ជាតិ
បទវិភាគ
តុលាការ​កម្ពុជា​ល្មម​ដល់ពេល​ស្ដារ​កិត្តិយស​របស់ខ្លួន​ឡើងវិញ​ហើយ…
14, Jul 2015 , 9:19 am        
រូបភាព
ដោយ:
 
ភ្នំពេញ៖ កន្លងមក​តុលាការ​កម្ពុជា​ត្រូវបាន​រង​ការចោទប្រកាន់​ពី​មហាជន សង្គម​ស៊ីវិល និង អ្នកនយោបាយ​មួយចំនួន ថា​មិន​ឯករាជ្យ ពី​ព្រោះតែ​ការកាត់ក្ដី​លម្អៀង​ទៅរក សាច់ញាតិ អ្នកមាន​ទ្រព្យ អ្នកមាន​តំណែង​ធំ និង​សមាជិក​នៃ​បក្ស កាន់អំណាច។ ការចោទប្រកាន់​នេះ មាន​ទាំង​កម្រិត​ជាតិ និង​អន្តរជាតិ។ បើ​ពិនិត្យ​ជារួម​លើ​គោលនយោបាយ​និង​ចំណាត់ការ​របស់​រដ្ឋាភិបាល ដែល​បានធ្វើ​កន្លងមក ដូចជា ការចាត់វិធានការ​ផ្លូវច្បាប់​លើ​មន្ត្រី​តុលាការ​មួយចំនួន​ដែល​ប្រព្រឹត្ត​ខុសច្បាប់, បានធ្វើ​មោឃភាព​លើ​សាលក្រម​មួយចំនួន​ពាក់ព័ន្ធ​នឹង​វិវាទ​ដីធ្លី និង​ការធ្វើកំណែទម្រង់​លើ​ប្រព័ន្ធយុត្តិធម៌​និង​តុលាការ ជាដើម យើង​អាច​សន្និដ្ឋានបានថា បក្ស​កាន់អំណាច បាន​ទទួលស្គាល់ថា ប្រព័ន្ធតុលាការ​របស់​ខ្លួន​មិនទាន់មាន​ភាពល្អប្រសើរ​នៅឡើយ។



ពិតណាស់ ពីមួយ​អាណត្តិ​ទៅមួយ​អាណត្តិ បក្ស​កាន់អំណាច​បាន​ខិតខំ​កែលម្អ​ការដឹកនាំ​និង​ការគ្រប់គ្រង​របស់ខ្លួន​ដើម្បី​កាត់បន្ថយ​ការរិះគន់ ក៏ដូចជា​ដើម្បី​ទាញយក​ការជឿទុកចិត្ត និង​ការគាំទ្រ​ពី​សហគមន៍ជាតិ និង​អន្តរជាតិ។ ប៉ុន្តែ ទោះបីជា​យ៉ាងនេះ​ក៏ដោយ ក៏​យើង​បាន​មើលឃើញថា រដ្ឋាភិបាល​បានធ្វើ​តែ​លើ​បបូរមាត់ និង​លើ​បទដ្ឋាន​គតិយុត្ត ប៉ុណ្ណោះ ហើយ​សូម្បី​ក្នុង​បទដ្ឋាន​គតិយុត្ត​នេះ​ទៀតសោត ក៏​នៅ​មានការ​រិះគន់ថា មិនទាន់​ល្អប្រសើរ​ដែរ ដោយ​គេ​ពិនិត្យឃើញថា ខ្លឹមសារ​ច្បាប់​ពាក់ព័ន្ធ​នឹង​កំណែទម្រង់​ប្រព័ន្ធ​យុត្ត​ធម៌​និង​តុលាការ ពុំបាន​កំណត់​ទោសទណ្ឌ​ធ្ងន់​សមស្រប​ទៅលើ​មន្ត្រី​តុល​ការ​និង​មន្ត្រី​អនុវត្ត​ច្បាប់​ដែល​បាន​ប្រព្រឹត្ត​ខុសឆ្គង​ក្នុង​វិ​ជ្ជ​ជីវៈ​របស់ខ្លួន​ឡើយ។

