អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន​ខឹង​ជប៉ុន​សង់​នាវាចម្បាំង​ដោយ​ចម្លង​យកឈ្មោះ​នាវា​សម័យ​សង្គ្រាមលោកលើកទី២
29, Aug 2015 , 2:25 pm        
រូបភាព
រឿងចម្រូងចម្រាស​ថ្មី​មួយទៀត​កើតឡើង ស្រប​ពេលដែល​រដ្ឋាភិបាល​ជប៉ុន​ស្វះស្វែង បង្កើន​អំណាច​យោធា​របស់ខ្លួន​ឲ្យ​ខ្លាំងក្លា​ឡើងវិញ។ នោះ​គឺ​ការសង់​នាវាចម្បាំង​សម្រាប់​ដឹក​ឧទ្ធម្ភាគចក្រ​ធំ​បំផុត​ហើយ​ចម្លង​យកឈ្មោះ​នាវាចម្បាំង​ដែល​ចក្រពត្តិ​ជប៉ុន​ប្រើ​សម័យ​សង្គ្រាមលោកលើកទី២។ ឯ​ក្រុង​ប៉េកាំង​បានចេញ​មុខ​រិះគន់​ជប៉ុន​ម្តងទៀត ព្រោះ​ឈ្មោះ​នាវាចម្បាំង​នេះ​រំលឹក​ពី​ប្រវត្តិ​ដ៏​ជូរចត់។


លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ



ស្ងាត់ៗជប៉ុន​ស្រាប់តែ​បង្ហាញ​គម្រោង​សាងសង់​នាវាចម្បាំង​ធុន​ធំ​មួយគ្រឿង សម្រាប់​ប្រើប្រាស់​ដឹកជញ្ជូន​ឧទ្ធម្ភាគចក្រ​ជា​ផ្លូវការ កាលពី​ថ្មី​កន្លងទៅនេះ។ ប៉ុន្តែ​ឈ្មោះ​កប៉ាល់ចម្បាំង​នេះ​បានធ្វើ​ឲ្យ​កើតរឿង​ចម្រូងចម្រាស និង​ធ្វើ​ឲ្យ​អ្នកជិតខាង​ជប៉ុន​ខឹងសម្បារ​ខ្លាំង​ដែរ ដ្បិត​ជប៉ុន​ចម្លង​យកឈ្មោះ​កប៉ាល់ចម្បាំង​សម័យ​សង្គ្រាមលោកលើកទី២ ដាក់​ឲ្យ​កប៉ាល់​ថ្មី​របស់ខ្លួន​នេះ។ ឈ្មោះ​នាវា​ដឹក​ឧទ្ធម្ភាគចក្រ​ថ្មី​នេះ​គឺ « Kaga » ដែល​វា​ជា​នាវាចម្បាំង​ធុន​ធំ​លេខ​រៀង​ទី​ពីរ​ក្នុង​វិស័យ​កងទ័ព​ជប៉ុន ហើយ​វា​មាន​ទម្ងន់​សរុប ២៤ពាន់​តោន​ឯណោះ ។ 
 
ចំណែក​នាវាចម្បាំង​ធុន​ធំ​លេខ​រៀង​ទី១ នោះ​មាន​ឈ្មោះថា Izumo ដែល​វា​ត្រូវបាន​គេ​សាងសង់ឡើង​តាំងពី​ឆ្នាំ ២០១៣មកម្ល៉េះ។ ហើយ​នាវា​នេះ​បាន​ចួ​ល​បម្រើការ​ក្នុង​វិស័យ​យោធា​ជប៉ុន​កាល​តាំងពី​ខែ​មិនា​ឆ្នាំ ២០១៥នេះ។  
 
ជុំវិញ​ការសាងសង់​នាវាចម្បាំង​យកឈ្មោះ​តាម​នាវា​សម័យ​សង្គ្រាមលោក​លើក​ទី២ បានធ្វើ​ឲ្យ​បណ្តា​ប្រទេស​នានា​ដែល​ធ្លាប់​ស្ថិតក្រោម​ការឈ្លានពាន​និង​ធ្វើទុក្ខបុកម្នេញរ​បស់ទ័ព​ជប៉ុន ខឹងសម្បារ​ខ្លាំង​ដែរ។ រឿង​ចម្លង​ឈ្មោះ​នាវាចម្បាំង​នេះ​បាន​ក្លាយជា​រឿងចម្រូងចម្រាស ហើយ​វា​បញ្ជាក់​ពី​ចេតនា​មិនល្អ​របស់​ជប៉ុន ស្រប​ពេលដែល​រដ្ឋ​មួយ​នេះ​កំពុង​ប្រឹងប្រែង​ពង្រឹង​អំណាច​យោធា​របស់ខ្លួន​ឡើងវិញ​ផង។ 

