អន្តរជាតិ
ចិន ៖ បុរស​ចំណាស់​ម្នាក់​រស់នៅ​ក្រោម​ស្ពាន ដើម្បី​សន្សំ​ប្រាក់​ទិញ​ចិញ្ចៀនពេជ្រ និង​ខ្សែ​កមាស​ឲ្យ​ប្រពន្ធ
01, Sep 2015 , 8:19 am        
រូបភាព
ដោយ: ធីតា
រឿងរ៉ាវ​របស់​កម្មក​រ​ចំណាស់​ដ៏​សែន​រ៉ូ​មែន​ទិច​ម្នាក់​មកពី​ទីក្រុង Chongqing ប្រទេស​ចិន ត្រូវបាន​ចុះផ្សាយ​ពាសពេញ​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​កាលពីពេលថ្មីៗនេះ ដោយសារតែ​បុរស​រូបនេះ​ចង់បង្ហាញ​ពី​ក្តី​ស្រឡាញ់​ដែល​គាត់​មាន​ចំពោះ​ប្រពន្ធ​របស់គាត់។ គាត់​ព្យាយាម​សន្សំ​ប្រាក់​ទិញ​ខ្សែ​កមាស និង​ចិញ្ចៀនពេជ្រ​ឲ្យ​ប្រពន្ធ ហើយ​គាត់​សុខចិត្ត​មក​រស់នៅ​ក្រោម​ស្ពាន​ដើម្បី​កាត់បន្ថយ​ការចំណាយ​ប្រចាំថ្ងៃ។

 
កាលពីមុន លោក Xiong ធ្លាប់​រស់នៅក្នុង​ផ្ទះ​ដែល​ផ្តល់​ដោយ​អាជ្ញាធរ​មូលដ្ឋាន។ ប៉ុន្តែ ដើម្បី​កាត់បន្ថយ​ការចំណាយ​លើ​មធ្យោបាយ​ធ្វើដំណើរ គាត់​សម្រេចចិត្ត​ចាក​ចេញមក​រស់នៅ​ក្រោម​ស្ពាន​វិញ ព្រោះថា​វា​ស្ថិតនៅ​ជិត​កន្លែងធ្វើការ​របស់គាត់។ បុរស​រូបនេះ​បាន​និយាយប្រាប់​អ្នកយកព័ត៌មាន​ថា៖ « មក​នៅទីនេះ ខ្ញុំ​អាច​សន្សំ​បាន​ប្រមាណ ៥ យន់ (ស្មើនឹង ០,៧៨ ដុល្លារ) ក្នុង​មួយថ្ងៃ។ ខ្ញុំ​ចង់​ទិញ​ខ្សែ​កមាស និង​ចិញ្ចៀនពេជ្រ​មួយ​វង់​ឲ្យ​ប្រពន្ធ​ខ្ញុំ នៅក្នុង​ហាង​លក់​គ្រឿងអលង្ការ​ក្នុង​អគារ​ពាណិជ្ជកម្ម ដូចជា​អ្នកទីក្រុង​ធ្វើ​ដែរ »។
 
ក្រៅពី​ប្រាក់​ដែល​បាន​ពី​ការងារ​ប្រចាំថ្ងៃ គាត់​ខិតខំ​ដើរ​រើស​សំរាម​នៅ​តំបន់​ក្បែរ​នោះ ដើម្បី​បាន​ប្រាក់កម្រៃ​បន្ថែម និង​ឆាប់​បាន​ប្រាក់​ទិញ​អំណោយ​ឲ្យ​ប្រពន្ធ​របស់គាត់​ដែល​ពេលនេះ មាន​អាយុ​ជាង ៦០ ឆ្នាំ​ទៅហើយ។ ប្រពន្ធ​របស់គាត់​រស់​នៅឯ​ស្រុកកំណើត ដោយ​ចិញ្ចឹមសត្វ និង​ធ្វើស្រែ​ចម្ការ។
 
បុរស​ជា​ប្តី​រូបនេះ​ខិតខំ​ជា​រៀងរាល់ថ្ងៃ ដើម្បី​ទិញ​គ្រឿងអលង្ការ​ដែល​ប្រពន្ធ​របស់គាត់​ប្រាថ្នា​ចង់​បានជា​យូរយារ​ណាស់​មកហើយ និង​ដើម្បី​បង្ហាញ​ឲ្យ​ប្រពន្ធ​របស់គាត់​ដឹងថា មិនបាន​សម្រេចចិត្ត​ខុស​ដែល​ជ្រើសរើស​គាត់​ជា​ប្តី៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com