អន្តរជាតិ
កាន់តំណែង​ជិត​បាន​បី​ខែ រដ្ឋបាល​លោក Duterte ប្រកាស​ជោគជ័យ​ទាំង​កិច្ចការ​ក្នុង និង​ក្រៅប្រទេស​
12, Sep 2016 , 8:59 pm        
រូបភាព
ប្រធានាធិបតីហ្វីលីពីនជាមួយមេដឹកនាំអាស៊ាន នាកិច្ចប្រជុំកំពូលអាស៊ានក្រុងវៀងចន្ទន៍ (ប្រភពរូបភាព៖ Philippine Star)
ប្រធានាធិបតីហ្វីលីពីនជាមួយមេដឹកនាំអាស៊ាន នាកិច្ចប្រជុំកំពូលអាស៊ានក្រុងវៀងចន្ទន៍ (ប្រភពរូបភាព៖ Philippine Star)
ដោយ:
​វត្តមាន​លើកដំបូង​របស់​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ (Rodrigo Duterte) ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ក្នុង​ក្រុង​វៀងចន្ទន៍ ដែលមាន​ឡាវ​ជា​ប្រធាន​អាស៊ាន​នោះ បាន​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់ និង​អន្តរជាតិ ដ្បិត​ឥរិយាបថ និង​ជំហរ​អត្តនោម័ត​របស់លោក​។ ក្រោយ​បញ្ចប់​ជំនួប​នេះ ក្រុង​ម៉ានីល ក៏បាន​ប្រកាស ការចូលរួម​របស់លោក​ប្រធានាធិបតី Duterte នេះ ថា​ជា​«​ជោគជ័យ​មួយ​នៃ​គោលនយោបាយ​ការបរទេស​របស់​ហ្វីលីពីន​» ដែល​សំដៅ ហ្វីលីពីន មិន​ស្ថិតក្រោម​អំណាច​ចក្រពត្តិ​នៃ​ប្រទេស​ណាមួយ​ឡើយ​។ តើ​អំ​ណា​ចក្រពត្តិ​នោះ សំដៅលើ​ប្រទេស​ណា​?

 


​មន្ត្រីជាន់ខ្ពស់​នៃ​វិមាន​ប្រធានាធិបតី​ហ្វីលីពីន នៅ​ថ្ងៃទី​១១ ខែកញ្ញា ម្សិលមិញ បាន​ពណ៌នា​ដំណើរ​ទស្សនកិច្ច​ចូលរួម​កិច្ចប្រជុំ​កំពូល​ក្នុង​តំបន់​របស់លោក​ប្រធានាធិបតី Rodrigo Duterte ថា​ជា​«​ជោគជ័យ​មួយ​ដែល​ពុំ​ធ្លាប់មាន​ពីមុនមក​»​នៃ​នយោបាយ​ការបរទេស​ហ្វីលីពីន​។ មន្ត្រីជាន់ខ្ពស់​រូបនោះ ក៏បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា លោក Rodrigo Duterte ក៏​គ្រោង​នឹង​បំពេញ​ទស្សនកិច្ច​ទៅកាន់​បណ្តា​ប្រទេស​ពីរ​ផ្សេងទៀត តែ​មិនទាន់​បញ្ចេញ​ឈ្មោះ​ប្រទេស​ទាំងនោះ​នៅឡើយ​នោះទេ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ហ្វីលីពីន Philstar​។

​តើ​អ្វី​ជា​ជោគជ័យ​ការបរទេស​របស់លោក Duterte ក្នុង​វត្តមាន​លើកដំបូង​នៃ​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​អាស៊ាន​?
​ក្រោម​ការរិះគន់​ដូច​ព្យុះភ្លៀង​លើ​បញ្ហា​សិទ្ធិមនុស្ស​ពី​សំណាក់​អង្គការសហប្រជាជាតិ និង​ក្រុង​វ៉ាស៊ីនតោន លើ​ចំណាត់ការ​នៃ​ការ​បោសសម្អាត​បទល្មើស ជាពិសេស​បញ្ហា​គ្រឿងញៀន លោក​ប្រ​ធានា​ធិ​ប​ធិបតី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ នៅតែ​អាច​រក្សា​គោលជំហរ​មិន​ប្រែប្រួល​ក្នុង​ឆាក​អន្តរជាតិ​។ ជាក់ស្តែង​នោះ លោក មិន​ត្រឹមតែ​ថ្លែងការណ៍​ការពារ​តាមរយៈ​សារព័ត៌មាន​ប៉ុណ្ណោះ​នោះទេ តែ​អ្នក​ដាក់ទណ្ឌកម្ម​រូបនេះ ថែមទាំង​បង្ហាញ​តាមរយៈ​ឥរិយាបថ​ត្រង់ៗ​ទៅកាន់​អ្នក​រិះគន់​រូបលោក​ក្នុង​ចំណាត់ការ​នេះ​ទៀតផង​។ ហើយ​នោះ​គឺ លោក​ប្រធានាធិបតី បាន​ផ្តាំ​ទៅកាន់​អ្នក​រិះគន់​លោក ថា​មុននឹង​រិះគន់​បញ្ហា​សិទ្ធិមនុស្ស គួរ​យល់​ពី​បរិបទ​ជាមុនសិន​។

