អត្ថបទពាណិជ្ជកម្ម
ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​រ​វាង​សង្គម​ស៊ីវិល និង​អាជ្ញាធរ​មូលដ្ឋាន​ដើម្បីផ្តល់សេវា​កម្មដ​ល់​ពលរដ្ឋ​ងាយ​រងគ្រោះ​
27, Feb 2016 , 9:43 am        
រូបភាព
ដោយ: ថ្មីៗ
 
​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦ អង្គការ​ជនពិការ​អន្តរជាតិ​បានរៀបចំ​សិក្ខាសាលា​​ប្រកាស​បើក​គម្រោង “ ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​រ​វាង​សង្គម​ស៊ីវិល និង​អាជ្ញាធរ​មូលដ្ឋាន​​ក្នុង​ការផ្តល់​សេវាកម្ម​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ” នៅ​សណ្ឋាគារ​៧​មករា ខេត្តកំពង់ចាម ដោយមាន​ការចូលរួម​ជា​គណៈអធិបតី​ពី លោក កែវ នា​ឬ​ទ្ធិ នាយករង​រដ្ឋបាល សាលាខេត្ត​កំពង់ចាមតំណាង​ដ៏​ខ្ពង់ខ្ពស់​នៃ​អភិបាលខេត្ត​កំពង់ចាម លោក ហ្សី​ល នូ​ហ្សី​យេ នាយក​អង្គការ​ជនពិការ​អន្តរជាតិ លោក ងិន សៅ​រ័ត្ន នាយក​អង្គការ​ជនពិការ​កម្ពុជា និង ​លោក សយ សុខន នាយក​អង្គការ​តំណាង​ជនពិការ​ជួយ​ខ្លួនឯង​ស្រុក​បាធាយ ។
 
​សិក្ខាសាលា​នេះ​មាន​គោលបំណង​៖  ១/​ចែករំលែក​ពី​ការចាប់ផ្តើម​បើក​ដំណើរការ​នៃ​គម្រោង​អភិវឌ្ឍន៍​មូលដ្ឋាន​សម្រាប់​ទាំងអស់គ្នា​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងឡាយ​នៅ​ខេត្តកំពង់ចាម និង​ត្បូងឃ្មុំ ២/​ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​រ​វាង​គ្នា​ក្នុង​រយៈពេល​នៃ​ដំណើរការ​អនុវត្ត​គម្រោង ដែល​នឹងចូលរួម​អនុវត្ត​ដោយ​អង្គការ​ជនពិការ​អន្តរជាតិ ជា​ដៃគូ​ជាមួយ​អង្គការ​ជនពិការ​កម្ពុជា និង​អង្គការ​តំណាង​ជនពិការ​ជួយ​ខ្លួនឯង ស្រុក​បាធាយ ក្រោម​ការឧបត្ថម្ភ​ថវិកា​ពី​សហភាព​អឺរ៉ុប (EU) ។​
​សិក្ខាសាលា​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​អភិបាលស្រុក តំណាង​ក្រុមប្រឹក្សាឃុំ តំណាង​ជនពិការ​ឃុំ នាយក​ទីចាត់ការ​ផែនការ​និង​វិ​និ​យា​គ មន្ទីរ​សង្គមកិច្ច និង​មន្ទីរ​កិច្ចការនារី​
​ខេត្ត​ត្បូងឃ្មុំ និង​កំពង់ចាម តំណាង​អង្គការ​សង្គម​ស៊ីវិល និង​អ្នកពាក់ព័ន្ធ​ផ្សេងៗ​ទៀត​។ 
 
​លោក ហ្សី​ល នូ​ហ្សី​យេ នាយក​អង្គការ​ជនពិការ​អន្តរជាតិ​បាន​មានប្រសាសន៍​ឲ្យ​បានដឹងថា “ អង្គការ​ជនពិការ​អន្តរជាតិ បាន​បង្កើតឡើង នៅ​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​១៩៨២ ជា​អង្គការ​អន្តរជាតិ​
​មិនមែន​រដ្ឋាភិបាល មិន​ចំណុះ​ជាតិ​សាសន៍ មិន​ប្រកាន់​គណៈបក្ស និង​ជា​អង្គ​ការមិន​រកប្រាក់​ចំណេញ ដែលមាន​ជំនាញ​លើ​ពិការភាព ហើយ​ធ្វើការ​ជាមួយ​ជនពិការ ដើម្បី​ផ្តល់ជំនួយ និង​ការគាំទ្រ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ពង្រឹងសមត្ថភាព​របស់​ពួកគេ​។ សិក្ខាសាលា​ក្នុងថ្ងៃនេះ​មាន​គោលបំណង​ក្នុងការ​ដោះស្រាយ​បញ្ហា​របស់​ជនពិការ ដោយមាន​​ការបង្ហាញ​ពី​សារៈសំខាន់​នៃ​ការចូលរួម​របស់​ជន​ពិការ​នៅក្នុង​ដំណើរការ​នៃ​ការ​នៃ​ការអភិវឌ្ឍន៍​ថ្នាក់មូលដ្ឋាន​។ ក្រុមប្រឹក្សាឃុំ អ្នកផ្តល់​សេវា និង​សហគមន៍​គួរតែ​យកចិត្តទុកដាក់​នូវ​ការលើកឡើង​របស់​ជនពិការ ពីព្រោះ​សម្លេង​របស់​ពួកគាត់​ត្រូវបាន​រាប់បញ្ចូល​”។
 
​លោក កែវ នា​ឬ​ទ្ធិ នាយករង​រដ្ឋបាល សាលាខេត្ត​កំពង់ចាម​បាន​ក៏បាន​មានប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា​“ គម្រោង​ដែល​នឹង​បើក​ដំណើរការ​នាពេលនេះ បាន​នឹង​កំពុង​ចូលរួមចំណែក​បង្កើន​នូវ​ទំនាក់ទំនង​​ដ៏​ល្អ​រវាង​អាជ្ញាធរ​មូលដ្ឋាន និង​សង្គម​ស៊ីវិល​ក្នុងការ​លើកកម្ពស់ ការដាក់បញ្ចូល​បញ្ហា​និង​តម្រូវការ​​របស់​បងប្អូន​ជនពិការ​ទៅក្នុង​ផែនការ​វិនិយោគ​ឃុំ ដែល​អនុវត្ត​យុទ្ធសាស្ត្រ​អភិបាលកិច្ច​ល្អ និង​គណនេយ្យភាព​សង្គម ផ្អែកលើ​យន្តការ ផែនការ​អនុវត្ត​រយៈ​ពេល​បី​ឆ្នាំ ដំណាក់កាល​ទី​២ របស់​រាជរដ្ឋាភិបាល​កម្ពុជា​​” ។
 
​គួរបញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា គម្រោង​“ ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​រ​វាង​សង្គម​ស៊ីវិល និង​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការផ្តល់សេវា​កម្មដ​ល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ” នឹង​អនុវត្ត​នៅ​ស្រុក​ចំនួន​៤ ឃុំ​ចំនួន​១៦ នៅ​ខេត្ត​ត្បូងឃ្មុំ និង​កំពង់ចាម​។ 

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com