អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន​ចេញ​អន្តរាគមន៍​មុន​កូរ៉េ​ទាំងពីរ​ព្រម​ចរចា​គ្នា
22, Aug 2015 , 3:00 pm        
រូបភាព
 ម្សិលមិញ​រដ្ឋាភិបាល​ចិន​បានសម្រេច​ចេញមុខ​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ក្នុង​បញ្ហា​ឧបទ្វីប​កូរ៉េ​បញ្ឈប់​រាល់​សកម្មភាព​នានា​ដែល​ជំរុញ​ឲ្យ​មានការ​តានតឹង​ផ្នែក​យោធា និង​អត់ធ្មត់​កុំ​ឲ្យ​ការប៉ះទង្គិច​គ្នា​កើតឡើង ។ ក្រោយ​មានការ​អន្តរាគមន៍រ​បស់​ចិន នៅ​ថ្ងៃ​សៅរ៍​នេះ កូរ៉េ​ទាំងពីរ​ក៏​យល់ព្រម​ចរច​គ្នា​ជុំវិញ​បញ្ហា​ព្រំដែន​និង​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី។  


 
ម្សិលមិញ​នេះ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បានបង្ហាញ​ក្តីបារម្ភ​ជាខ្លាំង​ជុំវិញ​ការ​ប្រឈម​ដាក់គ្នា​ផ្នែក​យោធា​រហូតដល់​រដ្ឋាភិបាល​កូរ៉េខាងជើង​គំរាម​វាយប្រហារ​កូរ៉េខាងត្បូង​ផង។ ក្រសួងការបរទេស​ចិន​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​បង្ហាញ​ក្តីបារម្ភ​របស់ខ្លួន​ដោយ​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​បញ្ឈប់​រាល់​សកម្មភាព​នានា​ដែល​អាចធ្វើ​ឲ្យ​ស្ថានការណ៍​ធ្ងន់ធ្ងរ​ជា​នេះ ឬ​អាចធ្វើ​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​ទ្រង់ទ្រាយ​ធំ​ផង។
 
ស្រាប់តែ​ថ្ងៃ​សៅរ៍​មកដល់ កូរ៉េ​ទាំងពីរ​បានប្រកាសថា​ខ្លួន​ព្រម​ចរចា​គ្នា​វិញ​ជុំវិញ​សំណុំរឿង​ព្រំដែន។ អាច​ថា​នេះ​ជាការ​អន្តរាគមន៍​មួយ​ដែល​ជំរុញ​ឲ្យ កូរ៉េ​ទាំងពីរ​ព្រម​បញ្ចប់​ស្ថានភាព​សង្គ្រាម ដោយ​បន្ទន់ឥរិយាបទ​ត្រលប់​មកកាន់​តុ​ចរចា​វិញ​នៅ​ថ្ងៃ​សៅរ៍។ បើ​ផ្អែកលើ​ទំនាក់ទំនង​ល្អ​រវាង​ចិន​និង​កូរ៉េ​ទាំងពីរ យ៉ាងហោចណាស់​មហា​យក្ស​មួយ​នេះ មាន​ទឹកមាត់ប្រៃ​ក្នុងការ​អំពាវនាវ​ឲ្យ​ភាគី​ថយ​ម្នា​ក់មួយ​ជំហាន​ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​និង​បញ្ចៀស​សង្គ្រាម។
 
សេចក្តីថ្លែងការណ៍​ត្រូវបាន​ក្រសួងការបរទេស​ចិន​ចេញ​ម្សិលមិញ  ហើយ​ក្នុង​សេចក្តីថ្លែងការណ៍​នេះ គេ​ឃើញ​មានការ​អំពាវនាវ​ទៅកាន់​ភាគី​ពាក់ព័ន្ធ​ឲ្យ​បញ្ឈប់​រាល់​សកម្មភាព​ដែល​អាច​បង្ក​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​ឲ្យ​បាន​ឆាប់។ ចិន​មិនមែន​អំពាវនាវ​តែ​ទៅកាន់​កូរ៉េ​ទាំងពីរ​ទេ តែ​ប្រទេស​នេះ​អំពាវនាវ​ទៅកាន់​រដ្ឋ​ពាក់ព័ន្ធ​ផ្សេងទៀត ជាពិសេស​សហរដ្ឋអាមេរិក​ផងដែរ ដែលជា​អ្នក​រួមចំណែក​បង្ក ភាព​តានតឹង​នេះ។ 
 