​អ្វី​គួរកត់សម្គាល់​នោះ លោក​ប្រធានាធិបតី បានគេច​មិន​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​-​អាមេរិក និង​អាស៊ាន​-​អង្គការសហប្រជាជាតិ ដែលមាន​វត្តមាន​លោក​ប្រធានាធិបតី​អាមេរិក​បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​លោក បាន​ប្រើពាក្យ​ជេរប្រមាថ​យ៉ាងខ្លាំង​មុនពេល​កិច្ចប្រជុំ និង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បាន គី​មូ​ន​។ ឥរិយាបថ​នេះហើយ ដែល​ក្រុង​ម៉ានីល ជឿជាក់ថា ជា​សារ​មួយ​ដ៏​សំខាន់​ដែល​បានបង្ហាញ​ទៅកាន់​ឆាក​អន្តរជាតិ​នៅ​អំឡុងពេល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ពី «​គោលនយោបាយ​ការបរទេស​ឯករាជ្យរ​បស់​ហ្វីលីពីន​»​។

​បន្ថែម​ពីនេះ តាម​ប្រភពព័ត៌មាន Philstar ដដែល​នោះ រដ្ឋមន្ត្រី​ទំនាក់ទំនង​នៃ​ការិយាល័យ​ប្រធានាធិបតី​ហ្វីលីពីន លោក Andanar ក៏បាន​បញ្ជាក់ដែរថា «​សុន្ទរកថា​របស់លោក​ប្រធានាធិបតី Duterte បានធ្វើ​ឲ្យ​ប្រជាជន​ហ្វីលីពីន​មាន​មោទនភាព ដ្បិត លោក បានបង្ហាញ​ពី​ការប្រយុទ្ធប្រឆាំង​ដើម្បី​សិទ្ធិ​របស់​ប្រជាជន​ហ្វីលីពីន​។ លោក​រដ្ឋមន្ត្រី បន្ថែមថា ជំហរ​លោក​ប្រធានាធិបតី ក៏​បង្ហាញ​ពី​ជំងឺ​ផ្នែក​អារម្មណ៍​ពាក់ព័ន្ធ​នឹង​អំណាច​ចក្រពត្តិ និង​ម្ចាស់​អាណានិគម​ដែល​ជាប់​តាំងពី​ជាង​៤០០​ឆ្នាំ​ហើយ​នោះ​»​។

​បើទោះបីជា​លោក​រដ្ឋមន្ត្រី​ទំនាក់ទំនង​រូបនោះ មិន​បញ្ចេញ​ឈ្មោះ​ប្រទេស​ចក្រពត្តិ ឬ​ម្ចាស់​អាណានិគម​ណាមួយ​រប​ស់​ខ្លួន​ក៏ដោយ គេ បានដឹង​ច្បាស់​ហើយ​ថា ម្ចាស់​អាណានិគម​ហ្វីលីពីន គឺមាន​តែ​អេ​ស្ប៉ា​ញ​នឹង​អាមេរិក​ប៉ុណ្ណោះ​។ ហើយ​បើ​យើង​ក្រឡេក​ទៅ​មើល​ទំនាក់ទំនង​រវាង អេ​ស្ប៉ា​ញ និង​ហ្វីលីពីន​បច្ចុប្បន្ន ក៏​មិនសូវមាន​ប៉ុន្មាន​នោះទេ ពោលគឺ ការព្យាយាម​ប្រយុទ្ធប្រឆាំង​ដើម្បី​សិទ្ធិ​របស់ខ្លួន​ពី​ចក្រពត្តិ​របស់​ហ្វីលីពីន សំដៅ​ទៅលើ​អាមេរិក​នោះឯង​។

​បើតាម​ការអះអាង​រប​ស់​អ្នកកាសែត​ហ្វីលីពីន​មកកាន់​សារព័ត៌មាន​ថ្មីៗ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បើទោះបីជា​អាមេរិក បាន​ដកចេញ​អាណានិគម​ពី​ហ្វីលីពីន​ក៏ដោយ អាមេរិក​នៅតែ​ចង់​បន្ត​គ្រប់គ្រង​ហ្វីលីពីន​តាមរយៈ​រូបភាព​ការទូត​ដដែល​។ ជា​ជ្រុង​មួយ​នៃ​ការលើកឡើង​នេះ គេ​អាច​ក្រឡេកមើល​ទំនាក់ទំនង​ភាគី​ទាំងពីរ គឺជា​សម្ព័ន្ធមិត្ត​តាម​កិច្ចព្រមព្រៀង​ដែលជា​សន្ធិសញ្ញា​អន្តរជាតិ​កំពូល ហើយ​ពិសេស​នោះ យោធា​អាមេរិក ថែមទាំង​អាចមាន​មូលដ្ឋាន​ឈរជើង​នៅ​ហ្វីលីពីន​ទៀតផង​។

