អន្តរជាតិ
«ខ្សែក្រវ៉ាត់​អភិវឌ្ឍន៍​អន្តរ​អឺ​រ៉ាស៊ី​រុស្ស៊ី» និង«វិថី​សូត្រ​ចិន»នឹង​ផ្លាស់ប្តូរ​ពិភពលោក
09, Jul 2015 , 5:02 pm        
រូបភាព
រុស្ស៊ី​ត្រៀម​អនុវត្ត«ខ្សែក្រវ៉ាត់​អភិវឌ្ឍន៍​អន្តរ​អឺ​រ៉ាស៊ី»នៅពេល​ខាងមុខ ដែល​គម្រោង​នេះ​នឹង​ជំរុញ​ការសាងសង់​ផ្លូវ​ និងច្រករបៀងសេដ្ឋកិច្ច​ឆ្លងកាត់​រុស្ស៊ី​ដោយ​ភ្ជាប់​ពី​អង់គ្លេស​ទៅដល់​សហរដ្ឋអាមេរិក​ផង។ ចំណែក​គំនិត​ផ្តួចផ្តើម​របស់​ចិន «ខ្សែ​សេដ្ឋកិច្ច វិថី​សូត្រ»វិញ ក៏​នឹង​លើកកម្ពស់​ការផ្សាភ្ជាប់​តាម​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់​ប្រភេទ​ភ្ជាប់​ពី​អាស៊ី ទៅ​អឺរ៉ុប ពី​អឺរ៉ុប​ទៅកាន់​អាហ្វ្រិក​ផងដែរ។ គម្រោង​ទាំងពីរ​នេះ​នឹង​បំពេញ​គ្នា​ទៅវិញទៅមក ធ្វើ​ឲ្យ​ពិភពលោក​ទាំងមូល​កាន់តែ​គៀក​ជិតគ្នា​និង​បង្កើន​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​សង្គមជាដើម។



លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ



ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ធុរៈកិច្ច​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ថ្មី BRICS ប្រធាន​ស្ថាប័ន​អយ​ស្ម័​យាន​រុស្ស៊ី​លោក Vladimir Yakunin បាន​អះអាងថា គំនិត​ផ្តួចផ្តើម​របស់​រុស្ស៊ី «ខ្សែក្រវ៉ាត់​អភិវឌ្ឍន៍​អន្តរ​អឺ​រ៉ាស៊ី» នឹង​ក្លាយជា​គម្រោង​ដ៏​សំខាន់​មួយ​ជួយ​បំពេញបន្ថែម​គម្រោង​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ​របស់​ចិន ដោយ​រួមគ្នា​បង្កើន​ការផ្សាភ្ជាប់ និង​នាំមក​ការអភិវឌ្ឍន៍​រួមគ្នា​ទាំង​ប្រទេស​អ្នកមាន​និង​អ្នកក្រ​ទូទាំង​ពិភពលោក។ ការផ្សាភ្ជាប់​ជា​កម្លាំងចលករ​ជំរុញ​ឲ្យ​មានការ​បង្កើត​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង កសាង​ទំនុកចិត្ត​រវាង​បណ្តា​រដ្ឋ។ 

គំនិត​ផ្តួចផ្តើម​របស់​រុស្ស៊ី​នេះ​ត្រូវបាន​គេ​ស្នើឡើង​ដំបូង​បំផុត​កាលពី​ខែ​មិនា​កន្លងទៅ ប៉ុន្តែ​អ្នកជំនាញ​កំពុង​សិក្សា​ថា​តើ​គម្រោង​នេះ​នឹងត្រូវ​អនុវត្ត​បែបណា និង​ចំណាយពេល​ប៉ុណ្ណា។ បើតាម​លោក Yakuninគម្រោង​នេះ​ផ្តើមចេញ​ដោយ​ការសាងសង់​ផ្លូវដែក និង​ច្រករបៀង​សេដ្ឋកិច្ច​ផ្សេងទៀត​ឆ្លងកាត់​តំបន់​រុស្ស៊ី​ជាពិសេស​តំបន់​ស៊ី​បេ​រី​ទាំងមូល​តែម្តង ដោយ​ផ្លូវ​នេះ​ភ្ជាប់​ពី​ចក្រភព​អង់គ្លេស​ទៅកាន់​រដ្ឋ​អា​ឡា​ស្កា​របស់​អាមេរិក។  មន្ត្រី​ក្រុង​ម៉ូស្គូ​ខាងលើ ក៏បាន​លើកសរសើរ​ពី​គម្រោង​របស់​ក្រុង​ប៉េកាំង​ក្នុងការ​លើកកម្ពស់​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផងដែរ ហើយ​លោក​សង្កត់ធ្ងន់ថា គម្រោង​របស់​រុស្ស៊ី​នឹង​ជួយ​បំពេញបន្ថែម​គំនិត​ផ្តួចផ្តើម​របស់​ចិន «ខ្សែក្រវ៉ាត់​សេដ្ឋកិច្ច វិថី​សូត្រ»។

