អន្តរជាតិ
រដ្ឋបាល​អូ​បា​ម៉ា​ត្រៀម​យក​វៀតណាម​ជា​ដៃគូ​យុទ្ធសាស្ត្រ​ទុក​ទប់ទល់​មហា​យក្ស​ចិន
08, Jul 2015 , 8:19 pm        
រូបភាព
ប្រធាន​ធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានទទួល​ជួប​ប្រធាន​បក្ស​កុម្មុយនីស្ត​វៀតណាម Nguyen Phu Trong ដែល​មិនមាន​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល​ឬ​ជា​ប្រមុខរដ្ឋ ឬ​រដ្ឋាភិបាល​នៅ​សេត​វិមាន​ក្រុង​វ៉ាស៊ីនតោន។ លោក អូ​បា​ម៉ា មានបំណង​ប្រែ​សត្រូវ​ចាស់​វៀតណាម ឲ្យ​ទៅជា​មិត្ត​កម្រិត​ខ្ពស់​ស្ថិតក្នុង​លំដាប់​ដៃគូ​យុទ្ធសាស្ត្រ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​ទុក​គ្រាន់​ជា​ដៃជើង​ខ្លួន​គ្រាន់​បន្ថយឥទ្ធិពល​ចិន​និង​ចង់​ទាញ​វៀតណាម​ចូល​គម្រោង​សេដ្ឋកិច្ច​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​ផង។ លោក  អូ​បា​ម៉ា ក៏បាន​ប្រាប់​ភាគី​វៀតណាម ថា​លោក​នឹង​ទៅ​ទស្សនកិច្ច​នៅ​វៀតណាម​ខាងមុខ។  វៀតណាម​ចង់​ពង្រឹង​អំណាច​យោធា ដោយ​ស្នើ​អាមេរិក​ឲ្យ​ដក​ការហាមឃាត់​ការលក់​អាវុធ​យុទ្ធ​ភ័​ណ្ឌ​ដែល​អាមេរិក​ដាក់​តាំងពី​ឆ្នាំ៧៥មកម្ល៉េះ​ផង ។ ប៉ុន្តែ​ការរំលោភ​សិទ្ធិមនុស្ស​ក្រោម​របប​ដឹកនាំ​បក្ស​តែមួយ នៅតែ​ជា​បញ្ហា​ចោទ​រារាំង​អាមេរិក​មិន​ឲ្យ​ដក​ការហាមឃាត់​នេះ។ ហើយ​ការអញ្ជើញ​មេបក្ស​កុម្មុយនីស្ត​មក​អាមេរិក​បានធ្វើ​ឲ្យ​កើតមាន​ការរិះគន់ខ្លាំងៗពី​សំណាក់​សមាជិកសភា​អាមេរិក​និង​សកម្មជន​សិទ្ធិមនុស្ស​ផងដែរ។


 
សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ ៖



គ្មាន​អ្នកណាម្នាក់​ធ្លាប់​រំពឹងថា សត្រូវ​ដែល​បាន​ប្រយុទ្ធ​បង្ហូរឈាម​គ្នា​រាប់​ឆ្នាំ វៀតណាម និង​អាមេរិក អាច​លុប​ស្នាម​អតីតកាល​ដ៏​ជូ​ចត់ ត្រលប់មក​បង្កើត​មិត្តភាព​ជាមួយគ្នា​យ៉ាង​ស្អិតល្មួត​ដូច្នេះ​បានឡើយ។ តែបើ​ថា ប្រជាជន​វៀតណាម​ឆាប់​ភ្លេច​អតីត​កាលនោះ ដូចជា​មិនសូវ​សម ព្រោះ​វៀតណាម​រងទុក្ខវេទនា ហើយក៏​ចំណាយ​ជីវិត​មនុស្ស​រាប់លាន​ដែរ​ដើម្បី​ធ្វើសង្គ្រាម​បណ្តេញ​ទ័ព​ចក្រពត្តិ​អាមេរិក​ចេញពី​ស្រុក​ដែរ។ អាច​និយាយថា ការផ្លាស់ប្តូរ​បរិបទ​នយោបាយ​អន្តរជាតិ​ឯណោះ​ទេ​ដែល បង្ខំ​ឲ្យ​វៀតណាម​បំភ្លេច​រឿង​ចាស់ ដោយ​ទុក​កំហឹង​មួយ​ឡែក ចាប់ដៃ​សត្រូវ​ខ្លួន​ដើម្បី​ទប់ទល់​សត្រូវ​ឯទៀត ទាន់​ឱកាស​ហុច​ឲ្យ។ បច្ចុប្បន្ន​ទំនាក់ទំនង​ទ្វេភាគី​រវាង​វៀតណាម និង​អាមេរិក បាន​ឈានដល់​កម្រិត​មួយ​ខ្ពស់​មែនទែន​ហើយ ហើយ​អ្វីដែល​មិនអាច​ប្រកែក​បាន​គឺ បម្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​ទាំងពីរ​កន្លងមក។ រហូតដល់ ម្សិលមិញ​នេះ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានទទួល​ជួប​ជាមួយ​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម​នៅ​សេត​វិមាន​ថែមទៀត។ លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក៏​ប្រកាស​ជា​ផ្លូវការ​ផង​ថា លោក​នឹង​មក​ទស្សនកិច្ច​នៅ​វៀតណាមឆាប់ៗខាងមុខនេះ។ វា​អាច​កើតឡើង​ស្រប​ពេលដែល​លោក​អញ្ជើញ​មក​ម៉ាឡេស៊ី​ដើ​ម្ពី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​ខែវិច្ឆិកា​ខាងមុខ។

