ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សួន សេរីរដ្ឋា អញ្ជើញមេបក្សប្រឆាំងដែលគ្មានអាសនៈ ពិភាក្សាចងសម្ព័ន្ធ
11, Sep 2015 , 7:59 pm        
រូបភាព
 
គណបក្សអំណាចពលរដ្ឋខ្មែរ បានអញ្ជើញបក្សដែលមិនមានអាសនៈក្នុងរដ្ឋសភា ចូលរួមប្រជុំពិភាក្សាបង្កើត «សម្ព័ន្ធគណបក្សដែលគ្មានអាសនៈក្នុងសភាដើម្បីតស៊ូគោលនយោបាយរួម» មុនការចូលរួមបោះឆ្នោត នីតិកាលទី៦ ឆ្នាំ២០១៨ ។ វេទិកានេះនឹងប្រព្រឹត្តទៅនៅសណ្ឋាគារ សាន់វ៉េ នាថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ ។ នេះបើតាមការអះអាងរបស់លោក ទេព វីរៈ អ្នកនាំពាក្យគណបក្សអំណាចពលរដ្ឋខ្មែរ។

 
បន្ទាប់ពីលោក សួន សេរីរដ្ឋា មកដល់កម្ពុជាគណបក្សអំណាចខ្មែរ នឹងអញ្ជើញបក្សទាំងឡាយ ដែលទើបតែបង្កើតក្នុងអាណត្តិនេះ និងបក្សដែលបានចូលរួមបោះឆ្នោតកន្លងមក តែមិនមានអាសនៈក្នុងរដ្ឋសភា ឲ្យចូលរួមបើកកិច្ចប្រជុំរួមគ្នាដើម្បីចងសម្ព័ន្ធគណបក្ស ។ គោលបំណងនៃការចងសម័្ពន្ធគណបក្សនេះ គឺដើម្បីតស៊ូមតិទល់នឹងបក្សកាន់អំណាចក្នុងការទាមទារគោលនយោបាយរួមមួយ សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ អាណត្តិទី៦ ឆ្នាំពី២០១៨ ខាងមុខ។
 
បើតាមលោក ទេព វីរៈ ដែលជាអ្នកនាំពាក្យនៃគណបក្សអំណាចខ្មែរ គណបក្សអំណាចពលរដ្ឋខ្មែរបានត្រៀមគោលនយោបាយរួចរាល់ហើយ ដើម្បីតស៊ូមតិជាមួយរដ្ឋាភិបាល។ គោលនយោបាយទាំងនោះមានដូចជា ការរំលាយ គ.ជ.ប បច្ចុប្បន្នចោល និងបង្កើត គ.ជ.ប ថ្មី, ការទាមទារឲ្យពលរដ្ឋទាំងក្នុងស្រុកនិងក្រៅស្រុក អាចបោះឆ្នោតបានទាំងអស់គ្នា, ការលុបបំបាត់ឈ្មោះជនជាតិវៀតណាមចេញពីបញ្ជីឈ្មោះបោះឆ្នោត, ការកំណត់អាណត្តិនាយករដ្ឋមន្ត្រីត្រឹមពីរអាណត្តិ ជាដើម។ អ្នកនាំពាក្យរូបនេះបញ្ជាក់ថា៖ «យើងគ្រាន់តែចងសម្ព័ន្ធគណបក្សដើម្បីតស៊ូមតិ តែមិនមែនបង្រួបបង្រួមគណបក្សចូលគ្នា ដូចបក្សសិទ្ធិមនុស្ស និងបក្សសម រង្ស៊ី ទេ»។ លោកសង្កត់ធ្ងន់ៗថា៖ «ប្រសិនបើគោលនយោបាយខាងលើនេះ យើងមិនអាចទាមទារបានទេ នោះគណបក្សអំណាចពលរដ្ឋខ្មែរនឹងមិនចូលរួមបោះឆ្នោតឡើយ»។
 
រហូតមកដល់ពេលនេះ គណបក្សអំណាចពលរដ្ឋខ្មែរបានដាក់លិខិតអញ្ជើញទៅកាន់បក្សមួយចំនួនរួចរាល់ហើយ ដូចជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន។
 
សូមបញ្ជាក់ថា លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចពលរដ្ឋខ្មែរនឹងមកដល់កម្ពុជានៅថ្ងៃទី ១ ខែតុលា ឆ្នាំ២០១៥ ។ បន្ទាប់មក ប្រធានគណបក្សរូបនេះ នឹងបង្កើតវេទិកាពីរផ្តួនៗគ្នា ពោលគឺ ថ្ងៃទី២ ខែតុលា នឹងបើកវេទិកាប្រជុំពិភាក្សាបង្កើត «សម្ព័ន្ធគណបក្សដែលគ្មានអាសនៈក្នុងសភាដើម្បីតស៊ូមតិស្តីពីគោលនយោបាយរួម»  ហើយថ្ងៃទី៣ ខែតុលា បើកវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ "ភាពជាអ្នកនយោបាយ" ៕
 
 

Tag:
 សួន សេរីរដ្ឋា
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com