ជាតិ
បទវិភាគ
គំនិតសម្ភារនិយមជ្រុល យាយីសីលធម៌សង្គមខ្មែរ!
× ភ្នំពេញ៖ ការរីកចម្រើននៃសម្ភារនិយម បានអូសទាញយុវជនខ្មែរឲ្យវក់វី និងប្រព្រឹត្តទង្វើគ្រប់បែបយ៉ាងដើម្បីបំពេញភាពទាន់សម័យរបស់ខ្លួន។ យុវជនខ្លះ បានធ្វើការងារគ្រប់បែបយ៉ាងដើម្បីទទួលបានសម្ភារទំនើប។ ហើយពេលខ្លះទៀត ពួកគេបានលះបង់គ្រប់យ៉ាងដើម្បីដើរឲ្យទាន់សង្គមទំនើប ឬការរស់នៅបែបស៊ីវិល័យ។
មនុស្សជាអ្នកបង្កើតសម្ភារ មិនមែនសម្ភារជាអ្នកបង្កើតមនុស្សនោះទេ។ តែតម្លៃមនុស្សនៅក្នុងសង្គមខ្មែរត្រូវបានគេមើលរំលង ឬបោះបង់ចោល ហើយគេឲ្យតម្លៃទៅលើសម្ភារវិញ។ មនុស្សមួយចំនួនធំ បានយកតម្លៃមនុស្សដាក់ក្រោមទ្រនាប់ជើង តែបែរជាយកតម្លៃសម្ភារដាក់ទួលលើក្បាលទៅវិញ។ ផ្ទះវីឡា រថយន្តថ្មីទំនើប ទូរសព្ទស្មាតហ្វូន និងសម្ភារដទៃទៀត ដែលបានអន្ទងមនុស្សឲ្យភ្លេចខ្លួន ហើយធ្វើការងារគ្រប់បែបយ៉ាងដើម្បីដើរឲ្យទាន់សង្គមទំនើប។
យុវជនមួយចំនួន បានប្រព្រឹត្តអំពើមិនសមរម្យជាច្រើនដើម្បីបុព្វហេតុលុយ មាសប្រាក់ និងសម្ភារទំនើប។ ជាក់ស្តែង សារព័ត៌មានក្នុងស្រុកបានចុះផ្សាយស្ទើររាល់ថ្ងៃអំពីករណីចោរលួច ករណីប្លន់ និងការកាប់សម្លាប់មនុស្សជាដើម។ ករណីខ្លះទៀត សូម្បីតែបងប្អូនខ្លួនឯង ក៏សម្លាប់គ្នាដើម្បីដណ្តើមទ្រព្យសម្បត្តិផងដែរ។ ទាំងនេះ គឺសុទ្ធសឹងកើតឡើងពីសម្ភារនិយមដែលជារបស់ក្រៅខ្លួន។
សម្ភារនិយម បាននិងកំពុងធ្វើឲ្យទំនាក់ទំនងមនុស្សកាន់តែដាច់ឆ្ងាយ។ ពេលកំពុងធ្វើការ ពេលកំពុងរៀន កំពុងចូលរួមសិក្ខាសាលា និងពេលមានកម្មវិធីសង្គមនានា យុវជនមួយចំនួនបានហូតស្មាតហ្វូនចេញពីហោប៉ៅយ៉ាងសង្ហា ដើម្បីលេងហ្វេសប៊ុក។ ទង្វើទាំងនេះ បានបង្ហាញពីការមិនខ្វល់ខ្វាយចំពោះមនុស្សនៅជុំវិញខ្លួន ពីព្រោះ មនុស្សម្នាក់ៗរវល់តែជាមួយទូរសព្ទដៃ។
