ជាតិ
​​​ន​យោ​បាយ​ជាតិ​
CNRP មិន​ចំណាយពេល​ជាមួយ​គណបក្ស​អំណាច​ខ្មែរ
16, Oct 2015 , 5:22 pm        
រូបភាព
អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​ឆ្លើយតប​នឹង​បក្ស​អំណាច​ខ្មែរ ថា មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​មិនអាច​ចំណាយពេល ចូលរួម​ពិភាក្សា​ជាមួយ​បក្ស​អំណាច​ខ្មែរ ដែលជា​បក្ស​គ្មាន​អាសនៈ​ក្នុង​រដ្ឋសភា​នោះទេ។ ការឆ្លើយតប​របស់​អ្នកនាំពាក្យ​រូបនេះ ធ្វើឡើង​ក្រោយពេល​លោក សួន សេរី​រដ្ឋា ប្រកាស​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួនថា គណបក្ស​លោក​នឹង​អញ្ជើញលោក សម រង្ស៊ី ឲ្យ​ចូលរួម​ក្នុ​វេទិកា​របស់ខ្លួន ក្រោម​ប្រធានបទ «ភាពជា​អ្នកនយោបាយ» ដើម្បី​ផ្តល់ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​សួរដេញដោល​ទាក់ទង​នឹង​បេក្ខជន​នាយករដ្ឋមន្ត្រី របស់​គណបក្ស​សង្គ្រោះ​ជាតិ។



លោក យឹម សុវណ្ណ ហាក់​មិន​ចាប់អារម្មណ៍​សោះឡើយ​ចំពោះ​ការប្រកាស​របស់លោក សួន សេរី​រដ្ឋា ដែល​ចង់​អញ្ជើញលោក សម រង្ស៊ី ឲ្យ​ចូលរួម​វេទិកា «ភាពជា​អ្នកដឹកនាំ» នៅ​ថ្ងៃទី ១៩ ខែតុលា ខាងមុខ។ មិន​ត្រឹមតែ​មិន​ចាប់អារម្មណ៍​ទេ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ ថែមទាំង​ថ្លែង​ទៀតថា មេដឹកនាំ​បក្ស​របស់ខ្លួន​មិន​ចំណាយពេល​ជាមួយ​គណបក្ស​តូចតាច​នេះឡើយ។

លោក យឹម សុវណ្ណ បញ្ជាក់​ដូច្នេះ​ថា៖«គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវការ​ពេលវេលា ដើម្បី​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រទេសជាតិ និង​ផលប្រយោជន៍​ប្រជាជន។យើង​មិនអាច​ចំណាយពេល ទៅ​ពិភាក្សា​ជាមួយ​បក្ស​ដែល​គ្មា​អាសនៈ​ក្នុង​រដ្ឋសភា​នោះទេ។ហើយ​ម្យ៉ាងទៀត​បក្ស​នេះ មិនមែនជា​ដៃគូ​ប្រកួតប្រជែង​របស់​បក្ស​សង្គ្រោះ​ជាតិ​ឡើយ»។

ទោះបីជា​យ៉ាងណាក៏ដោយ លោក ទេព វីរៈ អ្នកនាំពាក្យ​បក្ស​អំណាច​ខ្មែរ​នៅតែ​អះអាងថា បក្ស​អំណាច​ខ្មែរ នឹងដាក់​លិខិត​អញ្ជើញលោក សម រង្ស៊ី នៅ​ថ្ងៃទី១៩ ខែតុលា​ខាងមុខ ហើយ​វេទិកា​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅ​ភោជនីយដ្ឋាន​ទន្លេរ​បាសាក់២ ។ អ្នកនាំពាក្យ​រូបនេះ​បន្តថា វេទិកា «ភាពជា​អ្នកនយោបាយ» មិន​ត្រឹមតែ​ផ្តល់ឱកាស​ដល់​យុវជន​សួរ​ទៅកាន់ ប្រធាន​បក្សប្រឆាំង​មាន​អាសនៈ​ក្នុង​រដ្ឋសភា​រូបនេះ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​វេទិកា​សួរដេញដោល​គ្នា រវាង​លោក សួន សេរី​រដ្ឋា និង​លោក សម រង្ស៊ី ផងដែរ។

លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ប្រសិនបើ​លោក សម រង្ស៊ី ពិត​ជាមាន​វប្បធម៌​ប្រជាធិបតេយ្យ​ក្នុង​ខ្លួន​មែន​នោះ រូបលោក​ច្បាស់​ជា​ហ៊ាន​ចូលរួម​ក្នុង​វេទិការ​នេះ។ តែបើ​មិន​ហ៊ាន​ទេ បញ្ជាក់ថា លោក​សម រង្ស៊ី ប្រហែលជា​ខ្លាច​បាក់មុខ ឬក៏​ខ្លាច​បាត់បង់​សំឡេងគាំទ្រ ពី​ការប្រឈមមុខ​ក្នុង​វេទិកា​នេះ»។

សូម​រំឭក​បន្តិច​ដែរ​ថា វេទិកា «ភាពជា​អ្នកនយោបាយ» នេះ ត្រូវបាន​រៀបចំ​ឡើយ​ដោយ​បក្ស​អំណាច​ខ្មែរ​ជា​លើក​ទី១ រួច​ម្តងមកហើយ កាលពី​ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ ៕


Tag:
 លោក សួន សេរី​រដ្ឋា
  លោក យឹម សុវណ្ណ
© រក្សាសិទ្ធិដោយ thmeythmey.com