លើសពីនេះទៅទៀត ក្នុងការ​អនុវត្ត​ច្បាប់ និង​ចំណាត់ការ​របស់​មន្ត្រី​តុលាការ​និង​អាជ្ញាធរ​ពាក់ព័ន្ធ ក៏​មិនទាន់បាន​ល្អប្រសើរ​ដែរ។ ជាក់ស្ដែង អាជ្ញាធរ មន្ត្រីជាន់ខ្ពស់ និង​អ្នកមាន​មួយចំនួន ដែល​បាន​ប្រព្រឹត្ត​ខុសច្បាប់​នាពេល​កន្លង ក៏​មិនត្រូវ​បានទទួល​ការផ្ដន្ទាទោស​សមស្រប​តាម​កំហុស​ដែល​ពួកគេ​បាន​ប្រព្រឹត្ត​ដែរ។

ពួកគេ​គ្រាន់តែ​ត្រូវបាន​ផ្លាស់ប្ដូរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ឬ​គ្រាន់តែ​បាន​ឆ្លងកាត់​នីតិវិធី​ច្បាប់​ជាការ​បង្គ្រប់កិច្ច​ប៉ុណ្ណោះ។ ចំណែកឯ​ប្រសិទ្ធភាព​ការងារ​របស់​មន្ត្រី​ពាក់ព័ន្ធ​និង​មន្ត្រី​តុលាការ​កន្លង​មកវិញ ក៏​មិនទាន់​ទទួលបាន​ករ​ជឿទុកចិត្ត និង​ក្ដីសង្ឃឹម​ពី​មហាជន​ដែរ ដូចជា ករណី ឃាតកម្ម​និង​ការបាញ់បោះ​លើ តារាភាពយន្ត និង​តារាចម្រៀង រួមមាន អ្នកនាង ពិសិដ្ឋ ពិ​លីកា, កញ្ញា តូច ស៊ុន​និ​ច, កញ្ញា ពៅ បញ្ញា​ពេជ្រ, ឃាតកម្ម​លើ ប្រធាន​សហជីព លោក ជា វិជ្ជា និង​សកម្មជន​សហជីព​មួយចំនួនទៀត, និង​ឃាតកម្ម​លើ​អ្នក​តវ៉ា​សុំ​តម្លើង​ប្រាក់ខែ​នៅ​តំបន់​វ៉េងស្រេង នាពេល​កន្លងមក។ល។ ក៏​អាជ្ញាធរ​មិនទាន់បាន​វែកមុខ​រកឃើញ​ដើម្បី​យក​ពួកគេ​មក​ផ្ដន្ទាទោស​តាមច្បាប់​ដែរ។

មិនតែប៉ុណ្ណោះ សូម្បីតែ​ករណី​ការបាញ់បោះ​ជាក់ស្តែង​របស់ លោក ឈូក បណ្ឌិត អតីត​អភិបាល​នៃ​គណៈ​អភិបាលក្រុង​បា​វ៉ិ​ត​ដែល​តុលាការ​បាន​កាត់ទោស​កំ​បាំង​មុខ​រួចហើយនោះ ក៏​មិន​ត្រូវបាន​គេ​ចាប់បង្ខំ​ឱ្យមក​ទ​ទួ​ក​ទោស​ដែរ។ ចុះ​រឿងរ៉ាវ របស់ ឧកញ៉ា ថោង សារ៉ាត់ ពាក់ព័ន្ធ​នឹង​ឃាតកម្ម​លើ​ឧកញ៉ា អ៊ឹង ម៉េង​ជឺ និង រឿងរ៉ាវ​របស់ ឧកញ៉ា សុខ ប៊ុន ដែល​ប្រើប្រាស់​អំពើហិង្សា​លើ កញ្ញា សា​សា តើ​តុលាការ​កម្ពុជា​នឹង​កាត់ទោស​យ៉ាង​ដែរ ដើម្បីឱ្យ​សម​នឹង​កំហុស​ដែល​ពួកគេ​បាន​ប្រព្រឹត្ត​ផង និង​ឱ្យស្រប​នឹង​គោលនយោបាយ​កំណែទម្រង់​ស៊ីជម្រៅ​របស់​រដ្ឋាភិបាល​ផង?

