សង្គមអន្តរជាតិ​
អន្តរជាតិ
ទូរទស្សន៍​រដ្ឋ​កូរ៉េខាងជើង​ចុះផ្សាយ​រូបភាព​ឆ្កែ​ដើម្បី​រិះគន់​សង្គម​អាមេរិក
09, Jul 2015 , 9:38 am        
រូបភាព
ដោយ: ថ្មីៗ
ថ្មីៗនេះ ទូរទស្សន៍​រដ្ឋ​កូរ៉េខាងជើង​បាន​ចុះផ្សាយ​នូវ​រូបភាព Riley ជា​ឆ្កែ​មួយ​ក្បាល​ដែល​គេ​ចាប់អារម្មណ៍​ក្នុង​បណ្តាញ​សង្គម កាលពី​ឆ្នាំ២០១០ ដើម្បី​បរិហារ​សង្គម​អាមេរិក​ដែល​ចំណាយលុយ​រាប់រយ​ពាន់​ដុល្លារ​សម្រាប់​ឆ្កែ ខណៈ​ប្រជាជន​ក្រីក្រ​គ្មាន​ផ្ទះសម្បែង​បាននាំគ្នា​ទៅ​ដេក​ស្នាក់​នៅក្នុង​ហិប​ធ្វើ​ពី​ក្រដាសកាតុង។



ទូរទស្សន៍​កូរ៉េខាងជើង​បាន​ចុះផ្សាយ​រូបភាព​ឆ្កែ Riley ដ៏​ល្បីល្បាញ​ក្នុង​បណ្តាញ​សង្គម​កាលពី​ឆ្នាំ២០១០ អង្គុយ​នៅ​តុ នៅ​ពីមុខ​នំ​ខួបកំណើត បង្ហាញ​មុខមក​អ្នក​ថតរូប។ ក្រុង​ព្យុងយ៉ាង​ចង់​ប្រៀបធៀប​ជីវិត​ឆ្កែ​ក្នុងសង្គម​អាមេរិក​ទៅនឹង​ជីវិត​ប្រជាជន​អាមេរិក​ដែល​ក្រីក្រ​គ្មាន​ផ្ទះសម្បែង។ រូបភាព​ឆ្កែ​មួយ​ក្បាល​នេះ ត្រូវបាន​លើកមកបង្ហាញ​ក្នុង​កម្មវិធី "ពិភពលោក​ក្នុងពេល​បច្ចុប្បន្ន" របស់​ទូរទស្សន៍​កូរ៉េខាងជើង។ ទូរទស្សន៍​បាន​រិះគន់​មហាសេដ្ឋី​អាមេរិក​ទាំងឡាយ​ដែល​ចំណាយ​ប្រា​ក់ឥត​សំចៃ សម្រាប់​ឆ្កែ​ពួកគេ។

សេដ្ឋី​ទាំងនេះ​មិន​ខ្លា​ចនឹង​ចំណាយ​ប្រាក់​រហូតដល់ ១ ៥០០០ដុល្លារ ដើម្បី​ទិញ​ខ្សែក​អោយ​ឆ្កែ​ទេ។ ឆ្កែ​ពួកគេ​មានជីវិត​រស់នៅ​សំបូរបែប មិន​ចាញ់​មនុស្ស​ឡើយ។ ឆ្កែ​ទាំងនោះ​ស្នាក់នៅ​រហូតដល់​សណ្ឋាគា​រ ប្រារព្ធ​ខួបកំណើត រឺក៏​ទទួល​បានការ​ម៉ាស្សា​ទៀតផង។ ពលរដ្ឋ​ក្រីក្រ​អាមេរិក​វិញ​គ្មាន​សំណាង​ដូច​ឆ្កែ​ទាំងនេះ​ទេ។ អ្នក​ដែល​គ្មាន​ផ្ទះ​ស្នាក់នៅ បាននាំគ្នា​ទៅ​ជ្រក​នៅក្នុង​ហិប​កា​តុងធំ។ ទូរទស្សន៍​កូរ៉េខាងជើង​ថែមទាំង​ចុះផ្សាយ​រូបភាព​ប្រជាជន​អាមេរិក​បាតុកម្ម រូបភាព​ប៉ូលិស​អាមេរិក​វាយដំ​អ្នកក្រ​ទាំងនេះ​ទៀតផង ដើម្បី​ប្រៀបធៀប​ជីវិត​ឆ្កែ​ជាមួយនឹង​ជីវិត​ជនក្រីក្រ។

ពិតណាស់ ប្រជាជន​អាមេរិក​ពិតជា​ស្រលាញ់​ឆ្កែ​ពួកគេ​មែន។ យោងតាម​សមាគម​'American Pet Product Association ប្រជាជន​អាមេរិក​បាន​ចំណាយ​ប្រា​ក់ជាង៦០ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្កែ។ គេ​នៅចាំ​ថា តារា​ល្បី ប៉ារីស ហ៊ីលតុន បាន​ចំណាយ​ប្រាក់​ជិត៣សែន​ដុល្លារ​កន្លះ ដើម្បី​សង់​សណ្ឋាគារ​ពិសេស​សម្រាប់​ឆ្កែ​របស់​នាង។

ដោយឡែក អ្នក​គ្មាន​ជំរក​ស្នាក់នៅ នៅ​អាមេរិក​មាន​ស្ថានភាព​លំបាក​ណាស់។ គិត​ក្នុង​ខែមករា​ដើមឆ្នាំ២០១៤ ជន​គ្មាន​ជំរក​ស្នាក់់​នៅមាន​ប្រមាណ៥៧៨ ០០០នាក់។ សម្រាប់​ឆ្នាំ២០១៥នេះ ជំនួយ​សហព័ន្ធ​សម្រាប់​ជន​គ្មាន​ជំរក មាន​ប្រមាណ៤ ៥០០លាន​ដុល្លារ៕


© រក្សាសិទ្ធិដោយ thmeythmey.com