អន្តរជាតិ
ចិន-វៀតណាម​រក្សា​ភាពចាស់ទុំ​ក្នុងការ​ដោះស្រាយ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង
04, Sep 2015 , 6:59 pm        
រូបភាព
ដោយ:
ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺជា​បញ្ហា​ជម្លោះ​អធិបតេយ្យ​ដ៏​ចម្រូងចម្រាស​មួយ​រវាង​រដ្ឋ​អាស៊ាន និង ចិន ដែល​រយៈពេល​ចុងក្រោយ​នេះ បាន​រុញច្រាន​ឲ្យ​មាន​ភាព​តានតឹង​ដាក់គ្នា​កាន់តែខ្លាំងឡើង។ រឿង​គួរ​ឲ្យ កត់សម្គាល់​នោះ ចិន និង វៀតណាម នៅតែ​បន្ត​ជំហ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ដើម្បី កាត់បន្ថយ​ភាព​តានតឹង​ប្រទេស​ទាំងពីរ។



រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង រដ្ឋាភិបាល​ក្រុង​ហាណ​យ បាន​ព្រមព្រៀងគ្នា​បន្ត​ដោះស្រាយ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដោយ​សន្តិវិធី ដើម្បី​ពង្រឹង​ទំនាក់ទំនង​រដ្ឋ​ទាំងពីរ និង កាត់បន្ថយ​ភាព​តានតឹង​លើ​បញ្ហា​ដែន​អធិបតេយ្យ។ កិច្ចសន្ទនា​រវាង​ប្រមុខរដ្ឋ​ទាំងពីរ​នេះ ត្រូវបាន​ធ្វើឡើង​ក្នុងឱកាស​ដែល​ចិន បានធ្វើ​ព្យុហយោធា​យោធា ដើម្បី​រម្លឹក​ខួប​លើក​ទី៧០នៃ​ជ័យជំនះ​សង្គ្រាមលោកលើកទី២កាលពី​ម្សិលមិញ នេះ ។

ការបន្ត​វាតទី​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​លើ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ជា​ឯកតោភាគី ដើម្បី បម្រើ​ផលប្រយោជន៍​ខ្លួន រួមមាន​ការសាងសង់​មូលដ្ឋានទ័ព​យោធា ស្ថានីយ៍​បូម​ប្រេង និង កោះ​សិប្បនិម្មិត បានធ្វើ​ឲ្យ​មានការ​ប្រឈមមុខគ្នា​ជាច្រើន។ បញ្ហា​នេះ បានកើត​ឡើង ក៏​ព្រោះតែ​រដ្ឋ​ពាក់​ព​ន្ធ័​មួយចំនួន​ហាក់ដូចជា​មិនមាន​ឆន្ទៈ ដើម្បី​ចូល​ដោះស្រាយ តែ​បាន​ប្រើប្រាស់​សព្វាវុធ​ដើម្បី​បង្ហាញ​សាច់ដុំ​ដាក់គ្នា​ជំនួស​ទៅវិញ។

ដកស្រង់​ចេញពី​សារព័ត៌មាន​Xinhua លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង បាន​ថ្លែង​ទៅកាន់ លោក​ប្រធានាធិបតី វៀតណាម Truong Tan Sang ថា « យើង មាន​ឆន្ទៈ​ដើម្បី​ដោះស្រាយ​ជម្លោះ​ជា​លក្ខណៈ​ទ្វេភាគី​តាម  រយៈ​កិច្ចសន្ទនា និង ពង្រីក​កិច្ចសហប្រតិបត្តិការ និង​ផលប្រយោជន៍​រួមគ្នា «។ ហើយ​ឆ្លើយតប​នឹង​ការបង្ហាញ​ឆន្ទៈ​របស់លោក ស៊ី ជិន​ពីង ប្រមុខរដ្ឋ​វៀតណាម ក៏បាន​អះអាងថា » វៀតណាម នឹង​បន្ត​ពង្រឹង​ការទុកចិត្ត​ផ្នែក​នយោបាយ និង ការផ្លាស់ប្តូរ​យោបល់​គ្នា​លើ​វិស័យ​ផ្សេងទៀត​ជាមួយនឹង​ចិន ក៏ដូចជា​ធ្វើ​ឲ្យ​កិច្ចសហប្រតិបត្តិការ​ឈ្នះ-ឈ្នះ​ប្រទេស​ទាំងពីរ​កាន់តែ​ល្អ​នឹង​គ្នា​ផងដែរ«។

សូម​រម្លឹក​ផងដែរ ចិន និង វៀតណាម ធ្លាប់មាន​ការប្រឈមមុខ​គ្នា​ច្រើនដង​មកហើយ​នៅក្នុង​តំបន់​ជម្លោះ ក្នុងនោះ​រហូតដល់​មាន​កុបកម្ម​ដុត​រោងចក្រ​ចិន​ជាច្រើន​នៅ​ប្រទេស​វៀតណាម ដោយ​ប្រជាជន​វៀតណាម ក្រោយពី​នាវា​ចិន បាន​បាញ់​ពន្លិច​ទូក​នេសាទ​វៀតណាម។ យ៉ាងណាក៏ដោយ គេ​សង្កេត រដ្ឋាភិបាល​ទាំងពីរ​មិនបាន​បញ្ចេញ​សាច់ដុំ​ដាក់គ្នា​តាមរយៈ​យោធា​នោះទេ ក៏ប៉ុន្តែ​នៅតែ​បន្ត​ជំហរ​ដោះស្រាយ​តាមរយៈ​កិច្ចសន្ទនា​ស្ងៀមស្ងាត់។

ផ្ទុយ​ពី​វៀតណាម ហ្វីលីពីន​ដែលជា​រដ្ឋ​ពាក់​ព​ន្ធ័​សមុទ្រ​ចិន​ខាងត្បូង និង ចិន​តែងតែ​ចាត់ទុកថា​ជា​មេ​បង្កបញ្ហា​នៅក្នុង​តំបន់ មិនបាន​ប្រកាន់ខ្ជាប់​ទំនាក់ទំនង​ល្អជា​មួយ​ចិន​នោះទេ។ នោះ គឺ​រដ្ឋ​ទាំងពីរ​តែងតែ​បង្ហាញ​កម្លាំងយោធា និង សព្វាវុធ​ដាក់គ្នា​នៅក្នុង​តំបន់​ជម្លោះ​តាមរយៈ​ការធ្វើ​សមយុទ្ធ​យោធា និង បង្កើន​ថវិកា​ដើម្បី​ពង្រឹង​វិស័យ​យោធា​រៀងខ្លួន ដែល​សកម្មភាព​នេះ ត្រូវបាន​គេ​ចាត់ទុកថា​ជាការ​គំរាមកំហែង​សន្តិសុខ និង សន្តិភាព​នៅក្នុង​តំបន់។

សូម​រម្លឹក​ផងដែរ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​ដែន​អធិបតេយ្យ ដែលមាន​រដ្ឋ​ពាក់​ព​ន្ធ័ រួមមាន ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និង ចិន។ បញ្ហា​នេះ មិនទាន់មាន​ដំណោះស្រាយ​រួម​អស់  រយៈពេល​បួន​ទសវត្សរ៍​មកហើយ។ ដោយឡែក សម្រាប់​យន្តការ​នានា​ដែល​អាស៊ាន​និង​ចិន បានធ្វើ​កន្លងមក គឺ​គ្រាន់តែ​ជាការ​កាត់បន្ថយ​ភាព​តានតឹង​តែប៉ុណ្ណោះ៕


Tag:
 ចិន
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com