ជាតិ
ជនជាតិ​វៀតណាម១,១៦៩នាក់​ត្រូវបាន​បណ្តេញ​ចេញពី​កម្ពុជា​ក្នុង​ឆ្នាំ២០១៥
14, Jul 2015 , 12:04 pm        
រូបភាព
កម្លាំង​សមត្ថកិច្ច​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ដែល​រស់នៅ ​និង​ធ្វើការ​ដោយ​ខុសច្បាប់​នៅ​កម្ពុជា​ចំនួន១៨នាក់​បន្ថែមទៀត នៅ​ថ្ងៃទី១៤ខែកក្កដា​ឆ្នាំ២០១៥នេះ។ ជនជាតិ​វៀតណាម​ទាំង១៨នាក់​នោះ គឺជា​កម្មករ​ដែល​ធ្វើការ​នៅក្នុង​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ចំនួន៤កន្លែង នៅតាម​បណ្តោយ​ផ្លូវ១០៣ និង​តាម​មាត់​ប្រឡាយ​លូទឹក ស្អុយ ក្នុងភូមិ៤ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន។



បើតាមលោក អ៊ុក ហៃ សិលា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ គិត​ចាប់ពី​ខែ​ដើមឆ្នាំ២០១៥ រហូតមកដល់​ពេលនេះ អាជ្ញាធរ​កម្ពុជា បាន​បណ្តេញ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ចំនួន១២៩២នាក់ រួមមាន៤២សញ្ជាតិ ក្នុងនោះ​ជនជាតិ​វៀតណាម​មាន​ច្រើនជាងគេ គឺ​ចំនួន១១៦៩នាក់។

សូម​រម្លឹកថា​កាលពី​ខែ​ចុង​មិថុនា​កន្លងទៅ សមត្ថកិច្ច​នៃ​នាយកដ្ឋាន​អន្តោប្រវេសន៍​បាន​បណ្តេញ​ជនជាតិ​វៀតណាម​ចំនួន៧៧នាក់ ក្នុងនោះ​ស្រី១១នាក់ ទៅ​ប្រទេស​វៀតណាម​វិញ តាម​ច្រកទ្វារ​អន្តរជាតិបាវិត និង​ច្រកទ្វារ​អន្តជាតិ​ក្អម​សំណរ បន្ទាប់ពី​អាជ្ញាធរ​រកឃើញថាពួកគេ​ពុំមាន​លិខិតឆ្លងដែន និង​ធ្វើការ​ដោយ​ខុសច្បាប់​នៅ​កម្ពុជា។ ជនជាតិ​វៀតណាម​ទាំងនោះ ត្រូវបាន​អាជ្ញាធរ​រកឃើញ​នៅ​ការដ្ឋាន​សំណង់​កោះ​ពេជ្រ សង្កាត់​ផ្សារ​ដើមថ្កូវ សង្កាត់​ផ្សារ​ថ្មី៣ សង្កាត់​វត្តភ្នំ សង្កាត់​ផ្សារកណ្តាល១ ខេត្តសៀមរាប និង​ខេត្តបាត់ដំបង៕




© រក្សាសិទ្ធិដោយ thmeythmey.com