កីឡាជាតិ
ជាតិ
កម្ពុជា អស់​ឱកាស​ដណ្ដើម​មេដាយ​នៅ​កីឡា​សាកលវិទ្យាល័យ​ពិភពលោក
13, Jul 2015 , 7:39 pm        
រូបភាព
ដោយ:
អត្ត​ព​លិ​ក​របស់​កម្ពុជា អស់​ឱកាស​ដណ្ដើម​ក្នុងការ​ប្រកួត​កីឡា​សាកលវិទ្យាល័យ​ពិភពលោក​លើក​ទី២៨នៅ​ក្រុង Gwangju ប្រទេស​កូរ៉េខាងត្បូង (Universiade Gwangju 2015) ហើយ​ក្រោយ​ធ្លាក់​ចេញ​គ្រប់​វិញ្ញាសា​ទាំងអស់ ស្របពេល​ព្រឹត្តិការណ៍​នេះ​នឹង​ប្រារព្ធ​ពិធី​បិទ​នៅ​ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១៥ ស្អែក​នេះ។



យោងតាម​ការ​ឱ្យដឹងពី​លោក ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា កម្ពុជា ប​ញ្ចូ​ន​កីឡា​ចំនួន ៤ ប្រភេទ​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក នេះ ដោយមាន​អត្ត​ព​លិ​ក​ចំនួន ១២ រូប​ដោយ​ក្នុងនោះ កីឡា​តេ​ក្វាន់​ដូរ៥ រូប មាន អត្តពលកម្ម២ រូប ហែល​ទឹក០២ រូប និង​វាយ​កូនឃ្លី​លើ​តុ ៣ រូប។

ចំពោះ​កីឡាវាយកូនឃ្លីលើតុ កីឡាករ ណៃ សា​រ៉ា​វៃ កីឡាករ សារៈ ស៊ូ​ព្រីង និង អ៊ឹង ស្រ៊ូ​យ​ហួរ ដែល​តំណាង​ឲ្យ​សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា បាន​ចាញ់​ទាំងបី​ប្រកួត​ក្នុង​ពូ​ល A លើ​វិញ្ញាសា​ជា​ក្រុម។ ពួកគេ​ចាប់ផ្តើម​ដោយ​ចាញ់​រូ​ម៉ា នី ៣-០ ចាញ់​ឡេ​តូ​នី ៣-១ និង​ចុងក្រោយ​ចាញ់​បារាំង ៣-០ ។ រីឯ​វិញ្ញាសា​វាយ​គូ​បុរស ណៃ សា​រ៉ា​វៃ និង អ៊ឹង ស្រ៊ូ​យ​ហួរ ចាញ់​ក្រុម​កីឡាករ​ហុងកុង ៣-០ នៅ​វគ្គ៣២ក្រុម​ដំបូង។

ចំណែក​កីឡាហែលទឹក កីឡាករ ហែម​ថុ​ន​ពន្លឺ ដែល​តំណាង​ឲ្យ​សាកលវិទ្យាល័យ​វេ​ស្ទើ​ន បានបញ្ចប់​ចំណាត់ថ្នាក់​លេខ២នៅក្នុង Heat 1 នា​ការប្រកួត​វិញ្ញាសា​ហែល​សេរី​ចម្ងាយ១០០ម៉ែត្រ ប៉ុន្តែ​រូបគេ​ថិរវេលា​របស់គេ​មិន​គ្រប់គ្រាន់​ក្នុង​ឈានទៅ​កាន់​វគ្គ​បន្ត​ឡើយ។

ដោយឡែក​កីឡាករ​អត្តពលកម្ម ង៉ែត ភា​រ័ត្ន តំណាង​ឲ្យ​សាកលវិទ្យាល័យ​វេ​ស្ទើ​ន បាន​ធ្លាក់​ចេញពី​ការប្រកួត​វិញ្ញាសា​រត់​ចម្ងាយ១០០ម៉ែត្រ ដោយ​កីឡាករ​រូបនេះ មិនបាន​រត់​ទៅដល់​គោលដៅ​ឡើយ​នៅក្នុង Heat ដែលមាន​កីឡាករ​សរុប៨រូប។ ចំណែក​កីឡាករ ផល សុ​ភ័​ក្រ ក៏​អស់​ឱកាស​ក្នុង​ការប្រកួត​វិញ្ញាសារ​រត់​ចម្ងាយ ១០០០ ម៉ែត្រ និង ៥០០០ ម៉ែត្រ​ដែរ។