១. អាមេរិក ទុក​បញ្ហា​សិទ្ធិមនុស្ស​វៀតណាម​មួយ​ឡែក​សិន ដើម្បី​ចែរ​ចូ​វ​វៀតណាម
តាមពិតទៅ វត្តមាន​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម Nguyen Phu Trong នៅលើ​ដែនដី​ប្រជាធិបតេយ្យ​អាមេរិក មិនមែនជា​រឿង​សាមញ្ញ​ប៉ុន្មាន​ទេ។ វា​បញ្ជាក់ថា អាមេរិក​ក្រោម​ការដឹកនាំ​របស់លោក បា​រ៉ា​ក់​អូ​បា​ម៉ា កំពុង​ព្យាយាម​ជំរុញ​ចំណង​ការទូត​រដ្ឋ​ទាំងពីរ​ឲ្យ​កាន់តែ​ជិតស្និទ្ធ និង​ល្អប្រសើរ​ខ្លាំង មុន​លោក​ចាក​ចេញពី​តំណែង​ចុងឆ្នាំ​ក្រោយ។  ថ្វីបើ​បញ្ហា​សិទ្ធិមនុស្ស​នៅ​វៀតណាម​ជា​កង្វល់​សម្រាប់​សហគម​ន៍​អន្តរជាតិ​ក៏ដោយចុះ លោក អូ​បា​ម៉ា ចាត់ទុក​ការបង្កើន​ទំនាក់ទំនង​ជាមួយ​វៀតណាម​សំខាន់​ជាង។ ក្នុង​កិច្ចពិភាក្សា លោក អូ​បា​ម៉ា ក៏បាន​ឆ្លៀត​លើ​រឿង​សើ​ប​សិទ្ធិមនុស្ស​នៅ​វៀតណាម​ដែរ តែ​លោក​ព្យាយាម​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​មេដឹកនាំ​វៀតណាម​ឡើយ។ ការអញ្ជើញ​មេបក្ស​កុម្មុយនីស្ត​វៀតណាម​មក​អាមេរិក វា​ជា​រឿង​មិន​សមរម្យ​រួចទៅហើយ ព្រោះ​វា​បង្ហាញថា អាមេរិក​មិនបាន​គិតគូរ​ការរំលោភ​បំពាន​សិទ្ធិមនុស្ស​នៅ​វៀតណាម​ប៉ុន្មាន​ទេ។ សកម្មជន​សិទ្ធិមនុស្ស​បាន​តិះ​តៀន​ក្រុង​វ៉ាស៊ីនតោន ហើយ​ចលនា​បាតុកម្ម​ក៏ត្រូវ​គេ​រៀបចំឡើង​ផងដែរ ដើម្បី​ប្រឆាំង​ដំណើរ​ទស្សនកិច្ច​របស់​មេបក្ស​ក​ម្មុយ​នី​ស្ត​វៀតណាម ដោយ​ពួកគេ​ទាមទារ​ឲ្យ​វៀតណាម​គោរព​សេរីភាព​បញ្ចេញមតិ និង​ដោះលែង​អ្នកទោសនយោបាយ​និង​សកម្មជន​សិទ្ធិមនុស្ស។ ចំណែក​សមាជិកសភា​ទាំងពីរ​បក្ស ក៏​ឡាំប៉ា​រឿង​លោក អូ​បា​ម៉ា អញ្ជើញ​និង​ធ្វើ​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ​ចំពោះ​ទស្សនកិច្ច​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម​ដែរ ព្រោះថា​វា​ជា​រូបភាព​អាក្រក់​មួយ។  ទោះជា​មានការ​តិះ​តៀន បញ្ចើចបញ្ចើរ​ក្តី លោក អូ​បា​ម៉ា មាន​គោលជំហរ​ផ្ទាល់ខ្លួន​ដោយ​លោក ចង់​ប្រើ​នយោបាយ​ផ្សាភ្ជាប់​ទំនាក់ទំនង​ឲ្យ​ជិតស្និទ្ធ​លើ​វិស័យសេដ្ឋកិច្ច​និង​ការទូត​ជាមួយ​រដ្ឋ​កុម្មុយនីស្ត ដើម្បី​ឈានទៅ​ជំរុញ​ការផ្លាស់ប្តូរ​នៅក្នុង​ប្រទេស។ លោក អូ​បា​ម៉ា ចង់​ទាញ​វៀតណាម​ចូលក្នុង​គម្រោង​សេដ្ឋកិច្ច​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​របស់ខ្លួន​ដែរ ដែល​សមាជិកភាព​វៀតណាម​ជំរុញ​ការកែទម្រង់​ផ្ទៃក្នុង។