តាមពិតទៅ បញ្ហា​ដែល​ជំរុញ​ឲ្យ​បងប្អូន​កូរ៉េ​ទាំងពី​ចង់​ធ្វើសង្គ្រាម​នេះ​មាន​ពីរធំៗ ដែល​ក្នុងនោះ​មាន​សមយុទ្ធ​ជាមួយ​អាមេរិក និង​ការចាក់​សំឡេង​ឃោសនា​បង្ខូចឈ្មោះ​ក្រុង​ព្យុងយ៉ាង។ បើសិន​សកម្មភាព​ពីរ​យ៉ាងនេះ​មិនកើត​ឡើង​ទេ ក្រុង​ព្យុងយ៉ាង​ក៏​ប្រហែលជា​មិន​ត្រៀមខ្លួន​ធ្វើសង្គ្រាម​និង​ព្រមាន​វាយប្រហារ​កូរ៉េខាងត្បូង​និង​អាមេរិក​កន្លងមក​ដែរ។ 
 
យ៉ាងណាមិញ នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​ក្រុង​ប៉េកាំង​ចេញមុខ​អំពាវនាវ​ទៅ​បងប្អូន​កូរ៉េ​ទាំងពីរ​ឲ្យ​ទប់​កំហឹង​និង​បញ្ចៀស​ឲ្យ​បាន​នូវ​សង្គ្រាម​បង្ហូរឈាម​គ្នា។ ប៉ុន្តែ​លើក​នេះ ចិន​បារម្ភ​ខ្លាំង​ដោយសារតែ​របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង​ហាក់បីដូចជា​រឹងទទឹង ចង់​ធ្វើសង្គ្រាម​ប្រឆាំង​កូរ៉េខាងត្បូង​ផង។ ម្សិលមិញ ប្រមុខ​គណកម្មកា​រម​ជ្ឈិ​ម​យោធា​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន បានសម្រេច​ដាក់​បញ្ជា​ឲ្យ​កងទ័ព​ខ្លួន​ត្រៀម​ប្រុង​ជើងការ​ដើម្បី​ធ្វើសង្គ្រាម ហើយ​ដាក់​ឱសានវាទ​ឲ្យ​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល ដក​រាល់​ឧបករណ៍​ឃោសនា​ចេញពី​ព្រម​ដែន បើ​មិន​ដូច្នេះ​ទេ​ខ្លួន​នឹង​វាយប្រហារ​មិន​ខាន។ 
 
សូមបញ្ជាក់ថា កិច្ចពិភាក្សា​គ្នា​រវាង​កូរ៉េ​ទាំងពីរ​នឹងត្រូវ​រៀបចំឡើង​នៅ​ភូមិ Panmunjom នៅជាប់​ព្រំដែន ហើយ​កិច្ចពិភាក្សា​នេះ​នឹងមាន​វត្តមាន​មន្ត្រីជាន់ខ្ពស់​តំណាង​ភាគី​ទាំងពីរ​ផង។ តំណាង​ភាគី​កូរ៉េខាងត្បូង​មានដូចជា ទីប្រឹក្សា​សន្តិសុខ​ជាតិ Kim Kwan-jin និង​រដ្ឋមន្ត្រី​រួបរួម​ជាតិ​កូរ៉េ Hong Yong-pyo ខណៈដែល​តំណាង​ក្រុង​ព្យុងយ៉ាង​មានដូចជា នាយក​នៃ​នាយកដ្ឋាន​កិច្ចការ​នយោបាយ​ទូទៅ​កូរ៉េខាងជើង Hwang Pyong-so  និង មន្ត្រីជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​កូរ៉េខាងត្បូង Kim Yang-gon ។  ទោះជា​ផ្លែផ្កា​នៃ​កិច្ចប្រជុំ​មាន​ច្រើន​ឬ​តិច​ក៏ដោយ​ក្តី វា​នៅតែ​ជា​សញ្ញា​វិជ្ជមាន​ដែល​ភាគី​ព្រម​ជជែក​ពិភាក្សា​រឿង​បញ្ហា​ព្រំដែន​នេះ ព្រោះ​វា​អាច​បន្ថយកម្តៅ និង​បញ្ចៀស​សង្គ្រាម​ដែល​អាច​បំផ្លាញ​អាយុជីវិត​ប្រជាជន​ប្រទេស​ទាំងពីរ។ គេ​រំពឹងថា ការដក​ឧបករណ៍​ឃោសនា​នៅតាម​បន្ទាត់​ព្រំដែន​នឹង​ក្លាយជា​ប្រធានបទ​សំខាន់​ក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​ល្ងាច​នេះ​ផងដែរ៕
 
 

Tag:
 ចិន
  កូរ៉េខាងជើង
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com