សម្រាប់​កីឡា​តេ​ក្វាន់​ដូ កីឡាការិនី ស៊ឹម រចនា និង ទួន ណា​វុ​ធ សុទ្ធតែ​បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ​លើ​វិញ្ញាសារៀងៗខ្លួន។ ឈានដល់​វគ្គ១/២ផ្តាច់ព្រ័ត្រ​លើ​វិញ្ញាសា Individual Poomsae ស៊ឹម រចនា បានបញ្ចប់​ចំណាត់ថ្នាក់​ទី១៣ក្នុងចំណោម​កីឡាការិនី១៥នាក់ ខណៈ ទួន ណា​វុ​ធ ស្ថិតនៅ​ចំណាត់ថ្នាក់​ចុង​គេ​ក្នុងចំណោម​កីឡាករ៩នាក់។ ចំណែក​វិញ្ញាសា Mixed Pair Poomsae រចនា និង ណា​វុ​ធ បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ ប៉ុន្តែ​ពួកគេ​បញ្ចប់​ចំណាត់ថ្នាក់​ចុង​គេ​ក្នុងចំណោម១១នាក់​នៅក្នុង​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ។

កីឡាករ ទួន ណា​វុ​ធ តំណាង​របស់​សាកលវិទ្យាល័យ​វេ​ស្ទើ​ន បាន​ជាប់​ត្រឹម​ចំណាត់ថ្នាក់​លេខ ១៧ ស្ទួន​ក្នុងចំណោម​អត្ត​ព​លិ​ក​ចំនួន ៣៨ នាក់​ប្រកួត​លើ​វិញ្ញាសា​តេ​ក្វាន់​ដូ ប្រយុទ្ធ​ទម្ងន់​ក្រោម ៦៨ គីឡូក្រាម។ ចំណែក​កីឡាការិនី ស៊ន ដា​វីន ឈរ​ចំណាត់ថ្នាក់​លេខ ៩ ស្ទួន ក្នុងចំណោម​បេក្ខជន ២២ នាក់ ក្រោយ​ប្រកួត​លើ​វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់ ក្រោម ៦៧ គីឡូក្រាម។

សម្រាប់​កីឡាការិនី ស៊ន សៀវ​ម៉ី ប្រកួត​វិញ្ញាសា​ប្រយុទ្ធ​នារី ក្រោម​ទម្ងន់ ៧៣ គីឡូក្រាម បាន​យកឈ្នះ​កីឡា ការិនី​ជនជាតិ​រុស្សី KURBANOVA Guzel ដោយ​លទ្ធផល ១១ ទល់ ២ ក្នុង​វគ្គ ១៦ នាក់​ចុងក្រោយ តែ​ត្រូវ​បរាជ័យ​ក្រោម​ថ្វីដៃ​កីឡាការិនី​ជនជាតិ​ចិន ZHENG Shuyin ដែលជា​ម្ចាស់​មេដាយមាស​ឆ្នាំនេះ​ដោយ​លទ្ធផល ២០ ទល់ ៧ ក្នុង​វគ្គ ៨ នាក់​ចុងក្រោយ។

Universiade Gwangju 2015 បាន​បើក​ពិធី​ជា​ផ្លូវការ​តាំងពី​ថ្ងៃទី ៣ កក្កដា មកម្ល៉េះ​ដោយ​ដាក់​កីឡា​ចំនួន ២១ ប្រភេទ​ឱ្យ​អត្ត​ព​លិ​ក​ប្រមាណ​ជាង ១២៩៨៦ នាក់​មកពី ១៤៦ ប្រទេស​ប្រកួតប្រជែង​លើ​វិញ្ញាសា ២៧២ ផ្សេងៗគ្នា។ គិត​ត្រឹម​ពេលនេះ ប្រទេស​កូរ៉េខាងត្បូង កំពុង​ឈរ​នៅលើ​គេ​ក្នុង​ប​ញ្ចី​អ្នក​ដណ្ដើមបាន​មេដាយ​ច្រើនជាងគេ ក្រោយ​ឈ្នះ​មេដាយមាស ៤៤ ប្រាក់ ២៨ សំរឹទ្ធ ២៦ សរុប ៩៨ តាម​ពីក្រោយ​ដោយ​ប្រទេស​រុស្ស៊ី ឈ្នះ​មេដាយមាស ៣២ ប្រាក់ ២៧ សំរឹទ្ធ ៤៤ សរុប ១១៣ គ្រឿង៕


© រក្សាសិទ្ធិដោយ thmeythmey.com