អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ថ្មី​នៃ​បក្ស​លោកស្រី​ស៊ូ​ជី ជា​ក្តីសង្ឃឹម​នៃ​ការកសាង​សន្តិភាព​សម្រាប់​ក្រុម​ឧទ្ទាម​
20, Mar 2016 , 2:19 pm        
រូបភាព
ដោយ:
ការកសាង​សន្តិភាព​គឺជា​វិស័យ​អាទិភាព​មួយ​របស់​មី​យ៉ាន់​ម៉ា​ក្នុង​ដំណើរការ​អភិវឌ្ឍន៍​ជាតិ ដ្បិត​ប្រទេស មួយ​នេះ​ពោរពេញ​ទៅដោយ​ក្រុម​ឧទ្ទាម​ចម្រុះ​ជាតិ​សាសន៍​។ ស្រប​ជាមួយនឹង​ការចាប់ផ្តើម​នៃ​នីតិកាល​រដ្ឋាភិបាល​ថ្មី​របស់​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ តំណាង​ក្រុម​ឧទ្ទាម​ជនជាតិភាគតិច​ក៏កំពុង​រង់ចាំ​ក្នុងការ​សហការ និង​ចរចា​ដើម្បី​ស្តារ​សន្តិភាព​ឡើងវិញផងដែរ​។


 
​តំណាង​ក្រុម​ឧទ្ទាម បានប្រកាស​នៅ​ថ្ងៃទី​១៩ ខែមីនា ម្សិលមិញ​ថា ពួកគេ​ពិតជា​ចង់​កសាង​សន្តិភាព ជាមួយនឹង​រដ្ឋាភិបាល​ស៊ីវិល​ថ្មី​ដើម្បី​ដោះស្រាយ​លើ​បញ្ហា​នៃ​ការប្រឈមមុខគ្នា​ជាច្រើន​ទសវត្សរ៍ ហើយ​នោះ​។ សេចក្តីប្រកាស​នេះ ធ្វើឡើង​ក្រោយពី​ការចរចា​សន្តិភាព​ជាមួយ​នឹង​រដ្ឋាភិបាល​លោក ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​ថេ​ន សេន ហាក់ដូចជា​មិនមាន​ពន្លឺ ខណៈ​ការប៉ះទង្គិច​គ្នា​នៅតែ​បន្ត​កើត មាន​។ 
 
​តំណាង​ក្រុម​ទាហាន​រំដោះជាតិ​តា​អាង​(TNLA) ដែលជា​ក្រុម​ឧទ្ទាម​មួយ​ដ៏​មាន​ឥទ្ធិពល​ដែល​ត្រូវបាន​រដ្ឋាភិបាល​លោក​ថេ​ន សេន បដិសេធ​មិន​ឲ្យ​ចុះហត្ថលេខា​បទ​ឈប់​បាញ់​កាលពី​ឆ្នាំ​២០១៥​កន្លងទៅ បាន​អះអាងថា ពួកគេ ពិតជា​នឿយហត់​ចំពោះ​ការប៉ះទង្គិច​ជាមួយនឹង​កងកម្លាំងរ​បស់​រដ្ឋាភិបាលយោធា​។ 
 
​បន្ថែម​ពីនេះ តំណាង​ឧទ្ទាម ក៏បាន​បញ្ជាក់ថា ពួកគេ បាន​ត្រៀមលក្ខណៈ​ជាស្រេច​ហើយ​ក្នុងការ​ធ្វើការ​ជាមួយនឹង​រដ្ឋាភិបាល​ស៊ីវិល​ថ្មី​ដែល​នឹងត្រូវ​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី​ត្រៀម​កាន់តំណែង ធិ​ន ច​។ លោក ធិ​ន ច ដែលជា​ជំនិត​របស់​ប្រមុខ​បក្ស​ឈ្នះឆ្នោត​លោកស្រី​អ៊ុង​សាន ស៊ូ​ជី ត្រូវបាន​សភា មី​យ៉ាន់​ម៉ា បោះឆ្នោត​គាំទ្រ​ជា​ប្រធានាធិបតី​ថ្មី​មី​យ៉ាន់​ម៉ា ជំនួស​លោក​ថេ​ន សេន​។ លោក ធិ​ន ច នឹង​ចាប់ផ្តើម​ដឹកនាំ​រដ្ឋាភិបាល​ថ្មី​នៅ​ថ្ងៃទី​០១ ខែមេសា ខាងមុខនេះ​ផងដែរ​។​
 
​ជាមួយគ្នានេះ តំណាង​ក្រុម​ឧទ្ទាម​ក៏បាន​សង្កត់ធ្ងន់ថា « រដ្ឋាភិបាល​ថ្មី​មិន​ត្រឹមតែ​ជា​ក្តីសង្ឃឹម​របស់​ក្រុម ប្រជា​ជនជាតិ​សាសន៍​ភាគច្រើន​នោះទេ តែ​សម្រាប់​ប្រជាជន​ទូទាំងប្រទេស​តែម្តង​»​។ ហើយ​មានតែ រដ្ឋាភិបាល​ដែល​កើតចេញពី​ការបោះឆ្នោត​ប៉ុណ្ណោះ​នោះទេ ដែល​អាច​ដឹង​ពី​សេចក្តីត្រូវការ​របស់​ប្រជា ជន​។ 
 
​សូមបញ្ជាក់​ផងដែរ ក្នុង​អាណត្តិ​រដ្ឋាភិបាល​ពាក់កណ្តាល​យោធា​-​ស៊ីវិល ដែល​ចាប់ផ្តើម​ពី​ឆ្នាំ​២០១១ លោក ថេ​ន សេន ក៏បាន​ព្យាយាម​ចរចា​ដើម្បី​ឈានទៅរក​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិ​ភា ពស្តី​ពីបទ​ឈប់​បាញ់​ផងដែរ​។ យ៉ាងណាមិញ ក្រោម​ការប្រឹងប្រែង​នេះ មានតែ​តំណាង​ក្រុម​ជនជាតិ ភាគតិច​តែមួយ​ចំនួន​ប៉ុណ្ណោះ​ដែល​ចុះហត្ថលេខា ហើយ​ហេតុផល​មួយចំនួន​នៃ​ការ​អវត្តមាន​នៃ​តំណាង​ជនជាតិភាគតិច​ផ្សេងទៀត ដ្បិត​រដ្ឋាភិបាល​លោក​ថេ​ន សេន បាន​បដិសេធ​មិន​ឲ្យ​ពួកគេ​ចូល រួម​ដោយសារ​ក្រុម​ឧទ្ទាម​ប្រដាប់អាវុធ​ទាំងនោះ ធ្លាប់ធ្វើ​សង្គ្រាម​ជាមួយនឹង​រដ្ឋាភិបាល​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com