ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រធាន​បក្សប្រឆាំង​ប្រាប់​សកម្មជន​ខ្លួន​កុំ​ឲ្យ​គិតពី​រឿង​ឥតប្រយោជន៍​
06, Mar 2016 , 4:02 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ថ្លែង​នៅក្នុង​វេទិកា​សកម្មជន​មូលដ្ឋាន​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​០៦ មីនា ព្រឹក​នេះ ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​សកម្មជន​របស់ខ្លួន កុំ​ឲ្យ​គិតពី​រឿង​ឥតប្រយោជន៍ និង​កុំ​ឆ្លើយតប​នឹង​រឿង​ទាំងនេះ គឺ​ត្រូវ​គិតគូរ​ពី​រឿង​បោះឆ្នោត​។ ការ​ថ្លែង​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស​រូបនេះ គឺ​បន្ទាប់ពី​មានការ​ចោទប្រកាន់​ឯកឧត្តម កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ខ្សែអាត់​សំឡេង​ជុំវិញ​រឿងអាស្រូវ​ស្នេហា​។​


«​យើង​កុំ​ខ្វល់ខ្វាយ រឿង​អត់​ប្រយោជន៍ គេ​ចង់​អូសទាញ​យើង ឲ្យ​យើង​ទៅ​ចូលរួម ទៅ​ជជែក ទៅ​ឆ្លើយឆ្លង ទៅ​ដោះស្រាយ ចំពោះ​រឿង​ដែល​អត់​ប្រយោជន៍ អ្វី​ដែលមាន​ប្រយោជន៍ គឺ​ការបោះឆ្នោត ព្រោះ​មានតែ​ការបោះឆ្នោត​ទេ ដែល​អាច​នាំមក​ការផ្លាស់ប្តូរ ដែល​គោលដៅ​របស់​យើង​» នេះ​ជាការ​ថ្លែង​របស់​ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ តាមរយៈ​វីដេអូ Conference ក្នុង​វេទិកា​ជួប​សកម្មជន​មូលដ្ឋាន នៅ ភូមិ​ជាងទង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នៅ​ថ្ងៃអាទិត្យ ទី​០៦ ព្រឹក​មិញ​នេះ​។

ទោះបីជា​ប្រធាន​គណបក្សប្រឆាំង​ធំជាងគេ​នៅ​កម្ពុជា​រូបនេះ មិន​ថ្លែង​ចំៗ ថា​ជា​រឿង​អ្វី​ក៏ដោយ តែ​ការ​ថ្លែង​នេះ គឺ​ទំនង​ចង់​ប្រាប់​សកម្មជន​របស់ខ្លួន កុំ​ឲ្យ​ខ្វល់ខ្វាយ​ជាមួយ​រឿង​ខ្សែអាត់​សំឡេង ដែលជា​គេ​សង្ស័យថា ជា​សំឡេង​ទំនាក់ទំនង​ស្នេហា របស់​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ឯកឧត្តម កឹម សុខា ជាមួយ​ស្ត្រី​អនាមិក​ម្នាក់ ដែល​ប្រើ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ  «Mon Srey»​។  

គួរ​បញ្ជាក់ថា ​ជុំវិញ​រឿងអាស្រូវ​ស្នេហា​នេះ កាលពី​ថ្ងៃទី​០៤ មីនា មាន​យុវជន​មួយក្រុម បាន​លើកគ្នា​ទៅមុខ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ដាក់​ញត្តិ​ទាមទារ​ឲ្យ        ឯកឧត្តម កឹម សុខា ឆ្លើយតប​ជាមួយ​ពួកគេ ថា រឿងរ៉ាវ​ស្នេហា​នេះ ពិត ឬ​មិន​ពិត​។ ហើយ​នៅ ថ្ងៃទី​០៥ មីនា ម្សិលមិញ យុវជន​ទាំងនេះ ក៏បាន​ចូលរួម​ក្នុង​វេទិការ​ជួប​សកម្មជន​មូលដ្ឋាន​នៅ​ខេត្ត​ព្រះសីហនុ​ផងដែរ​។ ហើយ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​០៦ មីនា ពួកគេ​ក៏បាន​ចូលរួម​ក្នុង​វេទិកា​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​នៅ​ភ្នំពេញ​ដែរ ដើម្បី​ទាមទារ​ឲ្យ​ឯកឧត្តម កឹម សុខា ឆ្លើយតប​ពី​រឿង​ចចាមអារ៉ាម​នេះ​៕   


Tag:
 ​សម រង្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com