ខ្សែ​មួយ​វិថី​មួយ​របស់​ក្រុង​ប៉េកាំង​ត្រូវបាន​បង្កើតឡើង​ដើម្បី​ជំរុញ​ឲ្យ​មានដំណើរ​សមាហរណកម្ម​ពាណិជ្ជកម្ម និង​ការវិនិយោគ​នៅក្នុង​បណ្តា​ប្រទេស​នានា​ដែល​ស្ថិតនៅ​ជិត​វិថី​សូត្រ​សម័យបុរាណ​ឆ្លងកាត់​ពី​អាស៊ី​កណ្តាល អាស៊ី​ខាងលិច មជ្ឈិមបូព៌ា និង​ឆ្លង​ទៅដល់​អឺរ៉ុប​ថែមទៀត​ផង។

គំនិត​ផ្តួចផ្តើម​មួយ​នេះ​ទទួលបាន​ការគាំទ្រ​ច្រើន​កន្លងមក ដោយ​គ្រប់គ្នា​រំពឹងថា មាន​ផ្លូវ​មានសង្ឃឹម។ ហើយ​ការគាំទ្រ​ការសាងសង់​ផ្លូវដែក ផ្លូវគោក រួមមាន​ទាំង​កំពង់ផែ​សមុទ្រ​របស់​ក្រុង​ប៉េកាំង នឹង​ត្រួស​ត្រាយផ្លូវ​ឲ្យ​ប្រទេស​ទាំងអស់​ជាពិសេស​ប្រទេស​កំពុងអភិវឌ្ឍន៍​អាច​ទាញយក​ផលប្រយោជន៍​ពី​លំហូ​វិនិយោគ សម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ​ទៅមក និង កាត់បន្ថយ​ការចំណាយផ្សេងៗ ។

ជា​រឿង​មិនអាច​ប្រកែក​បាន គំនិត​ផ្តួចផ្តើម​របស់​ចិន ជា​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច ដែល​គម្រោង​ប្រភេទ​នេះ​ក៏​នឹង​អាចជួយ​រុស្ស៊ី​ច្រើន​ដែរ​នៅពេល​ខាងមុខ។  រុស្ស៊ី​ពឹងផ្អែក​ច្រើន​លើ​ទីផ្សា​លោកខាងលិច ដើម្បី​រក្សា​កំណើនសេដ្ឋកិច្ច ព្រោះ​ការផ្សាភ្ជាប់​ទៅកាន់​បណ្តា​រដ្ឋ​ផ្សេងទៀត​នៅ​អាស៊ី​កណ្តាល មជ្ឈិមបូព៌ា​ជាដើម​នៅមានកម្រិត​នៅឡើយ។ ម្យ៉ាង​ទណ្ឌកម្ម​លោកខាងលិច​ច្រើន​ដំណាក់កាល​ប្រឆាំង​រុស្ស៊ី​ដោយសារ​វិបត្តិ​អ៊ុយ​ក្រែ​ន បាន​បង្ខំ​ឲ្យ​រុស្ស៊ី​រក​ផែនការ​ថ្មី ដោយ​បង្វែរ​ទិសដៅ​ទៅរក​ទីផ្សារ​ផ្សេងទៀត​ជំនួស​ទីផ្សា​អឺរ៉ុប​វិញ៕


© រក្សាសិទ្ធិដោយ thmeythmey.com