ជាតិ
​​​ន​យោ​បាយ​ជាតិ​
​ចេញពី CNRP ទៅ​នៅ​សំបុក​ឃ្មុំ​បាន​៣​ខែ លោក អ៊ុក ស៊ុយ សម្រេច​បង្កើត​បក្ស​ថ្មី​មួយទៀត​
07, Mar 2016 , 5:24 pm        
រូបភាព
​លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បាន​បាត់បង់​ឥស្សរជន​នយោបាយ​ម្នាក់​ទៀតហើយ គឺ​លោក អ៊ុក ស៊ុយ ដែលជា​អគ្គលេខាធិការ​គណបក្ស​។ លោក អ៊ុក ស៊ុយ បានសម្រេច​ចិត្ត​លាលែង​ពី​តំណែង​អគ្គលេខាធិការ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ កាលពី​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ។ លោក អ៊ុក ស៊ុយ បាន​អះអាងថា ការដើរ​ចេញពី​ជម្រក​ចុងក្រោយ​នេះ មិនមែន​ព្រោះតែ​លោក មានទំនាស់​ជាមួយ​លោក ម៉ម សូណង់ដូ ឡើយ តែ​ដោយសារតែ​អ្នកមាន​លុយ​និង​អំណាច កំពុង​ជះឥទ្ធិពល​ទៅក្នុង​គណបក្ស​។​



​គ្រាន់តែ​កាត់​ផ្តាច់និស្ស័យ​នយោបាយ​ជាមួយ​លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ មិនទាន់បាន​មួយ​សប្តាហ៍​ផង លោក អ៊ុក ស៊ុយ  ក៏បាន​ដាក់​លិខិត​ទៅកាន់​ក្រសួងមហាផ្ទៃ​ភ្លាម នៅ​រសៀល​ថ្ងៃទី​៧ ខែមីនា នេះ ដើម្បី​សុំ​បង្កើត​គណបក្ស​ផ្ទាល់ខ្លួន ដែលមាន​ឈ្មោះថា «​គណបក្ស​ខ្មែរ​ដើម្បី​ខ្មែរ​»​។

​មូលហេតុ ដែល​បណ្តាល​ឲ្យ លោក អ៊ុក ស៊ុយ សម្រេចចិត្ត​ចាកចេញ​ពី​គណបក្ស​សំបុក​សង្គម​ប្រជាធិបតេយ្យ ហើយ​ទៅ​បង្កើត​គណបក្ស​ថ្មី គឺ​ដោយសារតែ អ្នកមាន​លុយ មានអំណាច កំពុងតែ​ជ្រៀតជ្រែក​ចូលក្នុង​ដែន​អធិបតេយ្យភាព​នៃ​គណបក្ស​នេះ​។ លោក​ថា គោលបំណង​ធំ​បំផុត​ក្នុង​ជីវិត​នយោបាយ គឺ​លោក​ចង់​ទទួលបាន​ឯករាជ្យ​និង​សេរីភាព​គ្រប់គ្រាន់​ក្នុងការ​ធ្វើ​កិច្ចការ​ដើម្បី​សម្រេច​ឧ​ត្ត​ម​គតិ​របស់ខ្លួន​និង​ប្រយោជន៍​ជាតិ ដោយ​គ្មាន​ការបង្គាប់បញ្ជា​ពី​បុគ្គល​ខាងក្រៅ​។ ជាងនេះទៀត លោក ក៏បាន​បន្ថែមថា ការបង្កើត​គណបក្ស​ថ្មី​នេះ គឺ​ដើម្បី​មានឱកាស​ពេញលេញ​និង​អធិបតេយ្យភាព​បរិបូរ​ក្នុង​ការធ្វើ​នយោបាយ​តាម​ការយល់ដឹង​និង​ឆន្ទៈ​របស់ខ្លួន ផងដែរ​។

​លោក អ៊ុក ស៊ុយ បានបញ្ជាក់​ប្រាប់​សារ​ព័​ត៌ា​មាន​ថ្មីៗ​បែបនេះ​ថា​៖«​តាំងពី​ខ្ញុំ​ចូល​ជាមួយ​លោក ម៉ម សូណង់ដូ ខ្ញុំ​មិនដែល​មាន​បញ្ហា​អ្វី​ជាមួយ​គាត់​នោះទេ​។ តែ​ខ្ញុំ​មិន​ពេញចិត្ត ត្រង់ចំណុច​ដែលមាន​អ្នក​ខាងក្រៅ​លូកដៃ​ចូល ធ្វើ​ឲ្យ​បក្ស​គ្មាន​ភាព​ឯករាជ្យ​ក្នុងការ​សម្រេច​កិច្ចការ​។ អ៊ីចឹង​ខ្ញុំ​នៅ​ធ្វើ​អ្វីទៀត បើ​យើង​គ្មាន​សិទ្ធិ​ពេញលេញ​ដើម្បី​ធ្វើ​កិច្ច​ការដែល​យើង​ចង់​ធ្វើ​ផង​ហ្នឹង​»​។

​យ៉ាង​ក៏ដោយចុះ លោក​ព្យាយាម​មិន​បំភ្លឺ​ពី​អ្នកមាន​លុយ មានអំណាច ដែល​កំពុង​ដាក់​ជើង លូកដៃ​ចូលក្នុង​បក្ស​នោះ ថា​ជា​អ្នកណា​ឡើយ ដោយ​លោក​អះអាងថា អ្វីៗ​នឹង​ត្រូវបាន​បកស្រាយ​លម្អិត​ក្នុង​សន្និសីទ​សារព័ត៌មាន​។ មេបក្ស​ថ្មី​រូបនេះ នឹង​បើក​សន្និសីទ​សារព័ត៌មាន ស្តីពី​ការបង្កើត​គណបក្ស​រប​ស់​ខ្លួន តែ​លោក មិនអាច​ប្រាប់​ឲ្យ​ច្បាស់​ថា នៅពេលណា​នោះទេ​។ 

​សូមបញ្ជាក់ថា លោក អ៊ុក ស៊ុយ បាន​ប្រឡូក​ក្នុង​វិស័យ​នយោបាយ​ជា​លើកដំបូង​ក្នុង​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៊ិច តាំងពី​ទសវត្សរ៍​ទី​៨០​មកម្ល៉េះ​។ ក្រោយមក លោក​ក៏បាន​បោះបង់​គណបក្ស​ដើមទី​នេះ​ចោល ហើយ​ចូលរួម ជាមួយ​គណបក្ស​សិទ្ធិមនុស្ស​របស់ លោក កឹម សុខា​។ ក្នុង​ឆ្នាំ​២០១២ លោក អ៊ុក ស៊ុយ បាន​បន្តជីវិត​នយោបាយ ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយពី​លោក សម រង្ស៊ី និង​លោក កឹម សុខា ប​ង្រួ​បង្រួម​គ្នា​។ រហូតដល់​ខែវិច្ឆិកា ឆ្នាំ​២០១៥ លោក ក៏បាន​ចាក​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ចូលរួម​ជាមួយ​លោក ម៉ម សូណង់ដូ ដោយ​ទទួលបាន​តំណែង​ជា​អគ្គលេខាធិការ​ក្នុង​បក្ស​ចុង​ក្រោយនេះ​។ នៅ​ទីបំផុត លោក ក៏បាន​បោះបង់ចោល​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ហើយ​មក​បង្កើត​គណបក្ស​ដោយ​ខ្លួនឯង​៕

Tag:
 ​អ៊ុក ស៊ុយ​
  សំបុក​ឃ្មុំ​
  ខ្មែរ​ដើម្បី​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com