២.អាមេរិក​និង​វៀតណាម​ត្រៀមខ្លួន​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ
ដោយឡែក ក្រុង​ហាណូយ និង​ក្រុង​វ៉ាស៊ីនតោន​កំពុង​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​ដើម្បី​តំឡើង​កម្រិត​ចំណង​ការទូត​ដល់​ថ្នាក់ខ្ពស់ ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយគ្នា។ សម្រាប់​អាមេរិក ការយក​វៀតណាម​មក​ធ្វើជា​ដៃគូ​យុទ្ធសាស្ត្រ​មាន​សារសំខាន់​សម្រាប់​អនុវត្ត​គោលនយោបាយ​ត្រលប់មក​អាស៊ី​វិញ និង​ទប់ទល់​ការកើនឡើង​ឥទ្ធិពល​របស់​មហា​យក្ស​ចិន​ក្នុង​តំបន់​ផង។ វៀតណាម​មាន​លក្ខណៈពិសេស​ច្រើន​ទាំង​ភូមិសាស្ត្រ​នយោបាយ និង​សក្តានុពល​សេដ្ឋកិច្ច ដែល​ធ្វ​ឲ្យ​អាមេរិក​ត្រូវចិត្ត។ នៅពេល​ខាងមុខ​វៀតណាម រួមជាមួយ​សម្ព័ន្ធមិត្ត​អាមេរិក​ឯទៀត​ដូចជា​ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង​ជាដើម​អាច​ពួតដៃគ្នា​រក្សា​តុល្យភាព​អំណាច​នៅ​អាស៊ី​មិន​ឲ្យ​ចិន​គ្រប់គ្រង​ផ្តាច់មុខ​បានឡើយ។

វៀតណាម​ឯណោះ​វិញ ក៏មាន​មហិច្ឆតា​យក​អាមេរិក​ជា​ខ្នងបង្អែក​ស្រាប់ សម្រាប់​ទប់​ចិន​រឿង​ជម្លោះដែនសមុទ្រ​ចិន​ខាងត្បូង។  អាមេរិក​អាចមាន​អំណាច​ខ្លាំង អាច​ការពារ​វៀតណាម​មិន​ឲ្យ​ចិន​ធ្វើ​អ្វី​តាមចិត្ត។ ក្នុង​ក្រសែរ​ភ្នែក​អ្នកវិភាគ ពេលនេះ​ឱកាស​មួយ​ដ៏​ល្អ​របស់​វៀតណាម​ដែល​ត្រូវ​ចាប់ដៃ​អាមេរិក។ ទោះ​ឆ្នាំ ២០១៦ ជា​ពេលដែល​មានការ​ផ្លាស់ប្តូរ​មេដឹកនាំ​អាមេរិក​ក៏ដោយចុះ វា​នឹងមិន​ប៉ះពាល់​ការកសាង​ទំនាក់ទំនង​នេះ​ទេ។  សមាជិក​បក្ស​ណា​ជាប់ឆ្នោត​ក៏ដោយ វៀតណាម​នៅ​ស្ថិតក្រោម​ក្រសែរ​ភ្នែក​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​ដដែល។ ប៉ុន្តែ ករណី​អតីតរដ្ឋមន្ត្រី​ការបរទេស​និង​បេក្ខជន​ប្រធាន​ធិបតី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​ជាប់ឆ្នោត​បន្ត​ពី​លោក អូ​បា​ម៉ា កសាក​សាង​សម្ព័ន្ធ​ភា​អាច​រហ័ស​និង​កាន់តែ​ជិតស្និទ្ធ​ខ្លាំង។

