ជាតិ
វេទិកាកសិករថ្នាក់ជាតិលើកទី៦នឹងលើកឡើងពី «កសិករស្ត្រីឆ្នើមក្នុងវិស័យកសិកម្ម»
07, Mar 2016 , 8:30 am        
រូបភាព
ដោយ: ថ្មីៗ
ក្រុមការងារយេនឌ័រ និងកុមារនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រោមកិច្ចសហការជាមួយអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិចំនួន១៣ និងវិស័យឯកជន នឹងរៀបចំវេទិកាកសិករថ្នាក់ជាតិលើកទី៦ ក្រោមប្រធានបទ «កសិករស្ត្រីឆ្នើមក្នុងវិស័យកសិកម្ម» នាថ្ងៃទី៩ ខែមីនា នៅសណ្ឋាគារអ៊ីមភឺរាលហ្គាដិន ក្នុងរាជធានីភ្នំពេញ។



វេទិកាកសិករថ្នាក់ជាតិលើកទី ៦ ក្រោមប្រធានបទ «កសិករស្ត្រីឆ្នើមក្នុងវិស័យកសិកម្ម» ដើម្បីស្វែងរកដំណោះស្រាយកង្វល់ជាអាទិភាពចំនួនបីរបស់កសិករស្ត្រី ក្នុងនោះមានដូចជា ការរកទឹក ទុន និងទីផ្សារសម្រាប់ផលិតផលកសិកម្ម។

យោងតាមសេចក្តីជូនដំណឹងរបស់វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ការស្វែងរកដំណោះស្រាយចំពោះកង្វល់របស់កសិករអំពីតម្លៃទីផ្សារ ប្រព័ន្ធធារាសាស្ត្រ និង ការវិនិយោគ នៅតែជាបញ្ហាប្រឈម។ បញ្ហានេះបានកើតឡើង និងបណ្តាលឲ្យមានការបាត់បង់ផ្នែកសេដ្ឋកិច្ចដ៏ធំធេងចំពោះប្រទេស ដែលនៅក្នុងនោះ ប្រជាជនជាង ៨០% នៃចំនួនប្រជាជនសរុបពឹងអាស្រ័យលើការងារកសិកម្ម។

វេទិកាពេញមួយថ្ងៃដែលរៀបចំឡើងនៅថ្ងៃទីពុធ ទី៩ ខែមីនា ខាងមុខនេះ នឹងមានអ្នកចូលរួមប្រមាណ២៥០នាក់ដែលតំណាងឲ្យស្ថាប័នរាជរដ្ឋាភិបាល វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ និងកសិករមកពីប្រាំតំបន់៕


Tag:
 កសិកម្ម
  កសិករស្ត្រី
  វេទិកាកសិករថ្នាក់ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com