ជាតិ
សង្គមជាតិ
ក្រសួង​រ៉ែ បើក​ឲ្យ​មាន​ឡូត៍​បូម​ខ្សាច់​ថ្មី​នៅ​ទន្លេបាសាក់
19, Feb 2016 , 7:59 am        
រូបភាព
ដោយ:
​ក្រសួង​រ៉ែ និង​ថាមពល បានចាប់ផ្តើម​បើក​ឲ្យ​មាន​ឡូត៍​បូម​ខ្សាច់​ស្របច្បាប់​មួយចំនួន នៅតាម​បណ្តោយ​ដង​ទន្លេបាសាក់​។ ការបើក​ឡូត៍​បូម​ខ្សាច់​ថ្មី​បន្ថែម​នេះ ដោយសារ​ស្ថាន​ផាព​ទន្លេបាសាក់​ត្រង់ចំណុច​មួយចំនួន​មាន​ខ្សាច់​ដុះ​ខ្ពស់ បណ្តាល​ឲ្យ​ទន្លេ​គោក​រាក់​ខ្លាំង ពិបាកធ្វើ​នាវាចរណ៍​តាមផ្លូវ​ទឹក និង​ប្រឈម​នឹង​ការបាក់​ច្រាំង​ដោយសារតែ​ចរន្តទឹក​ហូរ​ខុស​ប្រក្រតី​។ នេះ​បើតាម​លោក ឌិ​ត ទីណា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​។



​បើតាម​លោក ឌិ​ត ទីណា ដែល​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​១៧​ខែកុម្ភៈ ការសិក្សា​បឋម ដង​ទន្លេបាសាក់​នេះ នឹងមាន​ទីតាំង​ត្រូវ​ស្តារ​ខ្សាច់​ច្រើន​កន្លែង​ជាង​ទន្លេមេគង្គ និង​ទន្លេចតុមុខ ដោយសារតែ​ទន្លេបាសាក់ មិន​ធ្លាប់បាន​បូម​ស្តារ​ពីមុនមក​។​

​ជាមួយនឹង​ការបើក​ឡូត៍​បូម​ខ្សាច់​ថ្មី​នេះ ក្រសួង​រ៉ែ និង​ថាមពល ក៏​កំពុង​សិក្សា​ពី​ក្រុមហ៊ុន​ដែល​កំពុង​ធ្វើ​អាជីវកម្ម​ខ្សាច់ ដើម្បី​ឲ្យ​មក​ចូលរួម​ដេញថ្លៃ​បូម​ខ្សាច់​នៅ​ឡូត៍​បើក​ថ្មី​នេះដែរ​។ ដំណើរការ​ដេញថ្លៃ នឹង​ចាប់ផ្តើម​នៅពេល​មន្ត្រី​ជំនាញ​របស់​ក្រសួង​សិក្សា​ពី​បច្ចេកទេស និង​តំបន់​ដែល​ត្រូវ​បូម​រួចរាល់​ជាមុនសិន​។ នេះ​ជាការ​បញ្ជាក់​របស់​មន្ត្រី​ជាន់ខ្ពស់​របស់​ក្រសួង​រ៉ែ​ដដែល មុននឹង​លោក​បន្តថា ក្រុមហ៊ុន ដែលមាន​សិទ្ធិ​ចូលរួម​ដេញថ្លៃ ត្រូវតែ​ឆ្លងកាត់​ការត្រួតពិនិត្យ​ទាំង​បច្ចេកទេស​សម្ភារ ដើម្បី​ឲ្យ​ដំណើរការ​បូម ប្រព្រឹត្តិ​ទៅតាម​ច្បាប់ មិន​បង្ក​មហន្តរាយ​ដល់​បរិស្ថាន​ធម្មជាតិ និង​ប៉ះពាល់​ដល់​ប្រយោជន៍​ប្រជាពលរដ្ឋ​។

​សូមបញ្ជាក់ថា បច្ចុប្បន្ន​ក្រុមហ៊ុន​ដែលមាន​អាជ្ញា​បណ្ណ​បូម​ខ្សាច់​នៅ ក្នុង​ទន្លេ​ដោយ​ស្របច្បាប់​មាន​ចំនួន​៧​ក្រុមហ៊ុន ក្នុងនោះ​តំបន់​រកា​កោង​មាន​ចំនួន​៥​ឡូត៍ នៅ​ទន្លេចតុមុខ​ត្រង់​ចុង​ជ្រោយ​សណ្ឋាគារ​សុខា និង​តំបន់​ក្បែរ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ រហូតដល់​កៀនស្វាយ ខេត្តកណ្តាល​។

​កន្លងមក​ក្រសួង​បាន​ប្រើ​វិធានការ​ក្តៅ​មួយចំនួន​ដើម្បី​ទប់ស្កាត់​ការ​បូម​ខ្សាច់​អនាធិបតេយ្យ ក្នុងនោះ​រួមមាន​ការចុះ​ត្រួតពិនិត្យ​ជាប្រចាំ​រវាង​ឆ្នាំ​ទន្លេ សហការ​ជាមួយ​អាជ្ញាធរ​ដែនដី និង​កងកម្លាំងប្រដាប់អាវុធ​។ លើសពីនេះ ក្រសួង​ក៏បាន​បង្កើត​ខ្សែ​ទូរ​សព្ទ​ទាន់​ហេតុការណ៍ គឺ​លេខ​០៩៥ ៧២៧ ៧២៧ ដែល​ដំណើរការ​២៤​ម៉ោង សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​រាយការណ៍ នៅពេល​មានការ​បូម​ខ្សាច់​លួចលាក់ នៅក្នុង​តំបន់​ដែល​ពួកគាត់​រស់នៅ​ផងដែរ​៕

​ប្រភព​៖AKP


Tag:
 បូម​ខ្សាច់​
  ឌិ​ត ទីណា​
© រក្សាសិទ្ធិដោយ thmeythmey.com