក្រោយ​កិច្ចប្រជុំ អឺរ៉ុប​បាន​បន្ទន់ឥរិយាបទ​ជាង​មុន ដោយ​អះអាងថា ខ្លួន​គោរព​ការសម្រេចចិត្ត​របស់​ប្រជាជាតិ​ក្រិ​ក ហើយ​ពួកគេ​នៅ​បន្ត​បើកទ្វារ​ទទួល​ក្រិ​ក បើសិន​ក្រិ​ក​ចាប់អារម្មណ៍​ចង់​បន្ត​ចរចា​កិច្ចព្រមព្រៀង​កម្មវិធី​ដោះបំណុល​ទៀត។ យ៉ាងណាក៏ដោយ ម្សិលមិញ​ក្នុង​កិច្ចប្រជុំ​បន្ទាន់​នៅ​ប្រ៊ុ​យ​សែ​ល លោក ត្ស៊ី​ប្រាស មិនអាច​បញ្ចេញ​ផែនការ​កែទម្រង់​លម្អិត​មួយ ឲ្យ​បណ្តា​មេដឹកនាំ​អឺរ៉ុប​ឃើញ។

ប៉ុន្តែ​ចុងក្រោយ​ពួកគេ​សម្រេច​ផ្តល់ឱកាស​ឲ្យ​ក្រិ​ក​ជាថ្មី ដោយ​ក្រិ​ក​ត្រូវបង្កើត​ផែនការ​កែទម្រង់​ឲ្យ​អឺរ៉ុប​ត្រួត​ពិនិត្យមើល​ឲ្យ​បាន​មុន​ថ្ងៃ​ព្រហស្បតិ៍​សិន ទើប​អាចឈាន​បន្ត​ចរចា​លើ​ផែនការ និង​ចុងក្រោយ​សម្រេច​ផ្តល់​លុយ​ឲ្យ​ក្រិ​កទៀត​ឬក៏​អត់។

នាយករដ្ឋមន្ត្រី​ក្រិ​ក​ឯណោះ​វិញ​បាន​អះអាងថា លោក​ត្រៀមខ្លួន​រួចហើយ​ក្នុងនាម​ជា​អ្នកតំណាង​ប្រជាជន​ក្រិ​ក​ដើម្បី​ចរចា​និង​បង្កើត​កិច្ចព្រមព្រៀង​មួយ​បញ្ចប់​វិបត្តិ។ លោក​កំពុង​ប្រឹងប្រែង​ចងក្រង​ផែនការ​កែទម្រង់សេដ្ឋកិច្ច​ក្រិ​ក តប​តាម​ការចង់បាន​របស់​ម្ចាស់បំណុល ប៉ុន្តែ​រឿង​គោលនយោបាយ​ត្បិតត្បៀត​របស់​អឺរ៉ុប​នៅតែ​ជាស​ត្រូវ​របស់​ក្រិ​ក​ដដែល។

លោក ត្ស៊ី​ប្រាស​នឹងត្រូវ​ឡើង​បកស្រាយ​បញ្ហា​របស់ខ្លួន​នៅ​សភា​អឺរ៉ុប​ក្នុង​ទីក្រុង​ស្ត្រា​ស្បួ​រ (Strasbourg ) នៅ​ថ្ងៃ​ពុធ​នេះ​ផង ហើយ​លោក​ក៏​អាច​បង្ហាញ​ពី​ផែនការ​កែទម្រង់ខ្លះៗដល់​បណ្តា​មេដឹកនាំ​អឺរ៉ុប​មុន​ថ្ងៃ​បញ្ជូន​ផែនការ​លម្អិត​ទៅ​មេដឹកនាំ​អឺរ៉ុប​ថ្ងៃស្អែក។

សូមបញ្ជាក់ថា ក្រិ​ក ប្រកាសថា​ខ្លួន​គ្មាន​លទ្ធភាព​សងបំណុល មូលនិធិ​រូបី​យ​វត្ថុ​អន្តរជាតិ​កាលពី​ថ្ងៃ ១កក្កដា ក្រោយ​ចរចា​មិន​ត្រូវរ៉ូវ​គ្នា​ជាមួយ​មេដឹកនាំ​អឺរ៉ុប។ ក្រៅពីនេះ​ក្រិ​ក​នឹងត្រូវ​សងបំណុល​ទៅ​ធនាគារកណ្តាល​អឺរ៉ុប​ចំនួន ៣.៨ពាន់​លាន​ដុល្លារ​នៅ​ថ្ងៃ ២០កក្កដា​ខាងមុខនេះ ប៉ុន្តែ​បើ​មិនមាន​កិច្ចព្រមព្រៀង មិនមាន​ជំនួយ​សង្គ្រោះ ក្រិ​ក​ត្រូវ​ប្រកាស​ក្ស័យធន មិន​សងបំណុល​ជាថ្មី ហើយ​អាច​ដើរ​ចេញពី​តំបន់​ចាយលុយ​អឺរ៉ូ​ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com