៣.ល្មម​ដល់ពេល​អាមេរិក​ដក​ការហាមឃាត់​ការលក់​អាវុធ​ដល់​វៀតណាម
ក្រៅពី​មាន​ចំណង​សេដ្ឋកិច្ច​រឹងមាំ កិច្ចសហប្រតិបត្តិការ​យោធា​វៀតណាម​អាមេរិក ក៏​កាន់តែរ​លូតលាស់​ល្អ​ដែរ។ វា​អាច​ដល់​ពេលដែល​អាមេរិក ត្រូវ​ដក​ការហាមឃាត់​ការលក់​សព្វាវុធ​ទៅ​វៀតណាម​ដែល​ខ្លួន​ដាក់​ក្រោយ​ឆ្នាំ៧៥ហើយ ព្រោះ​ជួយ​ឲ្យ​វៀតណាម​អាច​បង្កើន​ឥទ្ធិពល​យោធា​របស់ខ្លួន​ឲ្យ​កាន់តែខ្លាំង ស្របពេល​ដែល​ចិន​កាន់តែ​កាច​សាហាវ​ខ្លាំង​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង។ ប្រមុខ​បក្ស​កុម្មុយនីស្ត​វៀត​ណា​និង​ជា​មនុ​ស្សមាន​ឥទ្ធិពល​បំផុត​ក្នុងការ​សម្រេចចិត្ត​ផ្នែក​នយោបាយ​នេះ ប្រាកដ​ណាស់​ថា​នឹង​សុំ​ឲ្យ​ភាគី​អាមេរិក​ដក​ការហាមឃាត់​ការលក់​អាវុធ​ឲ្យ​វៀតណាម​ទាំងអស់។ ការហាមឃាត់​ការលក់​អាវុធ​ក្រុង​វ៉ាស៊ីនតោន​ឲ្យ​វៀតណាម​ត្រូវគេ​ដកចេញ​ដោយ​ផ្នែក​កាលពី​ខែតុលា​ឆ្នាំមុន។ ក្រុង​វ៉ាស៊ីនតោន​ធ្លាប់​ប្រកាស​ថាបើ​ស្ថានភាព​សិទ្ធិមនុស្ស​វៀតណាម​ប្រសើរ​ជាង​មុន ខ្លួន​នឹង​ពិចារណា​ដក​ការហាមឃាត់​នេ​ឲ្យ​អស់។ ជុំវិញ​ការដាក​ការហាមឃាត់​នេះ សមាជិក​ព្រឹទ្ធសភា​អាមេរិក​ជើងចាស់ John McCain ក៏​ស្នើ​ឲ្យ​សហរដ្ឋអាមេរិក​ដកចេញ​ឲ្យ​អស់​ការហាមឃាត់​ដែល​នៅ​សេសសល់ ដើម្បី​ជួយ​វៀតណាម​បង្កើន​សន្តិសុខ​ដែនទឹក​របស់ខ្លួន​បាន​កាន់តែខ្លាំង។

កន្លងមក ព្រឹទ្ធសមាជិក​ក៏​ស្នើ​ឲ្យ​លោក អូ​បា​ម៉ា ពិចារណា​បញ្ជូន​អាវុធ​សម្រាប់​ការពារ​ដែនសមុទ្រ​ទៅ​វៀតណាម ដើម្បី​ជួយ​ឲ្យ​វៀតណាម​រឹង​ដៃ​រឹង​ជើង​ល្មម​ទប់ទល់​ក្រុង​ប៉េកាំង៕ 


© រក្សាសិទ្ធិដោយ thmeythmey.com