អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ហ្វីលីពីន​ចំណាយពេល​ឥតប្រយោជន៍​ដោះស្រាយ​ជម្លោះ​សមុទ្រ​ចិន​នៅ​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ
08, Jul 2015 , 5:03 pm        
រូបភាព
ដោយ:
 ទោះបី​ចិន​ចង់​ឬ​មិន​ចង់​ហ្វីលីពីន​នៅ​ស្នើ​ឲ្យ​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​បើក​នីតិវិធី​ជំនុំជម្រះ​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ដោយ​គ្មាន​ភាគី​ចិន។ជុំវិញ​បញ្ហា​នេះ​គេ​រំពឹងទុក​ជាមុន​ថា​ហ្វីលីពីន​អាច​ចំណាយពេល​អត់​ប្រយោជន៍​ព្រោះ​ច​រិ​ក​លក្ខណៈ​របស់​ម​ជ្ឈ​ត្ត​វិនិឆ្ឆ័យ​របស់​តុលាការ​និង​អវត្តមាន​ភាគី​ចិន​ផងដែរ​នោះ។



ម្សិលមិញ​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​អង្គការសហប្រជាជាតិ​បាន​ចាប់ដំណើរការ​សវនាកា​រលើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង តប​តាម​បណ្តឹង​របស់​ហ្វីលីពីន​ទោះជា​មិនមាន​វត្តមាន​ចិន​ចូលរួម​ក៏ដោយ។សវន​ការ​នេះ​នឹង​កំណត់​យុត្តាធិការ​របស់​តុលាការ​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​និង​ឈានទៅដល់​ការសម្រេច​លើ​សកម្មភាព​បំពាន​របស់​ចិន​នៅ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង។
ហ្វីលីពីន​ដែលជា​ដើមបណ្តឹង​បាន​អះអាង​ខ្លួន​ថា​រដ្ឋាភិបាល​មាន​លក្ខណៈ​គ្រប់គ្រាន់​ក្នុងការ​បង្ហាញ​លិខិត​តូ​បក​រណ៍​និង​ភស្តុតាង​ទាំងឡាយ​ដើម្បី​ចោទប្រកាន់​និង​ដាក់បន្ទុក​ទៅលើ​ភាគី​ចិន​លើ​ការបំពាន​ដែន​អធិបតេយ្យ​របស់ខ្លួន។ហ្វីលីពីន​ក៏បាន​បញ្ជាក់ថា​ខ្លួន​នឹង​អាចមាន​លទ្ធភាព​ឈ្នះក្តី​បញ្ហា​អធិបតេយ្យ​នេះ​ផងដែរ។

ដោយឡែក​សម្រាប់​ភាគី​ចិន​ដែលជា​តួអង្គ​ដ៏​សំខាន់​ក្នុង​រឿង​ជម្លោះ​សមុទ្រ​ខាងត្បូង​ហើយ​កំពុង​រង​ការចោទប្រកាន់​ពី​ហ្វីលីពីន​ហាក់ដូចជា​មិនសូវ​ខ្វល់ខ្វាយ​ចំពោះ​ការដោះស្រាយ​ជម្លោះ​តាមច្បាប់​អន្តរជាតិ​នោះទេ។ក្នុងនោះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏បាន​ប្រកាស​ជា​ផ្លូវការ​ថា​ខ្លួន​នឹងមិន​ចូលរួម​ក្នុង​នីតិ​ជំនុំជម្រះ​របស់​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​នោះទេ។

គួរបញ្ជាក់​ផងដែរ​ថា​ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការ​អចិន្ត្រៃយ៍​គឺជា​នីតិវិធី​មួយ​នៃ​ការជំនុំជម្រះ​ក្តី​ដែល​ធ្វើឡើង​ក្រោម​ការព្រមព្រៀង​ពី​សំណាក់​គូភាគី។បន្ថែម​ពីនេះ​ដើម្បី​ដំណើរការ​នីតិវិធី​គូភាគី​មាន​សិទ្ធិ​ក្នុងការ​ជ្រើសរើស​ម​ជ្ឈ​ត្ត​កររៀងៗខ្លួន​ឬ​ម​ជ្ឈ​ត្ត​ការ​ជា​អ្នករៀបចំ។ក្នុងករណី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គេ​ឃើញ​មានតែ​ភាគី​ហ្វីលីពីន​តែមួយគត់​ដែលមាន​វត្តមាន។នេះ​អាច​ឲ្យ​គេ​សន្និដ្ឋានបាន​មុន​ថា​ម​ជ្ឈ​ត្ត​វិនិច្ឆ័យ​របស់​តុលាការ​នេះ​នឹង​គ្មាន​ន័យ​អ្វី​ឡើយ។ ហើយ​ប្រសិនបើ​តុលាការ​សម្រេច​ថា​មាន​យុត្តាធិការ​លើ​សំណុំ​រឿងនេះ​និង​រកឃើញថា​ចិន​បាន​បំពាន​មែន​នោះ​ក៏​គ្មាន​កម្លាំង​ចាប់បង្ខំ​ភាគី​ចិន​ដែរ។

សូម​រំលឹកថា​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​មិនមែនជា​បញ្ហា​របស់​ហ្វីលីពីន​និង​ចិន​ប៉ុណ្ណោះ​ទេវា​ក៍មាន​ជាប់​ពាក់​ព​ន្ធ័​ជាមួយនឹង​រដ្ឋ​អាស៊ាន​ផ្សេងទៀត​រួមមាន​ប្រ៊ុយណេ​ម៉ាឡេស៊ី​និង​វៀតណាម​ផងដែរ។ហើយ​ឬ​សគល់​ដែល​ធ្វើ​ឲ្យ​បញ្ហា​មិនអាច​ដោះស្រាយ​ដាច់ស្រេច​នោះ​ព្រោះតែ​រដ្ឋ​ជាប់​ពាក់​ព​ន្ធ័នីមួយៗសុទ្ធតែ​ប្រើប្រាស់​ភស្តុតាងផ្សេងៗគ្នា​ដើម្បី​ទាមទារ។មួយវិញទៀត​មូលហេតុ​ដែល​រុញច្រាន​ហ្វីលីពីន​ឈានទៅដល់​ការដោះស្រាយ​នៅ​តុលាការអន្តរជាតិ​មួយ​នេះនោះ​ក៏​ព្រោះតែ​ស្ថាប័ន​ក្នុង​តំបន់​អាស៊ាន​មិនអាច​ជួយ​អ្វី​បាន​ក្នុងការ​ឆ្លើយតប​ទៅនឹង​សកម្មភាព​បំពាន​របស់​ចិន៕


© រក្សាសិទ្ធិដោយ thmeythmey.com