កីឡាអន្តរជាតិ
អន្តរជាតិ
UEFA ប្រជុំ​ក្រុមប្រឹក្សាវិន័យ​ដើម្បី​ដាក់ទណ្ឌកម្ម​រុស្ស៊ី​ទាក់ទង​នឹង​ទង្វើ​របស់​អ្នកគាំទ្រ​
12, Jun 2016 , 6:01 pm        
រូបភាព
ក្រុមអ្នកគាំទ្រ​រុស្ស៊ី ត្រូវបានគេថតឃើញសកម្មភាព​ចូលទៅវាយក្រុមអ្នកគាំទ្រអង់គ្លេស។ រូបថត AFP
ក្រុមអ្នកគាំទ្រ​រុស្ស៊ី ត្រូវបានគេថតឃើញសកម្មភាព​ចូលទៅវាយក្រុមអ្នកគាំទ្រអង់គ្លេស។ រូបថត AFP
ដោយ: រួបរួម
សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប (UEFA) បាន​បើក​កិច្ចប្រជុំ​ក្រុមប្រឹក្សាវិន័យ​ដើម្បី​ដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​សហភាព​កីឡាបាល់ទាត់​រុស្ស៊ី បន្ទាប់ពី​ក្រុម​អ្នកគាំទ្រ​បាន​បង្កចលាចល​នៅ​ទីក្រុង Marseille ក្រោយ​អង់គ្លេស និង​រុស្ស៊ី បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ នា​ការប្រកួត Euro ឆ្នាំ​២០១៦ ។​



​យោងតាម​ការផ្សាយ​រប​ស់ BBC សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប បាន​ចោទប្រកាន់​ទៅលើ​ក្រុម​អ្នកគាំទ្រ​រុស្ស៊ី ពីបទ​បង្ក​ការរំខាន ឥរិយាបទ​រើសអើង​ជាតិ​សាសន៍ និង​ការដុត​កាំជ្រួច​យ៉ាង​អាណាធិបតេយ្យ​។

​ដោយសារតែ​រូបភាព​វីដេអូ​បង្ហាញថា ក្រុម​អ្នកគាំទ្រ​រុស្ស៊ី បាន​ចូលទៅ​រំខាន​ក្រុម​អ្នកគាំទ្រ​អង់គ្លេស UEFA មិនទាន់មាន​ចំណាត់ការ​អ្វី​ឡើយ​លើ​សហព័ន្ធ​កីឡាបាល់ទាត់​អង់គ្លេស (FA)​។ នាពេលនេះ រុស្ស៊ី ត្រូវ​បង្ហាញ​ភស្តុតាង​ពី​ភាពត្រឹមត្រូវ​របស់ខ្លួន​ដល់ UEFA នៅមុន​ការប្រជុំ​សម្រេច​ផ្លូវការ​នៅ​ថ្ងៃ​អង្គារ​។​

​ការប៉ះទង្គិច​គ្នា​ក្រោយ​ការប្រកួត​រុស្ស៊ី​-​អង់គ្លេស បាន​បណ្តាល​ឲ្យ​អ្នកគាំទ្រ​អង់គ្លេស​មួយចំនួន​ត្រូវបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។ នា​រយៈពេល​បី​ថ្ងៃ​ចុងក្រោយ​នេះ គេ​ក៏​សង្កេតឃើញថា អំពើហិង្សា​បានកើត​ឡើងជា​ប់​គ្នា​រវាង​ក្រុម​អ្នកគាំទ្រ​ជម្រើសជាតិ​អង់គ្លេស និង​ក្រុម​អ្នកគាំទ្រ​ជម្រើសជាតិ​ផ្សេងទៀត រួមទាំង​ប៉ូលិស​ផងដែរ​។

​អង្គភាព​កីឡាបាល់ទាត់​ប្រចាំ​ទ្វីបអឺរ៉ុប មិនទាន់​ប្រកាស​ដាក់ពិន័យ​ជា​ផ្លូវការ​ណាមួយ​ឡើយ ដោយ​ពួកគេ​គ្រាន់តែ​ព្យាយាម​អំពាវនាវ​ឲ្យ​មានការ​ស្ងប់ស្ងៀម​ប៉ុណ្ណោះ​៕


Tag:
 Euro2016
  UEFA
© រក្សាសិទ្ធិដោយ thmeythmey.com