ងាកទៅម្ខាងទៀត គេតែងសង្កេតឃើញថា មាននារីខ្មែរក្មេងៗមួយចំនួនតូច បានលះបង់ខ្លួនប្រាណ ដោយធ្វើជានារីរកស៊ីផ្លូវភេទ ដើម្បីប្តូរជាមួយប្រាក់ និងសម្ភារទំនើប។ រីឯយុវជនមួយក្រុមទៀត បើទោះបីជាពួកគេមានជីវភាពខ្សត់ខ្សោយយ៉ាងណាក៏ដោយ ក៏ពួកគេហ៊ានកុហកឪពុកម្តាយ ដោយសុំលុយម្តាយឪពុកដែលរកបានដោយលំបាកទៅទិញសម្ភារស៊ីវិល័យតាមមិត្តភក្តិអ្នកមាន។ លើសពីនេះ យុវជនខ្លះទៀត ថែមទាំងលួចលុយ ឬទ្រព្យសម្បត្តិឪពុកម្តាយយកទៅទិញសម្ភារទាំងនេះ ដើម្បីដើរឲ្យទាន់សង្គមបច្ចកវិទ្យាទៀតផង។
ដោយឡែក មន្ត្រីរាជការមួយចំនួន ហ៊ានប្រព្រឹត្តអំពើលើតុ ឬក្រោមក៏ដោយសារតែពួកគេចង់រស់នៅជាមួយជីវភាពស៊ីវិល័យ មានរថយន្តទំនើប និងមានវីឡាធំៗ។ លើសពីនេះ អ្នកជំនួញ និងអ្នកនយោបាយខ្លះ ហ៊ានប្រព្រឹត្តអំពើមិនល្អដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
ថ្វីដ្បិត សម្ភារនិយម បង្កភាពងាយស្រួលដល់មនុស្សបានយ៉ាងច្រើនយ៉ាងនេះក្តី ប៉ុន្តែ សម្ភារនិយម ក៏កំពុងធ្វើឲ្យមនុស្សក្លាយជាអ្នកកាចសាហាវដែរ។ លើសពីនេះ សីលធម៌ គុណធម៌ និង តម្លៃមនុស្ស ក៏ត្រូវកាត់ផ្តាច់ចេញពីមនុស្សខ្មែរមួយចំនួន ពីព្រោះការឲ្យតម្លៃសម្ភារនិយមជ្រុលហួសហេតុនេះឯង។
ដូច្នេះ បុគ្គលគ្រប់រូប គួរមើលគ្នាទៅវិញទៅមក ក្នុងក្រសែភ្នែកជាភាតរភាព ហើយបោះបង់ចោលគំនិតស្រឡាញ់សម្ភារជាជាងជីវិតមនុស្ស។ សុភមង្គល គឺត្រូវពឹងផ្អែកលើកត្តាសម្ភារ និងកត្តាស្មារតី។ ប៉ុន្តែសុភមង្គលពិត គឺត្រូវពឹងផ្អែកលើកត្តាស្មារតី ដូចជា ភាពជាមនុស្សធម៌ សីលធម៌ គុណធម៌ និងតម្លៃពិតរបស់មនុស្ស។ ការបំប៉នរាងកាយ មិនមែនជាសេចក្តីសុខពិតទេ តែការបំប៉នស្មារតី ទើបជាសេចក្តីសុខពិតប្រាកដ។ រាងកាយមនុស្ស គឺគ្រាន់តែជារបស់បណ្តោះអាសន្នតែប៉ុណ្ណោះ ពីព្រោះ មនុស្សនឹងត្រូវស្លាប់ទៅវិញ ដោយមិនអាចយកអ្វីតាមខ្លួនបានឡើយ។ ប៉ុន្តែ កិត្តិយស និងកេរ្តិ៍ឈ្មោះ គឺជារបស់ពិត ដែលស្ថិតស្ថិរគង់វង្សយូរអង្វែង ដូចពាក្យស្លោកខ្មែរមួយឃ្លាថា«ទូកទៅ កំពង់នៅ»៕
© រក្សាសិទ្ធិដោយ thmeythmey.com