អន្តរជាតិ
ជនភៀសខ្លួន​នាំគ្នា​ចេញពី​ហុង​គ្រី​ទៅ​អូទ្រីស រីឯ​សព​កុមារ​Aylan ត្រូវបាន​បញ្ចុះ​ក្នុង​ទឹកដី​កំណើត​ស៊ី​រី
05, Sep 2015 , 11:06 am        
រូបភាព
ដោយ: ថ្មីៗ
សព​កុមារ​Aylan ដែល​បាន​អណ្តែត​មកដល់​ឆ្នេរ​តួ​ក​គី ធ្វើអោយ​ពិភពលោក​ទាំងមូល​រន្ធ​ត់​ចិត្ត​នោះ ត្រូវបាន​បញ្ចុះ​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ ជាមួយ​ម្តាយ​និង​បងប្រុស​នៅ​ក្រុង​កូ​បា​ណេ ប្រទេស​ស៊ី​រី។ នៅ​ហុង​គ្រី​វិញ ជនភៀសខ្លួន​ជាង១០០០នាក់ ដែល​ជាប់​ខ្លួន​នៅ​ក្រុង​ប៊ុ​យ​ដា​ពេ​ស បាននាំគ្នា​ដើរ​ថ្មើរជើង​ចេញពី​ហុង​គ្រី ឆ្ពោះទៅ​អូទ្រីស។ ម្សិលមិញ សភា​ហុង​គ្រី​បាន​តក់ក្រហល់ បោះឆ្នោត​រឹតបន្តឹង​ច្បាប់​អន្តោប្រវេសន៍។ ហុង​គ្រី​ក៏​បញ្ជូន​រថយន្ត​អោយ​ដឹក​ជនភៀសខ្លួន​ទាំងនេះ​ទៅ​ព្រំដែន​អូទ្រីស​ដែរ។



នៅ​ក្រុង​កូ​បា​ណេ ភាគ​ខាងជើង​ស៊ី​រី ថ្ងៃ​សុក្រ​ម្សិលមិញ លោក​Abdullah Kurdi បាន​បីត្រកង​សព​កូនប្រុស​Aylan នៅជាប់​ដើមទ្រូង មុននឹង​ដាក់​បញ្ចុះ​នៅក្នុង​រណ្តៅ។ កុមារ​Aylan បានធ្វើអោយ​ពិភពលោក​ទាំងមូល​រន្ធ​ត់​ចិត្ត ពេល​បាន​គេ​ឃើញ​រូបភាព​សព​កុមារ​អណ្តែត​មកលើ​ឆ្នេរសមុទ្រ​តួ​ក​គី។

ក្រោយ​ការ​លិច​ទូក​ដែល​ដឹក​កុមារ​Aylan និង​គ្រួសារ ធ្វើអោយ​ស្លាប់​មនុស្ស១២នាក់ កាលពី​យប់​ថ្ងៃ​អង្គារ ចូល​ថ្ងៃ​ពុធ ម្សិលមិញ​នេះ តុលាការ​តួ​ក​គី​បាន​កាត់ទោស​ដាក់​ជនជាតិ​ស៊ី​រី៤នាក់ អោយ​ជាប់ពន្ធនាគារ​ពីបទ​ធ្វើឃាត​ដោយ​អ​ចេតនា និង​រត់ពន្ធ​ជនអន្តោប្រវេសន៍។

ងាក​មក​អឺរ៉ុប​វិញ នៅ​ហុង​គ្រី ជនភៀសខ្លួន​ជាង១០០០នាក់ ដែល​នៅជាប់​នៅ​ស្ថានីយ​រថភ្លើង​ក្រុង​ប៊ុ​យ​ដា​ពេ​ស​ច្រើន​ថ្ងៃ​មកនេះ បាននាំគ្នា​ដើរ​ថ្មើរជើង​តាមផ្លូវ​ចរាចរណ៍​ធំ​មួយ បន្តដំណើរ​ឆ្ពោះទៅ​អូទ្រីស។ អូទ្រីស​នៅ​ឆ្ងាយ​ពី​ស្ថានីយ​រថភ្លើង​ក្រុង​ប៊ុ​យ​ដា​ពេ​ស​ដល់​ទៅ១៧៥គីឡូម៉ែត្រ។ រដ្ឋាភិបាល​ហុង​គ្រី​បានសម្រេច​ដឹក​ពួកគេ​រាប់ពាន់នាក់​តាម​រថយន្ត​ទៅ​ព្រំដែន​អូទ្រីស​វិញ។ ដោយឡែក ជនភៀសខ្លួន​ដែល​ជាប់ឃុំ​នៅ​ហុង​គ្រី​គ្មាន​សិទ្ធិ​ឡើង​រថយន្ត​នេះ​ទៅ​ទេ។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​Bicske ជិត​ក្រុង​ប៊ុ​យ​ដា​ពេ​ស មាន​ជនភៀសខ្លួន៣៥០នាក់ បាននាំគ្នា​រត់គេច​ចេញ​ពី​រថភ្លើង​មួយគ្រឿង ដែល​នៅ​នឹងថ្កល់។ អាជ្ញាធរ​ហុង​គ្រី​ចង់អោយ​ពួកគេ​ទៅ​នៅ​ជំរំ​ភៀសខ្លួន​មួយកន្លែង។ ពេល​មានការ​រត់គេច​នេះ ពលរដ្ឋ​ប៉ា​គី​ស្ថាន​អាយុ៥១ឆ្នាំ​ម្នា​ក់បាន​ស្លាប់ ដោយ​មិនដឹង​មូលហេតុ​ពិត​នៅឡើយ។ នៅ​ជិត​ព្រំដែន​Röszkeជាប់​ស៊ែរ​ប៊ី​វិញ ជនភៀសខ្លួន៣០០នាក់​បាននាំគ្នា​រត់គេច​ពី​ជំរំ​មួយកន្លែង។

ដោយសារ​ភាពច្របូកច្របល់ សភា​ហុង​គ្រី​បាន​បោះឆ្នោត​បន្ទាន់ រឹតបន្តឹង​ច្បាប់​អន្តោប្រវេសន៍​ដែរ។ ច្បាប់​ដែល​ទើប​ពង្រឹង​នេះ ចែង​ពង្រាយ​យោធា​នៅតាម​ព្រំដែន ហើយ​ដាក់ទោស​ដល់​ការធ្វើ​អន្តោប្រវេសន៍​ខុសច្បាប់ រហូត​អោយ​ជនល្មើស​ជាប់ពន្ធនាគារ​ដល់​ទៅ៣ឆ្នាំ។

អឺរ៉ុប​នៅតែ​មិនអាច​ដោះស្រាយ​អ្វី​ចេញ​នៅឡើយ។ គណៈកម្មការ​អឺរ៉ុប​ចង់អោយ​ប្រទេស​សមាជិក​ចែក​កូតា​គ្នា​ទទួលយក​ជនភៀសខ្លួន​ជាង១សែន​នាក់ ដែល​ទើប​មកដល់​ក្រិ​ក ហុង​គ្រី និង​អ៊ីតាលី។ បើ​មានការ​អនុម័ត​បំណង​គណៈកម្មការ​អឺរ៉ុប បារាំង​អាចនឹងទទួល​យក២៧០០០នាក់៕


Tag:
 ជនភៀសខ្លួន
  ស៊ី​រី
© រក្សាសិទ្ធិដោយ thmeythmey.com