អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ពូ​ទីន លែង​ឯកោ​ដោយ​វត្តមាន​មេដឹកនាំ​ពិភពលោក​កុះករ​នៅ​រុស្ស៊ី
09, Jul 2015 , 2:01 pm        
រូបភាព
ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​បណ្តា​ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ថ្មី BRICS ដែល​អញ្ជើញ​ចូលរួម​សន្និសីទ​កំពូល​លើក​ទី៧ នា​ក្រុង អ៊ូ​ហ្វា (Ufa)។ ទោះ​រុស្ស៊ី​ត្រូវ​លោកខាងលិច​ដាក់​គំនៀប និង​ស្ថិតក្នុង​ភាព​ឯកោរ​ក៏ដោយ ការធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​នេះ​បញ្ជាក់ថា រុស្ស៊ី​នៅមាន​មិត្ត​ច្រើន ដែល​អាច​ចាប់ដៃគ្នា និង​ធ្វើការ​ជាមួយគ្នា​បាន​ដើម្បី​ប្រជែង​លោកខាងលិច។



លោក ជាវ សំណាង លម្អិត​ព័ត៌មាន​នេះ



តាំងពី​រុស្ស៊ី​ក្រសោប​យក​ទឹកដី  Crimea ពី​អ៊ុយ​ក្រែ​ន ប្រទេស​នេះ​ស្ថិតក្រោម​ការដាក់​សម្ពាធ​របស់​ក្រុម​ប្រទេស​លោកខាងលិច។ ទណ្ឌកម្ម​ច្រើន​ដំណាក់កាល​ត្រូវបាន​គេ​ដាក់ចេញ​ប្រឆាំង​ទាំង​មន្ត្រី និង​ក្រុមហ៊ុន​របស់​រុស្ស៊ី​ផង។ អ្វីដែល​ជូរចត់​នោះ គឺ​មេដឹកនាំ​កំពូល​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ត្រូវគេ​ព្រងើយកន្តើយ គ្មាន​អ្នកណា​អើរ​ពើ​សួរនាំ ពេល​ទៅ​ចូលរួម​កិច្ចប្រជុំ​ធំ​ដែលមាន​វត្តមាន​មេដឹកនាំ​លោកខាងលិច។ ដូច​កិច្ចប្រជុំ G20 នៅ Brisbane អូស្ត្រាលី លោក ពូ ទីន ត្រូវ​បង្ខំចិត្ត​ចាក​ចេញពី​កិច្ចប្រជុំ​មុនគេ​ផង។ យ៉ាងណា​ក៏ដោយចុះ បញ្ហា​នេះ​លែង​ជា​រឿង​ចោទ​សម្រាប់​ក្រុង​ម៉ូស្គូ​ទៀតហើយ។ អាច​និយាយបានថា រុស្ស៊ី​លែង​ឯកោ​តែម្នាក់ឯង និង​គ្មាន​មិត្ត​ទៀតហើយ។ បើទោះជា​លោកខាងលិច​មិន​ស្វាគមន៍​ក្តី ក៏​មហាអំណាច​មួយ​នេះ​នៅមាន​មិត្ត​ឯទៀត​ជាច្រើន​ចាំ​ជ្រោមជ្រែង​ដែរ។

ទាំងអស់នេះ ស្តែងឡើង​តាមរយៈ​ការធ្វើ​ម្ចាស់ផ្ទះ នៃ​សន្និសីទ​កំពូល​លើក​ទី៧របស់​រុស្ស៊ី ដោយ​ទទួល​ស្វាគមន៍​ក្រុម​មេដឹកនាំ​រដ្ឋ​មហាអំណាច​សេដ្ឋកិច្ច​ថ្មី​មាន​ឥណ្ឌា ប្រេ​ស៊ី​ល ចិន និង​អាហ្វ្រិក​ខាងត្បូង​កាលពី​ម្សិលមិញ ហើយ​កិច្ចប្រជុំ​នឹង​បិទ​បញ្ចប់​ថ្ងៃនេះ។ លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បង្ហាញ​ស្នាមញញឹម បង្កប់​អារម្មណ៍​រីករាយ​ក្នុងជំនួប​មេដឹកនាំ​ប្រទេស​ជា​មិត្ត ដែល​បញ្ជាក់ថា​រុស្ស៊ី​សប្បាយចិត្ត​នៅពេល​មាន​មិត្ត​យ៉ាងច្រើន​មក​ប្រជុំគ្នា​កុះករ​នៅ​រុស្ស៊ី​នៅពេលនេះ។

លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ក្រៅពី​ធ្វើ​ប្រធាន​កិច្ចប្រជុំ លោក​ក៏ត្រូវ​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​មេដឹកនាំ​រដ្ឋ​ទាំងអស់​ដែល​មក​ចូលរួម​ប្រជុំ​នៅ​រុស្ស៊ី​ដែរ ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី។   មេដឹកនាំ​ដែល​មក​ចូលរួម និយាយ​ឲ្យ​ខ្លី​សុទ្ធតែជា​មិត្ត​របស់​រុស្ស៊ី ហើយ​តាមរយៈ​ការចូលរួម​នេះ​គេ​អាច​វាយតម្លៃ​បាន​ថា​ចំណងមិត្តភាព​ក្រុម​ប្រទេស​ទាំងនេះ កាន់តែ​រឹងមាំ​និង​សំខាន់​ខ្លាំង។ ក្រៅពី​ធ្វើ​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល BRICS រុស្ស៊ី​ក៏​នឹងធ្វើ​ប្រធាន​កិច្ចប្រជុំ​ក្រុម​ប្រទេស​សមាជិក​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ​ផង ដែល​វេទិកា​នឹងមាន​វត្តមាន​បណ្តា​មេដឹកនាំ​រដ្ឋ​អាស៊ី​ខាងត្បូង​និង​អាស៊ី​កណ្តាល​ជាច្រើន​ថែមទៀត។

គេ​រំពឹងថា រុស្ស៊ី​ក៏​គ្រោង​នឹង​ទាញ​មិត្ត​ខ្លួន អ៊ីរ៉ង់ ដែលជា​សត្រូវ​លោកខាងលិច​ចូលក្នុង​វេទិការ​ប្រតិបត្តិការ​សៀង​ហៃ។ ក្នុងជំនួប​ទ្វេភាគី​ជាមួយ​ប្រមុខរដ្ឋ​ចិន ប្រេ​ស៊ី​ល និង​អាហ្វ្រិក​ខាងត្បូង រួមជាមួយ​ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា លោក ពូ​ទីន បាន​ថ្លែងអំណរគុណ​មេដឹកនាំ​ទាំងអស់នេះ ដែល​អញ្ជើញ​មកកាន់​ប្រទេស​រុស្ស៊ី ហើយ​តែងតែ​ជ្រោមជ្រែង​រុស្ស៊ី​ក្នុងពេល​រុស្ស៊ី​កំពុង​ប្រឈម​បញ្ហាលំបាក​សេដ្ឋកិច្ច ហើយ​ព្រម​ដើរ​លើផ្លូវ​រួមគ្នា​ទៅមុខ​ដើម្បី​ទៅរក​ភាពជោគជ័យ​ទាំងអស់គ្នា។  

បច្ចុប្បន្ន ឥទ្ធិពល​ក្រុម​មហាអំណាច​សេដ្ឋកិច្ច​ថ្មី​នេះ កំពុង​បង្កើន​ឥទ្ធិពល​សេដ្ឋកិច្ច​និង​នយោបាយ​នៅលើ​ឆាក​អន្តរជាតិ ដែលជា​សារ​ប្រាប់​ទៅ​លោកខាងលិច​ថា គូប្រជែង​ថ្មី​កាន់តែខ្លាំង​ហើយ។ ក្រុម​នេះ​បង្កើត​ផែនការ​យុទ្ធសាស្ត្រ​ជាច្រើន ហើយ​អ្វីដែល​ពិសេស​ការប្រកាស​បើក​ធនាគារ​អភិវឌ្ឍន៍ BRICS ជា​ផ្លូវការ​ក្នុង​កិច្ចប្រជុំ ដែល​ធនាគារ​នេះ​នឹង​ក្លាយជា​ដៃគូ​ប្រជែង​របស់​ស្ថាប័នហិរញ្ញវត្ថុ​លោកខាងលិច​ថែមទៀត៕


© រក្សាសិទ្ធិដោយ thmeythmey.com