ជាតិ
តុលាការ​នឹង​បន្ត​សវនាការ​ករណី​ឃាតកម្ម​លោក អ៊ឹង ម៉េង​ជឺ នៅ​ថ្ងៃទី​៨ សីហា​
15, Jul 2016 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បន្ត​សវនាការ​ជំនុំជម្រះ​ករណី​ឃាតកម្ម​លោក អ៊ឹង ម៉េង​ជឺ ដែល​កើតឡើង​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៦​នេះ​ទៀត​។ នេះ​បើតាម​លោក លី សុផាន់​ណា អ្នកនាំពាក្យ​សាលាដំបូង រាជធានី​ភ្នំពេញ​។​



​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ រួមមាន លោក តុ​ប ឈុន​ហេង លោក ហេង កេស​រោ លោក ម៉េង តូ​នី និង​លោក ហ៊ឹង ប៊ុនថន ជា​តំណាង​អយ្យការ បាន​បើកសវនាការ​ជំនុំជម្រះ​រឿងក្តី​ឃាតកម្ម​លោក អ៊ឹង ម៉េង​ជឺ ដែលមាន​ជន​ជាប់ ថោង សារ៉ាត់ និង​ជនជាប់ចោទ ៥​នាក់​ទៀត នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៦​។ នេះ​បើតាម​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។

​លោក លី សុផាន់​ណា បាន​ផ្ញើ​សារ​ប្រាប់​អ្នកសារព័ត៌មាន​តាម​ប្រព័ន្ធ Telegram ថា អង្គ​សវនាការ​បាន​ដំណើរការ​សួរចម្លើយ​ជនជាប់ចោទ​ឈ្មោះ កូយ ចាន់ថុល ចំណោម​ជនជាប់ចោទ​ទាំង ៦​នាក់ ដោយសារ​ជនជាប់ចោទ ថោង សារ៉ាត់ អវត្តមាន​ដោយ​មូលហេតុ​មាន​ជំងឺ រីឯ​ជនជាប់ចោទ​ម្នាក់​គឺ ឈ្មោះ លី សៅ បាន​ស្លាប់​។​

​តែ​យ៉ាងណា លោក​ពុំទាន់​អាច​បញ្ជាក់​លទ្ធផល​លម្អិត​នៃ​អង្គ​សវនាការ​ពេញ​មួយ​ព្រឹក​ដែល​តុលាការ​សម្រេច​ផ្អាក​វិញ នៅ​ម៉ោង ១១​ព្រឹក​នេះឡើយ​។ លោក​លើកឡើងថា សវនាការ​នេះ នឹង​បន្ត​នៅ​ម៉ោង ៨​ព្រឹក​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៦​ទៀត​។​

​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ អាយុ ៥៣ ឆ្នាំ ជា​ថៅកែ​ក្រុមហ៊ុន ស៊ីម៉ងត៍​ត្បូង​ពេជ្រ និង​ជា​ប្រធាន​ក្រុមហ៊ុន Shimmex Group ត្រូវ​ខ្មាន់កាំភ្លើង (​ឃាតករ​) បាញ់សម្លាប់ កាលពី​ម៉ោង ៧​យប់​ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១៤ នៅពេល​លោក​ចុះ​ពី​រថយន្ត​ឡិច​ស៊ី​ស ៥៧០ ទិញ​ផ្លែឈើ នៅ​ហាង​លក់​ផ្លែឈើ​មួយ ស្ថិតនៅ​ផ្លូវ​លេខ ២៧៤ សង្កាត់​ទួល​ស្វាយព្រៃ​ទី ២ ខណ្ឌចំការមន​។​

