អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ថៃ បន្ត​គម្រោង​ទិញ​នាវាមុជទឹក​ពី​ចិន ទោះ​សេដ្ឋកិច្ច​ធ្លាក់ចុះ​ក៏ដោយ
09, Jul 2015 , 7:59 pm        
រូបភាព
ដោយ:
គម្រោង​នៃ​ការទិញ​នាវាមុជទឹក​របស់​រដ្ឋា​ភិ​បាល​ថៃ ដែល​នឹងត្រូវ​ចំណាយ​ទឹកប្រាក់​រាប់ពាន់ លាន​ដុល្លា​អាមេរិក ពី​រដ្ឋាភិបាល​ចិន កំពុង​ទទួលរង​នូវ​ការរិះគន់​ពី​សំណាក់​ប្រជាជន​ថៃ ព្រោះ​មូលនិធិ​សម្រាប់​គាំពារ​សុខភាព​កំពុង​ប្រឈម​ភាពខ្វះខាត។ ទោះយ៉ាងណា​ក៏ដោយ លោកនាយក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ទាត់ចោល​មតិ​រិះគន់ ដោយ​បញ្ជាក់ថា ការទិញ​នាវាមុជទឹក​ពី​ចិន មិនទាន់​ទង​បញ្ហា​សុខភាព​នោះទេ។



ក្រោយពី​ត្រលប់​ពី​ចូលរួម​សន្និសីទ​កំពូល​មេគង្គ​ជប៉ុន លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ថ្លែងប្រាប់​សារព័ត៌មាន ដោយ​លោក​បាន​ច្រានចោល​រាល់​ការរិះគន់​គម្រោង​ទិញ​នាវាមុជទឹក​បី​គ្រឿង​ពី​ចិន។

និន្នាការ​នយោបាយ​ការបរទេស​ស៊ីជម្រៅ​រវាង​ថៃ និង ចិន រួមផ្សំ​ជាមួយ​ការពង្រឹង​កិច្ចសហការ​វិស័យ​យោធា​ផងដែរ​នោះ រដ្ឋាភិបាល​ថៃ បានសម្រេច​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ចិន ដើម្បី​ទិញ​នាវាមុជទឹក​ចំនួន​បី​គ្រឿង។ បើ​យោងតាម​គម្រោង​នោះ ថៃ​នឹងត្រូវ​ចំណាយ​ទឹកប្រាក់ រាប់ពាន់​លាន​ដុ​លា្ល​រ​អាមេរិក ដើម្បី​ទិញ​នាវា​ទាំងនោះ។

ជុំវិញ​បញ្ហា​នេះ គេ​ឃើញ​មានប្រតិកម្ម​ច្រើន​ពី​សំណាក់​គណបក្ស​យោ​បាយ​ថៃធំៗ ក៏ដូចជា​ប្រជាជន​ទូទៅ​ផងដែរ។ ពួកគេ​ថា រដ្ឋាភិបាល​ថៃ គួរតែ​ចាប់​អារ​ម្ម​ណ៏​លើ​បញ្ហា​សុខភាព​របស់ ប្រជាជន​ក្រីក្រ និង កសិករ​ដែល​កំពុង​ប្រឈមមុខ​ការខ្វះខាត​មូលនិធិ​គាំទ្រ ជា​ផ្តោតលើ​ការទិញ​អាវុធ។ បន្ថែម​ពីនេះ ពួកគេ​ក៏បាន​ចោទប្រកាន់​រដ្ឋាភិបាល​ថៃ​ដែរ ដែល​មិន​បានធ្វើ​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច ព្រោះ​មិនមាន​ការកសាង​ទំនុកចិត្ត​ជាមួយ​អ្នកវិនិយោគ ចំណាយ​ថវិការដ្ឋ​ខ្ជះខ្ជាយ​ទៅលើ​ការទិញ​នាវាមុជទឹក​ទៅវិញ។ ពួកគេ​លើកយក រដ្ឋប្រហារ​កន្លងមក​ធ្វើជា​ហេតុផល ដែល​អ្នកវិនិយោគ​មិន​ហ៊ាន​ដាក់ទុន​វិនិយោគ​នៅ​ថៃ។
 
ឆ្លើយតប​ជាមួយនឹង​ការចោទប្រកាន់​នេះ លោកនាយក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ បាន​បញ្ជាក់ថា «សូមកុំ ទាញ​គម្រោង​ទិញ​នាវាមុជទឹក ទៅ​ប​ពាក់ព័ន្ធ​នឹង​បញ្ហា​សុខាភិបាល​នៅ​ថៃ។ រដ្ឋាភិបាល នឹង​ពិចារណា​ដោះស្រាយ​បញ្ហា​ទាំងពីរ​ដោយ​ប្រុង​ប្រ​យ​ត្ន័»។ លោក​បន្ថែមទៀតថា គម្រោង​ទិញ​អាវុធ​នេះ គឺ​ត្រូវបាន​រៀបចំឡើង​រយៈពេល១០ឆ្នាំ​មកហើយ។ មួយវិញទៀត ការទិញ​នាវា​នោះ ក៏​មិនមែន​ត្រូវធ្វើឡើង នៅ​ថ្ងៃស្អែក​ឬ ខានស្អែក និង​យកទៅ​ធ្វើសង្គ្រាម​នោះទេ តែ​វា​នឹងធ្វើ​ប្រទេស​ផ្សេងទៀត​កាន់តែ​ខិត​មក​ថៃ៕


© រក្សាសិទ្ធិដោយ thmeythmey.com