អន្តរជាតិ
ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​ប៉ូឡូញ​ម្នាក់​រើស​បាន​ចិញ្ចៀន​ភ្ជាប់ពាក្យ​របស់ Paris Hilton
06, Sep 2015 , 8:19 am        
រូបភាព
ដោយ: ធីតា
Paris Hilton បាន​វង្វេង​ដៃ​ធ្វើ​ឲ្យ​បាត់​ចិញ្ចៀន​ភ្ជាប់ពាក្យ​របស់​នាង​ដែលមាន​តម្លៃ ១០ ម៉ឺន​ដុល្លារ។ សំណាងល្អ ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​ជនជាតិ​ប៉ូឡូញ​ម្នាក់​រើស​បាន​ចិញ្ចៀន​នេះ ហើយ​បាន​យក​វា​ទៅ​ដាក់​នៅ​កន្លែង​រក្សាទុក​វត្ថុ​បាត់​នៅ​ព្រលានយន្តហោះ​ទីក្រុង Lodz ប្រទេស​ប៉ូឡូញ។

 
សេដ្ឋីនី​ស្នង​មរតក​សណ្ឋាគារ Hilton បានមក​កាន់​ទីក្រុង Lodz កាលពី​សប្តាហ៍​មុន ដើម្បី​ចូលរួម​ក្នុង​ពិធី​សមោសរ​ពិភពលោក​មួយ។ ចិញ្ចៀន​ដ៏​ធំ ហើយ​ធ្ងន់​ដែល​លម្អ​ដោយ​គ្រាប់ពេជ្រ​យ៉ាងច្រើន​នោះ ត្រូវបាន​ប្រទះឃើញ​នៅ​ចន្លោះ​កៅអី​នៃ​រថយន្ត​សម្រាប់​ដឹក​អ្នកដំណើរ​ជាន់ខ្ពស់ ទៅកាន់​យន្តហោះ​ដែល​ពួកគេ​ត្រូវ​ជិះ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​ព្រលានយន្តហោះ​ទីក្រុង Lodz ទៅកាន់​ទីភ្នាក់ងារ AFP ។
 
លោក Mierczyslaw Cieslaczyk ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​ដែល​រើស​បាន​ចិញ្ចៀន​នេះ មិន​បានដឹង​ជាមុន​ទេ​ថា វា​គឺជា​របស់​តារា​ដ៏​ល្បីល្បាញ Paris Hilton ។ ភ្នាក់ងារ​នេះ​អាចនឹងទទួល​បាន​រង្វាន់​លើកទឹកចិត្ត ដោយហេតុថា ក្រមរដ្ឋប្បវេណី​ប៉ូឡូញ​បាន​ចែងថា រង្វាន់​លើកទឹកចិត្ត​សម្រាប់​ការរកឃើញ​វត្ថុ​ដែល​បាត់ ឲ្យ​ម្ចាស់​ដើម​វិញ គឺ​ត្រូវ​តបស្នង​ស្មើនឹង ១០% នៃ​តម្លៃ​វត្ថុ​បាត់។ ពេលនេះ គេ​នៅ​មិនទាន់​ដឹង​ទេ​ថា តើ​ម្ចាស់​ចិញ្ចៀន​យល់ព្រម​ធ្វើតាម​ច្បាប់​នេះ​ឬ​យ៉ាងណា ?
 
តែ​សម្រាប់​ភ្នាក់ងារ​នោះ គាត់​បាន​ស្រមៃ​ទុកជា​ស្រេច​ទៅហើយ​ថា តើ​គាត់​ត្រូវ​ចាយវាយ​ប្រាក់រង្វាន់​នោះ​យ៉ាងដូចម្តេចខ្លះ។ គាត់​រំពឹងថា នឹងធ្វើ​ដំណើរ​កម្សាន្ត​ទៅកាន់​ប្រទេស​ធាតុអាកាស​ក្តៅ​ជាមួយនឹង​ភរិយា​របស់គាត់៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com