អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក៖ចំណងមិត្តភាព​ល្អជា​មួយ​ចិន​អាច​ទប់ស្កាត់​គម្រោង​វាតទី​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង
27, Aug 2015 , 5:35 pm        
រូបភាព
គ្មាន​អ្នកណាម្នាក់​ដឹង​ច្បាស់​ថា តើ​ចិន​បញ្ឈប់​សកម្មភាព​វាតទី​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ហើយ​ឬ​នៅឡើយ​មកទល់ពេលនេះ សូម្បីតែ​ក្រុ​វ៉ា​ស៊ី​តោន។ សកម្មភាព​នេះ​បន្តធ្វើ​ឲ្យ​រដ្ឋ​ជា​ភាគី​ជម្លោះ និង​រដ្ឋ​ដែលមាន​ប្រយោជន៍​ក្នុង​សកម្មភាព​ពាណិជ្ជកម្ម​តាម​សមុទ្រ​នោះ នៅតែ​ព្រួយបារម្ភ​ពី​សកម្មភាព​របស់​ចិន​ដដែល។ សហរដ្ឋអាមេរិក នៅ​បន្ត​ឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​សកម្មភាព​ចិន ហើយ​សហរដ្ឋអាមេរិក​បន្ត​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​ដែលមាន​ក្តីបារម្ភ​ដូច​អាមេរិក​ដើម្បី​ស្វែងរក​ដំណោះស្រាយ។ តែ​អាមេរិក​ប្តេជ្ញា​ថា ទោះ​តានតឹង​រវាង​ចិន​និង​អាមេរិក​កើតមាន​ខ្លាំង​ប៉ុណ្ណា​ក៏ដោយ អាមេរិក​នឹង​ស្វះស្វែង​ពង្រឹង​ចំណងមិត្តភាព​ជាមួយ​ចិន ហើយ​រដ្ឋ​ពាក់ព័ន្ធ​ត្រូវ​បន្ត​ប្រើ​យន្តការ​ទ្វេភាគី និង​ពហុភាគី​ដើម្បី​ធានាថា ការទាមទារ​តំបន់​ជម្លោះ​សមុទ្រ​ចិន​អាច​ដោះស្រាយបាន​ដោយ​សន្តិវិធី​និង​យុត្តិធម៌។


 
ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នៅតែ​បញ្ហា​ប្រឈម​ធំ​សម្រាប់​តំបន់ និង​សហគមន៍​អន្តរជាតិ។ កម្តៅ​នៃ​ជម្លោះ​ចេះតែ​កើនឡើង ដោយសារ​សកម្មភាព​ភាគី​ពាក់ព័ន្ធ ជាពិសេស​សកម្មភាព​វាតទី​ឯកតោភាគី​របស់​ចិន​នៅក្នុង​ដែន​ជម្លោះ​ដោយ​សាងសង់​កោះ​សិប្បនិម្មិត​និង​បង្កើត​សកម្មភាព​យោធា​ផង។ហើយ​ក្រោយ​មាន​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​កាលពី​ថ្មី​នេះ​ទៀត រដ្ឋ​ពាក់ព័ន្ធ​ចាប់ផ្តើម​បារម្ភ​ខ្លាំង​ទៀត។ នេះ​ត្បិត​ថា ការប្រណាំង​ប្រជែង​សព្វាវុធ​ក្នុងចំណោម​ភាគី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នាពេល​ឥឡូវ អាច​នាំ​ឲ្យ​មាន​ជម្លោះ​ប្រដាប់អាវុធ​ផង។ តែ​ផ្ទុយទៅវិញ រដ្ឋ​ជម្លោះ​ដូចជា វៀតណាម និង​ហ្វីលីពីន​ដែលមាន​ខ្នងបង្អែក​ធំ​នោះ​ចេះតែ​ឡាំប៉ា ស្រែក​ថ្កោលទោស​ចិន​ឥត​ឈប់ និងរ​ត់រក​ជំនួយ​ពី​ក្រៅ​ថែម​មក​ទប់ទល់​ជាមួយ​ចិន​ផង។ 
 
ហ្វីលីពីន​កន្លងមក​បាន​អូសទាញ​ជប៉ុន​ឲ្យ​ចូលមក​លូក​ឡំ​ក្នុង​បញ្ហា​ជម្លោះ​ដែនទឹក​នេះ​ផង។ ក្រៅពី​ប្រើប្រាស់​នយោបាយ​ការបរទេស ហ្វីលីពីន​ឆ្លៀត​បញ្ជូន​បណ្តឹង​ប្រឆាំង​ចិន​ទៅកាន់​ជ​ម្ឈ​ត្ត​ការ​អន្តរជាតិ​ប្រចាំ​ក្រុងឡាអេ​ផង ប៉ុន្តែ​ចិន​មិន​ឈឺក្បាល​វិលមុខ​សោះ ដោយ​គិតតែ​ពី​ប្រឹង​វាតទី​បាន៨០០ហិកតា ដោយ​បូម​ដី​សាង​កោះ​សិប្បនិម្មិត​នៅ​តំបន់​ជម្លោះ​ធ្វើ​ព្រងើយ។ ចិន​អាង​លើ​ការកាន់កាប់​ពី​ប្រវត្តិសាស្ត្រ និង​ផែនទី៩ចំណុច«រាង​អណ្តាត»ដែល​គូស​ជា​លក្ខណៈ​ឯកតោភាគី​តាំងពី​ឆ្នាំ ១៩៤៧មុន​ប្រកាស​ខ្លួន​ជា​សាធារណរដ្ឋ​មកម្ល៉េះ​នោះ។ ក្រោយ​មានការ​រិះគន់​ច្រើន​ពី​អាមេរិក​ផង ពី​សហគមន៍​អន្តរជាតិ​ផង ចិន​បានប្រកាសថា​ខ្លួន​បញ្ឈប់​សកម្មភាព​សង់​កោះ​នៅ​តំបន់​ជម្លោះ​ហើយ។ 
 
