អន្តរជាតិ
ជនភៀសខ្លួន​ម្នាក់​បាន​អូស​ប្រពន្ធ​មាន​ផ្ទៃពោះ និង​កូនប្រុស​តូច​ឲ្យ​ទៅ​ដេក​លើផ្លូវ​រថភ្លើង ព្រោះ​រស់​មិន​ប្រសើរ​ជាង​ស្លាប់
05, Sep 2015 , 4:27 pm        
រូបភាព
ដោយ: ធីតា
ឪពុក​នៃ​គ្រួសារ​ភៀសខ្លួន​ស៊ី​រី​ម្នាក់​បាន​អូស​ប្រពន្ធ​មាន​ផ្ទៃពោះ ដែល​ឱបក្រសោប​កូនប្រុស​តូច​ជាប់​នឹង​ទ្រូង ទៅ​ដេក​សម្លាប់ខ្លួន​នៅលើ​ផ្លូវ​រថភ្លើង ព្រោះ​បុរស​នេះ​យល់ថា ពួកគាត់​រស់នៅ​មិន​ប្រសើរ​ជាង​ស្លាប់​ទេ។

 
Mohammed Bakkar បាន​បង្ក​ភាព​រំជើបរំជួល​ជាថ្មី​ម្តងទៀត ដោយ​បង្ហាញ​ពី​ទុក្ខលំបាក​របស់​ជនភៀសខ្លួន តាមរយៈ​រូបភាព​ដ៏​គួរ​ឲ្យ​សោ​កស​ង្រែ​ង​ដែល​ប៉ូលិស​ហុង​គ្រី​បាន​អូស​រូបគាត់ ព្រមទាំង​ប្រពន្ធ​កូន​ចេញពី​ផ្លូវ​រថភ្លើង​នៃ​ក្រុង Budapest ។
ពេលនេះ ក្រុមគ្រួសារ​មួយ​នេះ​បាន​ស្នាក់នៅ​ក្នុង​ជំរំ​ជនភៀសខ្លួន​មួយ​នៅ​ភាគ​ខាងលិច​ទីក្រុង​នេះ បន្ទាប់ពី​ចាកចេញ​ពី​ប្រទេស​ស៊ី​រី​ក្នុង​គោលបំណង​ទៅកាន់​ប្រទេស​អូទ្រីស។ លោក Bakkar បាន​និយាយ​ដោយ​អស់​សង្ឃឹមថា មុនពេល​ដែល​គាត់​សម្រេចចិត្ត​ធ្វើបែបនេះ អាជ្ញាធរ​ហុង​គ្រី​បាន​ប្រាប់​លោក​ថា ប្រពន្ធ និង​កូន​របស់គាត់​នឹងត្រូវ​បំបែក​ចេញពី​គាត់។
 
លោក​បាន​ប្រាប់ Sky News ថា៖ « ខ្ញុំ​យល់ថា រស់​មិន​ប្រសើរ​ជាង​ស្លាប់​ទេ។ មានតែ​សេចក្តីស្លាប់​ទេ ទើប​អាច​ឲ្យ​យើង​រក​សន្តិភាព​បាន »។ ការសម្រេចចិត្ត​នេះ​គឺ​ផ្សារភ្ជាប់​នឹង​ការប្រព្រឹត្ត​របស់​អាជ្ញាធ​រ​ចំពោះ​ជនភៀសខ្លួន។ លោក​បាន​បន្ថែមទៀតថា៖ « ស្ថាន​ភាពមិន​ងាយស្រួល​ទេ។ អ្វីដែល​ពួកគេ​ធ្វើ មិនមែនជា​ទង្វើ​មនុស្ស​ឡើយ »។
 
គ្រួសារ​របស់ Bakkar បាន​ជិះ​រថភ្លើង​នៅ​ក្រុង Budapest កាលពី​ថ្ងៃ​ព្រហស្បតិ៍ ជាមួយនឹង​ជនភៀសខ្លួន​រាប់រយ​នាក់​ផ្សេងទៀត​ដែល​គិតថា ពួកគេ​នឹង​បានចេញ​ទៅកាន់​ប្រទេស​អូទ្រីស។ ប៉ុន្តែ រថភ្លើង​បាន​ឈប់​នៅ​ភាគ​ខាងលិច​ទីក្រុង​នេះ គឺ​នៅ Bicske ដែលមាន​ជំរំ​ជនភៀសខ្លួន​មួយ។
 
ដោយ​ភាព​អស់សង្ឃឹម លោក Bakkar បាន​នាំ​ប្រពន្ធ និង​កូន​ទៅ​ដេក​លើផ្លូវ​រថភ្លើង ដើម្បី​សម្លាប់ខ្លួន។ តែ​នៅ​ទីបំផុត ពួកគេ​ត្រូវ​ប៉ូលិស​ចាប់ទាញ​ចេញ។
ស្ថានីយ៍​រថភ្លើង​បាន​បិទ​ពីរ​ថ្ងៃ ដោយសារ​មាន​ជនភៀសខ្លួន ២ ០០០ នាក់​ធ្វើបាតុកម្ម​តវ៉ា។ ទន្ទឹមនឹងនោះ ស្ត្រី​ម្នាក់​បាន​សម្រាលកូន​នៅ​ផ្លូវ​ក្រោម​ដី​ដែលមាន​មនុស្ស​ណែនណាន់ ដោយសារតែ​រថយន្ត​សង្គ្រោះបន្ទាន់​មិន​នាំ​ស្ត្រី​នោះ​ទៅ​មន្ទីរពេទ្យ។
 
បច្ចុប្បន្ននេះ ជនភៀសខ្លួន​រាប់ពាន់នាក់​បាន​ប្រថុយ​ជីវិត​របស់ខ្លួន​ដើម្បី​ឆ្លងដែន​ទៅ​អឺរ៉ុប ក្នុង​គោលបំណង​គេច​ពី​ជម្លោះ​ប្រដាប់អាវុធ និង​ការ​ធ្វើទុក្ខបុកម្នេញ​នៅ​តំបន់​មជ្ឈិមបូព៌ា និង​ទ្វីបអាហ្វ្រិក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com