អន្តរជាតិ
ថៃ៖ ជនសង្ស័យ​បំផ្ទុះ​គ្រាប់បែក​ក្រុង​បាងកក​ត្រូវបាន​ចាប់ខ្លួន​នៅ​ព្រំដែន​កម្ពុជា
01, Sep 2015 , 4:29 pm        
រូបភាព
រូបភាព៖ ពីបាងកកប៉ុស
រូបភាព៖ ពីបាងកកប៉ុស
ដោយ: ថ្មីៗ
លោកនាយក​រដ្ឋមន្ត្រី​ថៃ​ ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ជា​ជនបរទេស​ម្នាក់​ពាក់ព័ន្ធការ​ផ្ទុះ​គ្រាប់បែក​នៅទី​ក្រុង​បាងកក ត្រូវបាន​ចាប់ខ្លួន​នៅ​ព្រំដែន​កម្ពុជា។ នេះ​បើ​យោងតាម បាងកក​ប៉ុស្តិ៍។



ប្រមុខ​របបសឹក​ថៃលោក ​ប្រាយុទ្ធ​ ចាន់​អូចា​ បាន​ថ្លែង​នៅល្ងាច​ថ្ងៃអង្គារនេះថា​ ជនសង្ស័យ​ម្នាក់​ត្រូវ​បានប៉ូលិសថៃចាប់ខ្លួនហើយ​នៅព្រំដែន​កម្ពុជា។ ជនសង្ស័យ​ជាជន​បរទេស​នេះ​ត្រូវបានប៉ូលិសចាប់ខ្លួននៅ Ban Pa Rai ក្នុងស្រុក Aranyaprathet នៅក្នុងខេត្ត Sa Kaeo ក្នុងពេលដែលជននេះ​ព្យាយាមរត់ឆ្លងដែនមកកាន់​ប្រទេស​កម្ពុជា។​

លោក ប្រាយុទ្ធ បានអះអាងថា វា​ជាព័ត៌មាន​ពិត​ដែល​ថា​មានការ​ចាប់​ខ្លួន​ជនសង្ស័យ​សំខាន់ក្នុងការ​រៀបចំ​បំផ្ទុះ​គ្រាប់បែក​នៅ​កណ្តាល​ក្រុង​បាង​កកកាលពីថ្ងៃ​ ១៧ ខែ​សីហា​កន្លងមកនេះ នៅច្រក​ព្រំដែន​កម្ពុជា​-ថៃក្នុងខេត្ត Sa Kaeo។ លោក​បាន​បន្ថែម​ដែរ​ថា ជន​ដែលត្រូវ​ចាប់​ខ្លួននេះ​ជាជនដែលស្ថិតក្នុងកាមេរ៉ាសុវត្ថិភាព​ដែលពាក់អាវ​យឺត​ព៌ណលឿង ហើយស្ពាយកាបូបទៅទម្លាក់​ចោលនៅទីសក្ការហិណ្ឌូ Erawan ថ្ងៃកើតហេតុ។

ជនសង្ស័យ​ដែល​គេ​ចាប់​ខ្លួនបាន​ហើយ​នេះ ត្រូវគេបញ្ជូនទៅមន្ទីរ​ឃុំឃាំងនៅមូលដ្ឋានយោធា​ថៃនៅក្នុងខេត្ត​ Sa Kaeo មុនប៉ូលិសជំនាញថៃបញ្ជូនទៅសួរចម្លើយនៅបាងកក។  សូមទាញការ​ចាប់អារម្មណ៍​បន្តិច​ថា ការ​ចាប់ខ្លួន​នេះ​កើតឡើង​ក្រោយពេលដែល​អាជ្ញាធរ​ថៃ អះអាង​ថា ជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីបំផ្ទុះគ្រាប់​បែក​នៅ​ទីសក្ការហិណ្ឌូ Erawan នោះបានឆ្លងដែនមកលាក់ខ្លួននៅក្នុងប្រទេសកម្ពុជា។ ហើយខាងស្ថាប័នប្រឆាំង​ឧក្រិដ្ឋកម្មថៃ​ក៏បានបញ្ជាក់ផងដែរថា ខ្លួន​បានស្នើសុំទៅកាន់​អាជ្ញាធរ​កម្ពុជា​ដើម្បីមានការ​អន្តរាគមន៍ចាប់ខ្លួនជនទាំងពីរនាក់ផងដែរកាលពី​ព្រឹក​មិញនេះ។ មានរបាយការណ៍ខ្លះថាជននេះ​ត្រូវបាន​ចាប់​ខ្លួន​នៅ​ក្នុងប្រទេស​កម្ពុជា​ផង។

ប៉ុន្តែ​ប្រភពខាងប៉ូលិសថៃ មិនបាន​ផ្តល់ព័ត៌មានបន្ថែមទៀតឡើយ ជុំវិញពាក្យចរចាមអារ៉ាមថា ជនសង្ស័យ​ត្រូវបានចាប់ខ្លួនក្នុងប្រទេសកម្ពុជា តែលួចបង្ហើបថា​ជននោះមាន​ឈ្មោះ​ថា Yusufu ។ ប្រព័ន្ធ​ផ្សព្វផ្សាយថៃ​ស្រាប់​តែ​បង្ហាញរូប​លិខិតឆ្លងដែនជនជាតិ​ចិន ដែល​មានភិនភាគត្រូវគ្នាជាមួយជនសង្ស័យនេះ។ ក្នុង​លិខិត​ឆ្លង​ដែន​ នោះគេឃើញ​ឈ្មោះ​ Yusufu Mieraili ហើយជននេះមកពីខេត្ត ស៊ីនជាំង​ប្រទេសចិន ដែលជាតំបន់ប្រជាជន​អ៊ុយហ្គួរ​រស់នៅ។

នៅ​ល្ងាចម៉ោង​៥នេះ នគរបាលជាតិ​ថៃ​នឹង​ធ្វើ​សន្និសីទសារព័ត៌មាន ដើម្បី​បង្ហាញ​មុខជនដែលត្រូវចាប់ខ្លួន និងផ្តល់ព័ត៌មាន​លម្អិត​ជុំវិញ​ការចាប់​ខ្លួន​និង ព័ត៌មានផ្ទាល់របស់ជនសង្ស័យផង៕

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com