អន្តរជាតិ
មី​យ៉ាន់​ម៉ា​ក្លាយជា​ប្រទេស​ផ្គត់ផ្គង់​អង្ករ​ឲ្យ​ឥ​ណ្ឌ​ណេ​ស៊ី​
12, Sep 2016 , 8:39 pm        
រូបភាព
​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បាន​ចុះកិច្ចសន្យា​ជាមួយ​មី​យ៉ាន់​ម៉ា​ដើម្បី​នាំចូល​អង្ករ​ចំនួន ៣​សែន​តោន​ក្នុងឆ្នាំនេះ​។ មី​យ៉ាន់​ម៉ា​កំពុង​ស្វះ​ស្វែងរក​ទីផ្សារ​ដើម្បី​នាំ​អង្ករ​របស់​ទៅ​លក់ ហើយ​ហ្វីលីពីន​, ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ជប៉ុន​និង​អាហ្វ្រិក​កំពុង​ក្លាយជា​ទីផ្សារ​ធំ​សម្រាប់​អង្ករ​មី​យ៉ាន់​ម៉ា​នេះ​។​



សូមស្ដាប់ព័ត៌មានលម្អិត៖




​ឥណ្ឌូណេស៊ី គ្រោង​នាំចូល​អង្ករ​ចំនួន ៣​សែន​តោន​ពី​មី​យ៉ាន់​ម៉ា ដើម្បី​បំពេញតម្រូវការ​ទីផ្សា​អង្ករ​នៅក្នុង​ប្រទេស​ខ្លួន​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua  សហព័ន្ធ​អង្ករ​មី​យ៉ាន់​ម៉ា បានបញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា រដ្ឋាភិបាល​ឥណ្ឌូនេស៊ី ត្រៀម​ចុះកិច្ចសន្យា​ជាមួយ​មី​យ៉ាន់​ម៉ា​រួចហើយ​ពាក់ព័ន្ធ​គម្រោង​នាំ​អង្ករ​ចូល​នេះ​។​

​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​មី​យ៉ាន់​ម៉ា Than Myint នឹងមាន​វត្ត​មាននៅ​ឥណ្ឌូណេស៊ី​ថ្ងៃ អង្គារ​ទី ១៣ កញ្ញា​នេះ ដើម្បី​ចុះ​អនុស្សា​ណ​យោគយល់​គ្នា ហើយ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​នឹង​បន្ត​ជជែក​ពិភាក្សា​ពី​គម្រោង​និង​បញ្ហា​ពាក់ព័ន្ធ​ការនាំ​អង្ករ​ចេញ​នេះ​បន្ថែមទៀត​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ដដែល កិច្ចសន្យា​ថ្មី​សម្រាប់​នាំ​អង្ករ​ចេញ​នឹងមាន​ពាក់ព័ន្ធ​ជាមួយ​បណ្តា​ក្រុមហ៊ុននាំចេញ និង​អ្នកបញ្ជា​ទិញ​ជា​លក្ខណៈ​ឯកជន​។ ដូច្នេះហើយ​បានជា​ក្នុងការ​ពិភាក្សា​នេះ​មាន​សហព័ន្ធ​អង្ករ​មី​យ៉ាន់​ម៉ា និង​ក្រុមហ៊ុន​សហគ្រាស​កសិកម្ម​សាធារណ​របស់​មី​យ៉ាន់​ម៉ា​ចូលរួម​ផង​ដើម្បី​កំណត់​តម្លៃ​។​

​បើតាម​ទ​ន្និ​ន័យ​ដែល​ឥណ្ឌូណេស៊ី​បញ្ជា​ទិញ ៣​សែន​តោន​វា​ច្រើនជាង​ពាក់កណ្តាល​នៃ​បរិមាណ​អង្ករ​ដែល​មី​យ៉ាន់​ម៉ា​រក្សាទុក​ដើម្បី​នាំចេញ​។ ប៉ុន្តែ​បើតាម​របាយការណ៍​សហ​ព័ន្ធ​អង្ករ​មី​យ៉ាន់​ម៉ា ក្នុង​រយៈពេល​៤​ខែ​ដូចគ្នា​ក្នុង​ឆ្នាំ ២០១៦ មី​យ៉ាន់​ម៉ា​នាំ​អង្ករ​ចេញ​បាន​ត្រឹម ៤​សែន​តោន​ប៉ុណ្ណោះ ដែល​វា​ធ្លាក់ចុះ​ជាង​បរិមាណ​អង្ករ​ដែល​មី​យ៉ាន់​ម៉ា​នាំចេញ​ក្នុង​ឆ្នាំ ២០១៥ ចំនួន ២​សែន​តោន​ឯណោះ​។​

​បច្ចុប្បន្ននេះ មី​យ៉ាន់​ម៉ា​កំពុង​ស្វែងរក​ទីផ្សា​ធំៗ​បន្ថែម​ដើម្បី​នាំ​អង្ករ​របស់ខ្លួន​ទៅ​លក់ ស្រប​ពេលដែល​ប្រទេស​នេះ​បើកទូលាយ​សេដ្ឋកិច្ច​របស់ខ្លួន​ភ្ជាប់​ទៅកាន់​សេដ្ឋកិច្ចពិភពលោក​នោះ​។ មី​យ៉ាន់​ម៉ា​ចង់​នាំចេញ​អង្ករ​ទៅកាន់​ប្រទេស​ហ្វីលីពីន​, ម៉ាឡេស៊ី​, ឥណ្ឌូណេស៊ី​, ជប៉ុន និង​បណ្តា​ប្រទេស​អាហ្វ្រិក​ថែមទៀត​ផង​។ ក្នុង​រយៈពេល​បួន​ខែ ២០១៦​នេះ មី​យ៉ាន់​ម៉ា អាច​រកចំណូលបាន​ពី​ការនាំចេញ​អង្ករ​ទៅ​បរទេស​ប្រហែល ៤​សែន​ដុល្លារ​។​

​សូមបញ្ជាក់ថា ថៃ​និង​វៀតណាម ជា​ប្រទេស​នាំ​អង្ករ​ចេញ​ច្រើនជាងគេ​លំដាប់​លេខ ២​និង​លេខ​៣ ប៉ុន្តែ​រយៈពេល​ចុងក្រោយ​នេះ​ប្រទេស​ជាច្រើន​ងាក​ទៅ​ទិញ​អង្ករ​ដែលមាន​តម្លៃ​ទាប​ពី​បណ្តា​ប្រទេស​នាំចេញ​អង្ករ​ថ្មីៗ​វិញ​ដូចជា​ប៉ា​គី​ស្ថាន​និង​មី​យ៉ាន់​ម៉ា​ជាដើម​៕


Tag:
 មី​យ៉ាន់​ម៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com