តែថ្មីៗនេះ​មន្ត្រី​ក្រុង​វ៉ាស៊ីនតោន​អះអាងថា គេ​មិនដឹង​ច្បាស់​ថា ចិន​ពិតជា​បញ្ឈប់​សកម្មភាព​បង្ករឿង​របស់ខ្លួន​ហើយ​ឬ​នៅឡើយ។ យ៉ាងណាក៏ដោយ​សហរដ្ឋ​អាមេរិក​និង​បណ្តា​រដ្ឋ​ជា​មិត្ត​និង​ភាគី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត​ចំពោះ​សកម្មភាព​របស់​ក្រុង​ប៉េកាំង និង​ធ្វើយ៉ាងណា​ជំរុញ​ឲ្យ​មានការ​ដោះស្រាយ​ជម្លោះ​នេះ​ដោយ​សន្តិវិធី។ តែ​ថា​តើ​អាមេរិក​មាន​គោលនយោបាយ​បែបណា​ដើម្បី​បញ្ឈប់​សកម្មភាព​ចិន​នៅក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នៅតែ​ជា​រឿង​ស្រពិចស្រពិល​នៅឡើយ។ 
 
ជុំវិញ​បញ្ហា​នេះ ក្នុង​សន្តិ​សីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​អង្គារ​នៅ​ម៉ាឡេស៊ី​ផ្តោតលើ​គោលនយោបាយ​ពង្រឹង​ឥទ្ធិពល​អាមេរិក​នៅ​អាស៊ី និង​កងទ័ពជើងទឹក​អាមេរិក​នៅ​តំបន់​ប៉ាស៊ីហ្វិក ឧ​ត្ត​មនា​វី​ឯក Scott Swift  អគ្គមេបញ្ជាការ​កងទ័ព​ជើង​ទឹក​ប៉ាស៊ីហ្វិក​បាន​ថ្លែង​ឆ្លើយតប​សំណួរ​អ្នកសារព័ត៌មាន​ជុំវិញ​វិធានការ​អាមេរិក​តប​នឹង​គម្រោង​វាតទី​យក​តំបន់​ជម្លោះ​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង។ លោក​ឧ​ត្ត​មនា​វី Scott Swift មេបញ្ជាការ​កងទ័ពជើងទឹក​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក ទើបត្រូវ​បាន​គេ​តែងតាំង​កាលពី​ខែឧសភា​កន្លងទៅ ហើយ​លោក​បានធ្វើ​ទស្សនកិច្ច​ទៅកាន់​បណ្តា​ប្រទេស​ជាច្រើន​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា​ផង។ 
 
លោក​បាន​សង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក​មិន​ផ្លាស់​គោលជំហរ​និង​គោលនយោបាយ​របស់ខ្លួន​ឡើយ ក្នុង​ការភ្ជាប់​ទំនាក់ទំនង​និង​បង្កើន​សហប្រតិបត្តិការ​ជាមួយ​ក្រុង​ប៉េកាំង ដើម្បី​បញ្ចៀស​រាល់​ការយល់ឃើញ​ភាន់​ច្រ​លំ​គ្នា និង​ជំរុញ​ឲ្យ​ចិន​បោះបង់​សកម្មភាព​បង្ករឿង​និង​ប៉ះពាល់​ច្បាប់​អន្តរជាតិ​នេះ។ ម្យ៉ាង​ការបង្កើន​កិច្ចសហការ​រវាង​ក​ឆ្មាំ​សមុទ្រ​ចិន​និង​អាមេរិក​ជា​រឿង​ដែល​មិនអាច​ខ្វះ​បានឡើយ។ មន្ត្រី​យោធា​អាមេរិក​រូបនេះ​រំពឹងថា កងកម្លាំង​ឆ្មាំ​សមុទ្រ​អាមេរិក​និង​ចិន​អាចមាន​លទ្ធភាព​បង្កើត​កិច្ច​ព្រម​ព្រ​ង​ដើម្បី​បញ្ចៀស​រាល់​ការប្រឈមមុខ​ឬ​ប៉ះទង្គិច​គ្នា​ជាយថាហេតុ។ 
 
