អន្តរជាតិ
ជប៉ុន ៖ ផ្លែ​ទំពាំងបាយជូរ ២៦ គ្រាប់​មានតម្លៃ​ជាង ៨ ពាន់​ដុល្លារ
11, Jul 2015 , 7:39 pm        
រូបភាព
ដោយ: ធីតា

ផ្លែ​ទំពាំងបាយជូរ​នៅ​ប្រទេស​ជប៉ុន​ពិតជា​មានតម្លៃ​ថ្លៃ​ដូច​វត្ថុ​ប្រណីត​មែន។ កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​កន្លងទៅនេះ ផ្លែ​ទំពាំងបាយជូរ​ចំនួន ២៦ គ្រាប់​ត្រូវបាន​លក់​ក្នុងតម្លៃ​ឯ​ត​ទ្គ​កម្ម​ថ្មី​គឺ មួយ​លាន​យេន ដែល​ស្មើនឹង​ប្រមាណ ៨ ៣០០ ដុល្លារ។ មានន័យថា មួយ​គ្រាប់​មានតម្លៃ​ស្មើនឹង៣១៩ ដុល្លារ។



ផ្លែ​ទំពាំងបាយជូរ​ពូជ​ក្រហម​ដែល​មួយគ្រាប់ៗមាន​ទំហំ​ប៉ុន​គ្រាប់​បាល់​ពីង​ប៉ុង និង​មាន​ទម្ងន់​ជិត២០ ក្រាម ត្រូវបាន​ដាក់​ឲ្យ​ដេញថ្លៃ​ជា​លើកដំបូង​ក្នុងឆ្នាំនេះ​នៅ​Kanazawa ចម្ងាយ​ប្រមាណ៣០០ គីឡូម៉ែត្រ​ពី​ក្រុង​តូ​ក្យូ ដោយ​លក់បាន​ក្នុងតម្លៃ​បំបែក​ឯ​ត​ទ្គ​កម្ម​ចាស់​ដែល​ថ្លៃ​ត្រឹមតែ ៤ ៥០០ ដុល្លារ​ប៉ុណ្ណោះ។

អ្នក​ដែល​ឈ្នះ​ការដេញថ្លៃ​នេះ​គឺជា​មេ​ចុងភៅ​នៅ​សណ្ឋាគារ​Nikko ក្នុង​ក្រុង Kanazawa ។ លោក​បាន​ពន្យល់ថា លោក​បានទទួល​បញ្ជា​ពី​អ្នកទទួលខុសត្រូវ​ផ្នែក​ទេសចរណ៍​ក្នុង​សណ្ឋាគារ​ឲ្យ​ទិញ​ផ្លែ​ទំពាំងបាយជូរ​នេះ​ឲ្យ​បាន ទោះ​ត្រូវ​ចំណាយ​អស់ប្រាក់​ប៉ុន្មាន​ក៏ដោយ​ដើម្បី​យក​ទំពាំងបាយជូរ​យក្ស​នេះ​ទៅ​ទាក់ទាញ​ភ្ញៀវ​ក្នុង​តំបន់ ក្នុងឱកាស​នៃ​ការបើក​ឲ្យ​ប្រើប្រាស់​ខ្សែ​រថភ្លើង​ល្បឿន​លឿន​ថ្មី។

ជនជាតិ​ជប៉ុន​ចូលចិត្ត​ជូនអំណោយ​ជា​ផ្លែឈើប្រណីតៗ ហើយ​ហាង​លក់​វត្ថុប្រណីតៗក៏​រីក​រាលដាល​ពេញ​ផ្ទៃ​ប្រទេស បើទោះបីជា​សន្ទុះ​សេដ្ឋកិច្ច​មិនសូវ​ស្ទុះ​ខ្លាំង​ក៏ដោយ។ ជា​រៀងរាល់ឆ្នាំ​ផ្លែឈើ​ជាច្រើន​ប្រភេទ​ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ​ខ្ពស់កប់ពពក​ក្នុងប្រទេស​នេះ៕


© រក្សាសិទ្ធិដោយ thmeythmey.com