រឿងរ៉ាវ​គឺ​វា​ដូច្នេះ ជប៉ុន​ធ្លាប់មាន​នាវាចម្បាំង​ឈ្មោះ Kaga នៅ​សម័យ​សង្គ្រាមលោក​លើ​ទី២ ហើយ​នាវា​នេះ​ក៏​ធ្លាប់​ចូលរួម​ក្នុង​ប្រតិបត្តិការ​វាយប្រហារ​កំ​ពង់​ផែ​យោធា​អាមេរិក​នៅ Pearl Harbor ឆ្នាំ ១៩៤១ ផងដែរ។ នាវាចម្បាំង​ដើម​ដែលមាន​ឈ្មោះ Kaga នេះ ត្រូវបាន​សាងសង់ឡើង​តាំងពី​ឆ្នាំ ១៩២១ ហើយ​ចូល​បម្រើការ​នៅក្នុង​ឆ្នាំ ១៩២៨ ។ 
 
ក្រៅពី​ថា ជា​នាវាចម្បាំង​សម័យ​សង្គ្រាមលោកលើកទី២  នាវាចម្បាំង Kaga នេះ​ក៏មាន​ឈ្មោះ​បោះ​សំឡេង​ខ្លាំង​ដែរ ដោយសារ​ចូលប្រឡូក​ក្នុង​យុទ្ធនាការ​យោធា​ជាច្រើន ក្រៅពី​វាយប្រហារ​កំពង់ផែ​យោធា​អាមេរិក​ខាងលើ​ផង។ នាវាចម្បាំង​ដើម​នេះ​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​ទម្លាក់​គ្រាប់បែក​នៅ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត ប្រទេស​ចិន ក្នុងនោះ​មាននៅ ណាន​ជី​ង (Nanjing) និង សៀង​ហៃ (Shanghai) ជាដើម។ តែ​នាវាចម្បាំង​មួយ​នេះ​ត្រូវបាន​កងទ័ពជើងទឹក​អាមេរិក​បាញ់​ពន្លិច​នៅក្នុង​ខែមិថុនា​ឆ្នាំ ១៩៤២ មុន​ចប់​សង្គ្រាមលោកលើកទី២ ។ 
 
ដោយសារ​ការចម្លង​ឈ្មោះ​ដាក់​ឲ្យ​នាវាចម្បាំង​ថ្មី​នេះ ចិន​ដែលជា​មិត្ត​ជិតខាង​ហើយក៏​មិនមាន​ទំនាក់ទំនង​ជាមួយ​ជប៉ុន​ស្រាប់​នោះ បានបង្ហាញ​ការសោកស្តាយ និង ខឹងសម្បារ​ខ្លាំង​ដែរ។ ចិន​ចោទ​ជប៉ុន​ថា ការចម្លង​យកឈ្មោះ​កប៉ាល់ចម្បាំង​សម័យ​សង្គ្រាមលោកលើកទី២មក​ដាក់​ឲ្យ​សព្វាវុធ​ខ្លួន​បច្ចុប្បន្ន ជាការ​បង្ហាញ​ឲ្យ​ឃើញ​កាន់តែច្បាស់​ពី​ចេតនា​ពង្រឹង​អំណាច​យោធានិយម​របស់​ជប៉ុន​នា​សម័យកាល​បច្ចុប្បន្ន។ 
 
ក្រៅពីនេះ នាវាចម្បាំង​ជប៉ុន Izumo នោះ​ក៏មាន​ប្រវត្តិ​ចម្រូងចម្រាស​ដែរ ក្នុង​ក្រសែរ​ភ្នែក​ចិន ។ ជប៉ុន​ក៏មាន នាវាចម្បាំង​ឈ្មោះ Izumo ដែល​ក្នុងសម័យ​សង្គ្រាម​ចិន​និង​ជប៉ុន ហើយ​ក្នុង​ឆ្នាំ១៩៣៧ នាវា​នេះហើយ​ដែល​ចេញ​ប្រតិបត្តិ​ការបាញ់​គ្រាប់ផ្លោង​គាំទ្រ​កងទ័ព​ជប៉ុន​ដើម្បី​វាយ​កាន់កាប់​ទីក្រុង​សៀង​ហៃ។ ដូច្នេះ​បានជា​ចិន ចេញមុខ​បង្ហាញ​ការខកចិត្ត និង​រិះគន់​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ ជា​បន្តបន្ទាប់ ៕
 
 
 

Tag:
 ចិន
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com