ជាតិ
ប្លែកៗ
Kompany និង Lukaku ក្លាយជា​កណ្តុរដោះមីន​ស​ង្គ្រោះ​ជីវិត​មនុស្ស​នៅ​កម្ពុជា
14, Jul 2015 , 9:30 am        
រូបភាព
ដោយ: ធីតា
ឈ្មោះ​របស់​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​បែលហ្ស៊ិក គឺ​ខ្សែការពារ Vincent Kompany នៃ​ក្លិប Manchester City និង​ខ្សែប្រយុទ្ធ Romelu Lukaku នៃ​ក្លិប Everton ត្រូវបាន​ប្រសិទ្ធ​លើ​សត្វ​កណ្តុរ​ដែល​ត្រូវបំពេញ​បេសកកម្ម​ដោះមីន​នៅ​កម្ពុជា។ អង្គការ​បែលហ្ស៊ិក Apopo ដែលមាន​ជំនាញ​បង្ហាត់​កណ្តុរ​ឲ្យ​ចេះ​ហិត​មីន និង​ដោះមីន គឺជា​អ្នក​ដែល​សម្រេច​យកឈ្មោះ​កីឡាករ​ឆ្នើម​ទាំង២រូបនេះ​ដាក់​នៅលើ​សត្វ​កណ្តុរ​សង្គ្រោះ​ជីវិត។



ក្រោម​កិច្ចសហការ​ជាមួយ​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា (ស៊ីម៉ាក់) អង្គការ​បែលហ្ស៊ិក Apopo បានធ្វើការ​បណ្តុះបណ្តាល​អ្នកជំនាញ​ដោះមីន​កម្ពុជា​ពីររូប (លោក ហេង និង​លោក ធឿន) រយៈពេល៣ខែ​នៅក្នុង​ប្រទេស​តង់​ហ្សា​នី លើ​ការប្រើប្រាស់​សត្វ​កណ្តុរ​ធំ​ក្នុង​ប្រតិបត្តិ​ការដោះមីន។ បន្ទាប់មក អ្នកជំនាញ​ទាំងពីរ ត្រូវបាន​តម្រូវ​ឲ្យ​ធ្វើការ​ជាមួយ​សត្វ​កណ្តុរ១៦ក្បាល ដែល​ហៅថា «Apopo’s HeroRATs» សម្រាប់​ប្រតិបត្តិការ​ស្ទាបស្ទង់​ទីតាំង​គ្រាប់មីន​នៅ​កម្ពុជា។

អង្គការ APOPO បាន​សរសេរ​នៅលើ​គណនី Twitter របស់ខ្លួន​កាលពី​ថ្ងៃទី៧ ខែកក្កដា ថា វិ​រស​ត្វ​កណ្តុរ​ចំនួន២ក្បាល ត្រូវ​ប្រើ​ឈ្មោះ Romelu Lukaku និង Vincent Kompany។ ក្រៅពី Lukaku និង Kompany អង្គការ APOPO ក៏បាន​យកឈ្មោះ​អ្នកចាំទី​ថ្មី​ក្លិប Arsenal គឺ Petr Cech ដាក់​សម្រាប់ «HeroRATs» មួយ​ក្បាល​ទៀតផង​ដែរ។

«HeroRATs» គឺជា​ក្រុម​ពូជ​សត្វ​កណ្តុរ​ក្លាហាន​នៅ​ទ្វីបអាហ្វ្រិក​ដែល​ឆ្លង​កាត់ការបង្ហាត់​លើ​ជំនាញ​ហិតក្លិន រាវរក​គ្រាប់មីន និង​ជាតិ​ផ្ទុះ​នានា។ APOPO ដែលជា​អ្នក​បណ្តុះបណ្តាល​នោះ មាន​ប្រតិបត្តិការ​ជាពិសេស​នៅ​ប្រទេស​តង់​ហ្សា​នី ម៉ូ​ហ្សំ​ប៊ិច និង​អង់​ហ្គោ​ឡា រួមទាំង​ថៃ ឡាវ និង​វៀតណាម។ នៅ​កម្ពុជា APOPO មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល​ស៊ីម៉ាក់​នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្តសៀមរាប៕



© រក្សាសិទ្ធិដោយ thmeythmey.com