ប្រសិនបើ​អាជ្ញាធរ​និង​តុលាការ ចាត់វិធានការ​ដូច​តែ​ករណីមុនៗដែល​បាន​រៀន​រាប់​ខាងលើ នោះ​អ្នកមាន អ្នកធំ និង​ជនល្មើស​ដ​ទ​ទៀត នៅតែ​បន្ត​មិន​ខ្លាច​ច្បាប់ មិន​គោរព​អាជ្ញាធរ ហើយ​ប្រជាជន​ក្រីក្រ និង​អ្នកតូច​នៅតែ​បន្ត​រងគ្រោះ និង​ទទួល​ភាព​អយុត្តធម៌។ ទីបំផុត សហគមន៍ជាតិ​និង​អន្តរជាតិ​នៅតែ​បាត់បង់​ជំនឿ​លើ​ប្រព័ន្ធយុត្តិធម៌​របស់​កម្ពុជា ដែល​កត្តា​នេះ អាច​នាំឱ្យ​តុលាការ រដ្ឋាភិបាល ក៏ដូចជា​បក្ស​កាន់អំណាច​នៅតែ​បន្ត​បាត់បង់​ការជឿទុកចិត្ត ការឱ្យ​តម្លៃ និង​ការគាំទ្រ​ពី​មហាជន។

ហេតុនេះ បើ​តុលាការ រដ្ឋាភិបាល ក៏ដូចជា​បក្ស​កាន់អំណាច ចង់​ស្ដារ​មុខមាត់ កេរ្ដិ៍ឈ្មោះ កិ​ត្ត​យស និង​ប្រជាប្រិយភាព​របស់ខ្លួន ដើម្បី​ទទួលបាន​មកវិញ​នូវ ការជឿទុកចិត្ត ការគោរព ការឱ្យ​តម្លៃ និង​ការគាំទ្រ​ពី​មហាជន ស្ថាប័ន​ទាំងនេះ ត្រូវតែ​ប្រឹងប្រែង​ស្វែងរក​ចាប់ខ្លួន​ជនល្មើស​មក​ផ្ដន្ទាទោស​ទៅតាម​នីតិវិធី​ច្បាប់ ដោយ​យុត្តិធម៌។ ជាពិសេស រដ្ឋាភិបាល ឬ​បក្ស​កាន់អំណាច ត្រូវតែ​ហ៊ាន​កាត់​សាច់​ស្អុយ ឬ​មន្ត្រី​ខិលខូច​របស់ខ្លួន​ចេញ និង​ត្រូវតែបញ្ឈប់​ការ​បណ្ដោយឱ្យ​អ្នកមាន និង​អ្នកធំ​ខិលខូច​មួយចំនួន ធ្វើបាប​អ្នកតូច​និង​អ្នកក្រ ឬ​ធ្វើអ្វីៗតាម​ទំនើងចិត្ត​ដោយ​មិន​ខ្លាច​ច្បាប់​និង​មិន​គោរព​ក្រមសីលធម៌។ បើ​មិន​ដូច្នោះ​ទេ តុលាការ និង​រដ្ឋាភិបាល មិនអាច​ស្ដារ​មុខមាត់​របស់ខ្លួន​បានឡើយ ឯ​បក្ស​កាន់អំណាច​វិញ ក៏​គ្មាន​ឱកាស​នឹង​ទទួលបាន​សម្លេងគាំទ្រ​ច្រើន​ដែរ ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​ការបោះ​ឆ្នាំ​ជ្រើសរើស​តំណាងរាស្ត្រ នាពេលខាងមុខ៕                    


© រក្សាសិទ្ធិដោយ thmeythmey.com