សេដ្ឋកិច្ច
អន្តរជាតិ
World City of Opportunity៖ ឡុង​ដ៍ សិង្ហ​បុរី តូ​រ៉ុ​ន​តូ ប៉ារីស និង​អាំ​ស្ទែរ​ដាម ជាប់​ចំណាត់ថ្នាក់​កំពូល​
11, Sep 2016 , 10:00 pm        
រូបភាព
ដោយ: ធីតា
ទី​ក្រុង​ឡុង​ដ៍ របស់​អង់គ្លេស ជាប់​ចំណាត់​ថ្នាក់ទីមួយ​ក្នុងនាម​ជាទី​ក្រុង​ដែល​ពោរពេញ​ទៅដោយ​ឱកាស «World City of Opportunity» ជា​លើក​ទី​ពីរ​។ នេះ​បើ​យោងតាម​លទ្ធផល​នៃ​ការសិក្សា​ប្រចាំឆ្នាំ​របស់ PricewaterhouseCooper (PwC) ដែល​ក្រុមហ៊ុន​សេវាកម្ម​វិជ្ជាជីវៈ​ដ៏​ធំ​បំផុត​លើ​ពិភពលោក​។

 
«World City of Opportunity» ត្រូវបាន​ចាត់ថ្នាក់​ដោយ​ផ្តោតលើ​ទីតាំង​នៃ​ឱកាស​ជំនាញ ពាណិជ្ជកម្ម និង​វប្បធម៌​។ ក្រុង​ឡុង​ដ៍ មាន​ចំណាត់ថ្នាក់​នាំមុខ សិង្ហ​បុរី តូ​រ៉ុ​ន​តូ ប៉ារីស និង​អាំ​ស្ទែរ​ដាម​។ ទោះបីជា​យ៉ាងណាក៏ដោយ ការព្យាយាម​ចាកចេញ​ពី​សហភាព​អឺរ៉ុប (Brexit) នឹង​ជះឥទ្ធិពល​អវិជ្ជមាន​លើ​ចំណាត់ថ្នាក់​របស់​ក្រុង​ឡុង​ដ៍ សម្រាប់​ការសិក្សា​ឆ្នាំ​បន្តបន្ទាប់​ទៀត​។​
 
​ការសិក្សា​បាន​ផ្តោតលើ​ចំណុច​សំខាន់​ក្នុង​ទីក្រុង ដូចជា ធនធាន​បញ្ញា និង​ការច្នៃប្រឌិត​, បច្ចេកវិទ្យា​, ផ្លូវ​ចេញ​-​ចូល​ក្រុង​, ការដឹកជញ្ជូន និង​ហេដ្ឋារចនាសម្ព័ន្ធ​, សុខភាព សុវត្ថិភាព និង​សន្តិសុខ​, នរ​ន្ត​រ​ភាព ធម្មជាតិ និង​បរិស្ថាន​, ប្រជាសាស្ត្រ និង​ការរស់នៅ​, ឥទ្ធិពល​សេដ្ឋកិច្ច​, ភាពងាយស្រួល​ក្នុងការ​ធ្វើ​ជំនួញ និង​ការចាយវាយ​។ 
 
​ក្នុងចំណោម​ក្រុង​ទាំង​៣០​ដែល​ត្រូវបាន​សិក្សា ក្រុង​ឡុង​ដ៍​នាំមុខគេ​ស្ទើរ​គ្រប់​ចំណុច ដោយ​ទទួលបាន​ពិន្ទុ​រួម ១៤៦៦ ខណៈ​សិង្ហ​បុរី បាន​១៣៧៧​ពិន្ទុ ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ​២​។ ក្រុង​ដែល​ស្ថិតនៅ​ចំណាត់​ថ្នាក់ខ្ពស់​ផ្សេងទៀត​រួមមាន តូ​រ៉ុ​ន​តូ​, ប៉ារីស​, អាំ​ស្ទែរ​ដាម​, ញូវយ៉ក​, ស្កុ​ត​ហូ​ម​, សាន់​ហ្វ្រា​ន់​ស៊ី​ស​ស្កូ​, ហុងកុង និង ស៊ីដនី​។​
 
​ក្រុង​ដែលមាន​ចំណាត់ថ្នាក់​មធ្យម មាន សេ​អ៊ូ​ល​, ប៊ែ​រ​ឡាំង​, ឈី​កា​ហ្កោ​, ឡូ​ស​អែន​ជឺ​លែស​, តូ​ក្យូ​, ម៉ា​ឌ្រី​ត​, ឌូ​បៃ​, មី​ឡែ​ន​, ប៉េកាំង និង​គួ​ឡា​ឡាំ​ពួរ​។ ចំណែក​ក្រុង​ដែលមាន​ចំណាត់​ថ្នាក់ទាប​ក្នុងចំណោម​ក្រុម​ទាំង​៣០​មាន សៀង​ហៃ​, មូ​ស្គូ​, ម៉ិ​ក​ស៊ី​កូ ស៊ី​ធី​, ចូ​ហាន​ណែ​ស​ប៊ើ​ក​, សៅ​ប៉ូ​ឡូ​, បូ​ហ្គោ​តា​, រី​យ៉ូ ដឺ​ហ្សា​ណេ​រ៉ូ​, ហ្សា​ការ​តា​, ម៉ុម​បៃ និង​ឡា​ហ្គោ​ស​៕

Tag:
 ទី​ក្រុង​ឡុង​ដ៍
© រក្សាសិទ្ធិដោយ thmeythmey.com