​លោក Duterte ទទួលបាន​ជោគជ័យ​ទាំង​នយោបាយ​បរទេស និង​នយោបាយ​ក្នុងស្រុក​?
​ងាក​មក​ចាប់អារម្មណ៍​គោលនយោបាយ​ក្នុងស្រុក​ហ្វីលីពីន​វិញ​ម្តង ! វា ក៏​ជា​ហេតុផល​មួយ​ដែល​ឲ្យ​សហគមន៍​អន្តរជាតិ​ស្គាល់​លោក​ប្រធានាធិបតី​កាន់តែច្រើន និង​រហ័ស បើទោះបីជា លោក ទើបតែ​ឡើងកាន់​អំណាច​មិនបាន​បី​ខែ​ផង​ដែរនោះ​។ ហើយ​គោលនយោបាយ​នោះ​គឺ ការ​បោសសម្អាត​បទល្មើស និង​បញ្ហា​គ្រឿងញៀន​ពី​សង្គម​ហ្វីលីពីន​នោះឯង​។ លោក Duterte ធា្ល​ប់​សន្យាថា លោក នឹង​ធានា​ឲ្យ​អស់​បញ្ហា​ត្រឹមតែ​រយៈពេល​បី​ខែ​ប៉ុណ្ណោះ ពេល​លោក ឡើងកាន់​អំណាច​ជា​ប្រធានាធិបតី​។

​មកទល់ពេលនេះ មនុស្ស​ជិត​បី​ពាន់​នាក់​ហើយ ដែល​ត្រូវបាន​សម្លាប់​ក្នុង​យុទ្ធនាការ​កណ្ដាប់ដៃ​ដែក​បោសសម្អាត​គ្រឿងញៀន​របស់​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte​។ ថ្វីដ្បិតតែ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នេះ រង​ការរិះគន់​ខ្លាំង​ពី​អន្តរជាតិ​ជុំវិញ​ការរំលោភ​សិទ្ធិមនុស្ស​ក្ដី ប្រជាជន​ហ្វីលីពីន ហាក់​សាទរ​ខ្លាំង​នឹង​ចំណាត់ការ​ក្ដៅ​នេះ ហើយ​ហ្វីលីពីន ក៏​ចាត់ទុក​នេះ​ជា​សមិទ្ធផល​មួយ​ផងដែរ​។

​រដ្ឋបាល​លោក​ប្រធានាធិបតី Rodrigo Duterte បានប្រកាស​ពី​ជោគជ័យ​ក្នុង​សង្គ្រាម​គ្រឿងញៀន​ដ៏​ចម្រូងចម្រាស ដោយ​ការផ្គត់ផ្គង់​គ្រឿងញៀន​នៅ​ហ្វីលីពីន​បាន​ធ្លាក់ចុះ​រហូតដល់​៩០​ភាគ​ទៅហើយ ចាប់តាំងពី​ការបង្ក្រាប​ចាប់ផ្ដើម​នៅ​ដើមឆ្នាំ​នេះ​។ សារព័ត៌មាន The Philippines Star រាយការណ៍​ថា មនុស្ស​២៩៥៦​នាក់ ត្រូវបាន​សម្លាប់​ក្នុងករណី​ពាក់ព័ន្ធ​គ្រឿងញៀន ហើយ​ច្រើនជាង​ពាក់កណ្ដាល​នៃ​ចំនួន​នោះ ត្រូវ​សម្លាប់​ដោយ​ខ្មាន់កាំភ្លើង​មិនមែន​ប៉ូលិស​។ 

​ចំណែក​របាយការណ៍​ប៉ូលិស​ជាតិ​ហ្វីលីពីន​បង្ហាញថា ជនសង្ស័យ​១៤៦៦​នាក់ ត្រូវបាន​សម្លាប់​ក្នុង​ប្រតិបត្តិការ​របស់​ប៉ូលិស ខណៈ​ចំនូ​ន​១៤៩០​នាក់​ផ្សេងទៀត គឺ​សម្លាប់​ដោយ​ខ្មាន់កាំភ្លើង​ផ្សេងទៀត​។ នេះ​ក៏​ដោយសារតែ លោក​ប្រធានាធិបតី Duterte លើកទឹកចិត្ត​ឲ្យ​ប្រជាជន​ទាំងអស់ ត្រូវ​ជួយ​ប៉ូលិស​ក្នុងការ​បង្ក្រាប​គ្រឿងញៀន និង​ថែមទាំង​ផ្ដល់​សិទ្ធិ​ឲ្យ​អ្នកមាន​កាំភ្លើង អាច​បាញ់​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​បាន​ទៀតផង​៕


Tag:
 ហ្វីលីពីន​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com