តាមពិតទៅ ប្រទេស​ជាច្រើន​ដែល​លោក​ឧ​ត្ត​មនា​វី​ខាងលើ បាន​ទៅ​ទស្សនកិច្ច សុទ្ធតែ​បង្ហាញ​កង្វល់​ប្រហាក់ប្រហែលគ្នា​ជុំវិញ​សកម្មភាព​របស់​ក្រុង​ប៉េកាំង​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ដោយ​ពួកគេ​ចង់​ឲ្យ​សកម្មភាព​បង្កបញ្ហា​របស់​ចិន​ឈប់​ជា​ផ្លូវការ។ អ្វីដែល​អាមេរិក​នឹងធ្វើ​បន្តធ្វើ​និង​ត្រូវធ្វើ​គឺ បន្ត​សហការ​និង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​បណ្តា​រដ្ឋ​ក្នុង​តំបន់​ដែល​បង្ហាញ​ក្តីបារម្ភ​ប្រហាក់ប្រហែលគ្នា​នេះ។ 
 
នេះ​អាច​អនុញ្ញាត​ឲ្យ​រដ្ឋ​ទាំងនោះ​អាច​ឈានទៅ​ផ្សះផ្សា​គ្នា ដោយ​ការ​ត្រលប់​ទៅ​តុ​ចរចា​តាម​ផ្នែក​ការទូត​ឡើងវិញ​និង​ចាប់ផ្តើម​សម្របសម្រួល​គ្នា​ចំពោះ​ចំណែក​ដែល​ភាគី​ទាមទារ។ គ្មានអ្វី​ច្បាស់លាស់​ទេ តែ​ភាគី​អាច​ជំរុញ​ការសហការ​រវាង​កង​ទ័ព​និង​កងទ័ព​ក្នុងចំណោម​ប្រទេស​ពាក់ព័ន្ធ​និង​ប្រទេស​ដែ​មាន​ផលប្រយោជន៍​ក្នុង​ជម្លោះ ដែល​វា​អាច​បញ្ចៀស​ការប៉ះទង្គិច​គ្នា​និងរ​ក្សាន​បាន​ស្ថិរភាព​ក្នុង​តំបន់។ 
 
យ៉ាងណា​ក៏ដោយចុះ ក្រៅពី​ប្រើប្រាស់​វិធានការ​ការទូត​ដើម្បី​រារាំង​មហិច្ឆតា​វាតទី​របស់​ចិន​នៅ​តំបន់​ជម្លោះ សហរដ្ឋអាមេរិក​ក៏មាន​យុទ្ធ​សា​ស្ត្ មួយ​ផ្សេងទៀត ដោយ​បង្កើន​សកម្មភាព​សមយុទ្ធ​យោធា​ជាមួយ​បណ្តា​សម្ព័ន្ធមិត្ត​និង ប្រទេស​ដែលជា​ប់​ជម្លោះ​ជាមួយ​ចិន។ សហរដ្ឋអាមេរិក​ទើបតែ​ចងក្រង​យុទ្ធសាស្ត្រ​សន្តិសុខ​ថ្មី​តំបន់​ប៉ាស៊ីហ្វិក ហើយ​ការបង្កើន​ចំនួន​សមយុទ្ធ​យោធា​ជា​យន្តហោះ​បង្អាក់​សកម្មភាព​ចិន​ដែរ។
 
យន្តការ​នេះ​ត្រូវបាន​គេ​ដឹង​ច្បាស់ ក្រោយ​ឧ​ត្ត​មនា​វី​អាមេរិក Harry Harris ជួប​ជជែក​ពិភាក្សា​ជាមួយ​មេបញ្ជាការ​កងទ័ពជើងទឹក​ហ្វីលីពីន​លោក Hernando Iriberri ក្នុងឱកាស​ដែល​មន្ត្រី​យោធា​ក្រុង​វ៉ាស៊ីនតោន​ទៅ​ទស្សនកិច្ច​នៅ​ហ្វីលីពីន។ សមុទ្រ​ចិន​ខាងត្បូង និង​ស​មុ​ទ្ធ​ចិន​ខាងកើត សុទ្ធសឹងតែ​ជាទី​តាំង​សំខាន់បំផុត​ដែល​សមយុទ្ធ​យោធា​នេះ​នឹង​ត្រូវធ្វើ​ឡើយ​ផង។ លំ​ហាត់​យោធា​នេះ​នឹង​ផ្តោតលើ​បច្ចេកទេស ប្រយុទ្ធ សង្គ្រោះ និង​ឆ្លើយតប​គ្រោះមហន្តរាយ​ជាដើម ហើយ​សកម្មភាព​យោធា​នេះ​នឹង​ជួយ​ការពារ​សេរីភាព​ផ្លូវ​សមុទ្រ ការទប់ស្កាត់​ជម្លោះ និង​លើកកម្ពស់​ការប្រតិបត្តិ​តាមច្បាប់​អន្តរជាតិ​ផងដែរ៕
 

Tag:
 សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com