​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ឃាតកម្ម​ដ៏​ឃោរឃៅ​កណ្តាល​រាជធានី​ភ្នំពេញ​នេះ តុលាការ កាលពី​ខែធ្នូ ឆ្នាំ​២០១៤ បានសម្រេច​ឃុំខ្លួន​ជនជាប់ចោទ​ចំនួន ៨ នាក់ រួមមាន ១, ឈ្មោះ សៀង វាសនា ភេទ​ប្រុស អាយុ ៤៤ ឆ្នាំ (​សង្ស័យ​ជា​ខ្មាន់កាំភ្លើង​) និង​២, ឈ្មោះ លី សៅ ហៅ វី ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ (​សង្ស័យ​ជា​អ្នកបើក​ម៉ូតូឌុប​ឃាតករ​) ពីបទ «​ឃាតកម្ម​គិតទុក​ជាមុន​» តាម​មាត្រា ២០០ នៃ​ក្រមព្រហ្មទណ្ឌ​។ ចំណែកឯ ៣, ឈ្មោះ មាស សម្បត្តិ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ (​ជា​អ្នកបើក​ម៉ូតូ​បិទគូទ​) ទី​៤, ឈ្មោះ កូយ ចាន់ថុល ភេទ​ប្រុស អាយុ ២៩ ឆ្នាំ (​ជា​អ្នកជិះ​ម៉ូតូ​ពីក្រោយ​) និង​ទី​៥ ឈ្មោះ ឈុន ចិ​ត្រា ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ (​ម្ចាស់​ម៉ូតូ​) ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ «​អ្នកសមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន​» តាម​មាត្រា ២៩ នៃ​ក្រមព្រហ្មទណ្ឌ​។​

​រីឯ ជនជាប់ចោទ​ទី​៥ ឈ្មោះ ថោង សារ៉ាត់ ឧ​ត្ត​ម​សេនីយ៍​ទោ​នៃ​កងយោធពល​ខេមរភូមិន្ទ ជា​ថៅកែ​សាច់​ប៉ាត់​តេ ៩៩៩ ម្ចាស់​បុរី ៩៩៩ និង ជា​ប្រធាន​ក្រុមហ៊ុន Meanchey International Investment ត្រូវបាន​តំណាង​អយ្យការ​សម្រេច​ចោទប្រកាន់​ពីបទ «​ផ្តើមគំនិត ក្នុង​អំពើ​ឃាតកម្ម គិតទុក​ជាមុន​» តាម​មាត្រា ២៨ និង ២០០ នៃ​ក្រមព្រហ្មទណ្ឌ និង​ពីបទ «​កាន់កាប់​ដឹកជញ្ជូន ប្រើប្រាស់​អាវុធ​គ្មាន​ការអនុញ្ញាត​» តាម​មាត្រា ៤៩០ នៃ​ក្រមព្រហ្មទណ្ឌ​។​

​ចំណែក​ជនជាប់ចោទ ២ នាក់​ទៀត ដែល​ត្រូវជា​ឪពុកម្តាយ​របស់ ថោង សារ៉ាត់ គឺ​លោក ថោង ចំរើន ហៅ​តាន់ សុខ អាយុ ៦៥ ឆ្នាំ និង​អ្នកស្រី កែវ សារី អាយុ ៥៥ ឆ្នាំ ត្រូវបាន​តំណាង​អយ្យការ​ចោទប្រកាន់​ពីបទ «​សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន បាញ់សម្លាប់ រារាំង​កិច្ចប្រតិបត្តិការ​របស់​សមត្ថកិច្ច និង​រក្សាទុក​អាវុធ​ខុសច្បាប់​»​។​

​តែ​យ៉ាងណា លោក ថោង សារ៉ាត់ បាន​និយាយ​បដិសេធ​ជា​ភាសា​ខ្មែរ​តុង​វៀតណាម បង្ហោះ​សារ​សំឡេង​របស់ខ្លួន​តាម​ហ្វេ​ស​ប៊ុ​ក ជា​បន្តបន្ទាប់​កន្លងមក អះអាងថា លោក​ស្គាល់​ពុំមាន​ទំនាក់ទំនង​រកស៊ី​អ្វី​ជាមួយ​លោក ឧកញ៉ា អ៊ឹង ម៉េង​ជឺ ឡើយ ដូច្នេះ​វា​គ្មាន​ហេតុផល​អ្វី ដែល​លោក​ទៅ​សម្លាប់​លោក ម៉េង ជឺ នោះទេ​។ លោក​បានចាត់ទុក​ការចោទប្រកាន់​លើ​លោក​ថា ជា ការ​មួលបង្កាច់​៕


Tag:
 ថោង សារ៉ាត់​
  អ៊ឹង ម៉េង​ជឺ
© រក្សាសិទ្ធិដោយ thmeythmey.com