សង្គមអន្តរជាតិ​
អន្តរជាតិ
បុរស​ម្នាក់​សុខចិត្ត​បោះបង់​ប្រពន្ធ ដើម្បី​បន្ត​ចិញ្ចឹម​កូន​ដែលមាន​ជំងឺ​តំណពូជ​តែម្នាក់ឯង
09, Jul 2015 , 7:39 pm        
រូបភាព
ដោយ: ធីតា
លោក Samuel Forrest ត្រូវបាន​ភរិយា​របស់ខ្លួន​បង្ខំ​ឲ្យ​ជ្រើសរើស​រវាង​រូបនាង និង​កូន​ទើបនឹង​កើត​ដែលមាន​ជំងឺ​ទ្រី​សូ​ម៊ី ២១ (ជំងឺ​តំណពូជ​ដែល​ខួរក្បាល​មានការ​លូតលាស់​យឺត)។ ដោយ​ក្តី​អាណិត និង​ស្រឡាញ់​កូន ឪពុក​រូបនេះ​មិន​ស្ទាក់​ស្ទើរនឹង​ឆ្លើយតប ដោយ​សម្រេចចិត្ត​រើសយក​កូន។



« កូន​របស់លោក​មានប​ញ្ហា​ធ្ងន់ធ្ងរ​ណាស់ » នេះ​ជា​ពាក្យ​ដំបូង​ដែល​គ្រូពេទ្យ​បាន​និយាយ​ទៅកាន់​ឪពុក​ទារក ប៉ុន្មាន​នាទី​បន្ទាប់ពី​ទារក​ចាប់កំណើត។ ឪពុក​របស់​ទារក Leo បាន​និយាយថា៖ « កូន​ខ្ញុំ​ស្អាត មាន​កាយសម្បទា​គ្រប់លក្ខណៈ​ទាំងអស់។ គ្មាន​ហេតុផល​អ្វីដែល​ខ្ញុំបោះបង់​គេ​ចោល​នោះទេ »។ ប៉ុន្តែ នៅពេលដែល​ឪពុក​រូបនេះ​បីកូន​ដោយ​ភាពកក់ក្តៅ​ទៅកាន់​បន្ទប់​របស់​ភរិយា​ខ្លួន​ដែល​បាន​រួមរស់​ជាមួយគ្នា ១៨ ខែ​មកហើយ​នោះ ភរិយា​បែរជា​លាន់មាត់​ថា៖ « បើ​ចង់ទុក​កូន​នេះ អ៊ីចឹង​យើង​លែង​គ្នា​ទៅ » ។

បច្ចុប្បន្ន នៅក្នុង​ប្រទេស​អា​មេ​នី ស្ថិតនៅ​អាស៊ី​ខាងលិច ស្ត្រី​មាន​សិទ្ធិ​បោះបង់ចោល​កូន​ដែល​កើត​មកជួប​បញ្ហា​ពិការភាព​ដូច​ក្នុងករណីនេះ។ នេះ​ជាដើម​ហេតុដែល​ធ្វើ​ឲ្យ​ម្តាយ​ទារក​មិន​ចង់ទុក​កូន។ ចំណែកឯ​ឪពុក​ដែលមាន​ដើមកំណើត​ជា​ជនជាតិ​នូ​វេ​ល​សេ​ឡង់ សុខចិត្ត​ទទួលយក​អ្វីដែល​បានកើត​ឡើង​ចំពោះ​កូន។ គាត់​សម្រេចចិត្ត​លែងលះ​ជាមួយ​ប្រពន្ធ ហើយ​វិលត្រឡប់​ទៅ​ប្រទេស​កំណើត​របស់ខ្លួន​ដើម្បី​ស្វែងរក​ជំនួយ​ពី​ក្រុមគ្រួសារ។

ឪពុក​រូបនេះ​បានធ្វើការ​អំពាវនាវរ​ក​ថវិកា​សម្បុរ​ធម៌​នៅលើ​គេហទំព័រ GoFundMe ដោយ​បង្កើត​ទំព័រ​មួយ​ដាក់​ចំណងជើង​ថា Bring Leo Home ។ បន្ទាប់ពី​បង្កើត​ភ្លាម គេហទំព័រ​នេះ​ទាក់ទាញ​បាន​សម្បុរ​ជន​ចំនួន ១៦ ០០០ នាក់ និង​រក​ថវិកា​បាន​ជិត ៤៥០ ០០០ ដុល្លារ៕


© រក្សាសិទ្ធិដោយ thmeythmey.com