អន្តរជាតិ
ជំនួប​ប្រទេស​G២០ឆ្លៀត​លើក​និយាយ​ពី​បញ្ហា​ជនភៀសខ្លួន
06, Sep 2015 , 3:42 pm        
រូបភាព
ដោយ: ថ្មីៗ
នៅ​តួ​ក​គី ថ្ងៃ​សៅរ៍​ម្សិលមិញ ក្នុងជំនួប​ប្រទេស​ទាំង២០ដែលមាន​សេដ្ឋកិច្ច​លូតលាស់​ខ្លាំងជាងគេ គេ​ក៏បាន​ឆ្លៀត​ពិភាក្សា​ពី​វិបត្តិ​ជនភៀសខ្លួន​នៅ​អឺរ៉ុប​ខ្លះ​ដែរ។ ឧបនាយករដ្ឋមន្ត្រី​តួ​ក​គី​បាន​លើកឡើងថា នឹង​លើកយក​ប្រធានបទ​នេះ​ទៅ​ពិភាក្សា​ជា​បែប​នយោបាយ សម្រាប់​ជំនួប​មេដឹកនាំ​រដ្ឋាភិបាល​ប្រទេស​G២០ នៅ​ពាក់កណ្តាល​ខែវិច្ឆិកា​ខាងមុខ។ ម្សិលមិញ ជនភៀសខ្លួន​រាប់ពាន់នាក់​បានធ្វើ​ដំណើ​រ​ពី​ហុង​គ្រី ទៅដល់​អាល្លឺម៉ង់​និង​អូទ្រីស​ហើយ។

 
ត្បិត​ថា ជំនួប​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​G២០ នៅ​ប្រទេស​តួ​ក​គី ម្សិលមិញ ត្រូវបាន​គ្របដណ្តប់​ដោយ​ប្រធានបទ​ទាក់ទង​នឹង​ចិន ក៏​ភាគី​ដែល​ចូលរួម​ប្រជុំ​មិនបាន​ភ្លេច​យក​បញ្ហា​ជនភៀសខ្លួន​មក​ដាក់​សតិ គ្រប់ៗគ្នា ដែលជា​តំណាង​រដ្ឋ​និមួយៗទេ។ ក្រៅពី​ការលើកឡើង​របស់លោក​Cevdet Yilmazជា​ឧបនាយករដ្ឋមន្ត្រី​តួ​ក​គី ប្រធាន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ លោកស្រី​Christine Lagarde បានលើកឡើង​ពី​អារម្មណ៍​របស់លោក​ស្រី ដែល​នៅតែ​នឹកភ្នក​ទៅរក​មហន្តរាយ​នៅ​ឆ្នេរសមុទ្រ។ លោកស្រី​បានលើកឡើង​ថា នេះ​ជា​កិច្ចការ​របស់​គ្រប់គ្នា។ 
 
លោក​Christian Noyer ជា​ប្រធាន​ធនាគារ​បារាំង​វិញ បាន​លើកឡើងថា នេះ​ជា​អ្វីដែល​អាច​ជះឥទ្ធិពល​លើ​ស្ថានភាព​សេដ្ឋកិច្ច ហើយក៏​អាច​ប៉ះពាល់​ជាយថាហេតុ​ណាមួយ​ទៅលើ​ផ្នែក​ហិរញ្ញវត្ថុ​សាធារណៈ​ដែរ។ លោក​ក៏បាន​គូសបញ្ជាក់ថា ការមកដល់​នៃ​ជនភៀសខ្លួន​អាច​នឹង​ក្លាយជា​ការពង្រឹង​សក្តានុពល​នៃ​កំណើន​ផងដែរ។
 
សម្រាប់ ការទទួល​ជនភៀសខ្លួន​ចូល​ស្រុក អាល្លឺម៉ង់​បានបង្ហាញ​ជំហរ​ព្យាយាម​ធានា​អោយ​ថវិកាជាតិ​មាន​តុល្យភាព។ ក្នុងការ​ទទួលយក​ជ​ន​ភៀសខ្លួន អាល្លឺម៉ង់​ប្រហែលជា​អាច​ចាយវាយ​ដល់​ទៅ១០ពាន់​លាន​អឺរ៉ូ ក្នុង​ឆ្នាំ២០១៥នេះ ពោលគឺ​ច្រើនជាង​ឆ្នាំមុន​ដល់​ទៅ ៤ដង។ 
 
ដោយឡែក ទាក់ទង​នឹង​ប្រធានបទ​សេដ្ឋកិច្ច ក្នុងជំនួប​កំពូល​G២០វិញ សមាជិក​G២០ សុទ្ធតែ​ទទួលស្គាល់ថា ពិភពលោក​គ្មាន​កំណើន​ស្របតាម​ការចង់បានរ​បស់​ពួកគេ​ទេ។ ការវិនិយោគ​មាន​តិចតួច ការធ្វើ​អាជីវកម្ម​ក៏​អន់​ខ្សោយ ហើយ​បើ​និយាយ​ពី​ជន​គ្មាន​ការងារ​ធ្វើ​វិញ ក៏មាន​ច្រើន។ លើសពីនេះ ប្រទេស​ទាំងអស់​កំពុង​បារម្ភ​ពី​ការ​បន្ថយល្បឿន​នៃ​កំណើនសេដ្ឋកិច្ច​របស់​ចិន។ សមាជិក​G២០បាន​ព្រមព្រៀងគ្នា​មិន​បញ្ចុះ​ថ្លៃ​រូបិយវត្ថុ ដើម្បី​ជំរុញអោយមាន​ការប្រកួត​ប្រជែង​គ្នា​ឡើយ។ មូលហេតុ គឺថា ក្នុង​បទពិសោធន៍​អាក្រក់ កន្លងមក ក្រុង​ប៉េកាំង​បាន​បញ្ចុះ​ថ្លៃ​ប្រាក់​យ័ន ធ្វើអោយប៉ះពាល់​ខ្លាំង​ដល់ទី​ផ្សារ​ហិរញ្ញវត្ថុ៕ 
 

Tag:
 ​ជនភៀសខ្លួន
© រក្សាសិទ្ធិដោយ thmeythmey.com