អន្តរជាតិ
«LIVE JAPAN» ក្លាយជា​មគ្គុទេសក៍​ទេសចរណ៍​អន​ឡាញ​ដ៏​ពេញនិយម​នៅ​តូ​ក្យូ​
13, Sep 2016 , 3:04 pm        
រូបភាព
​តូ​ក្យូ​-​ជប៉ុន​៖ «LIVE JAPAN» ជា​សេវាកម្ម​ព័ត៌មាន​ទេសចរណ៍​នៅ​ឈានមុខ​គេ​នៅក្នុង​ទីក្រុង​តូ​ក្យូ ដែល​ផ្តល់ព័ត៌មាន​ទូទៅ និង​ចុងក្រោយ​បំផុត​ទាក់ទង​នឹង​ទីតាំង​ទេសចរណ៍ ភោជនីយដ្ឋាន ផ្សារ​ទំនិញ និង​សណ្ឋាគារ​ជាដើម​។ តាមរយៈ​គេហទំព័រ livejapan.com អ្នក​ទេសចរណ៍​អន្តរជាតិ អាចធ្វើ​ដំណើរ​យ៉ាង​ងាយ​នៅ​ជុំវិញ​ទីក្រុង​តូ​ក្យូ​។​



​ចាប់តាំងពី​ខែមេសា ឆ្នាំ​២០១៦ មក ក្រុមហ៊ុន Gurunavi, Inc., Tokyu Corporation និង Tokyo Metro Co., Ltd. បានរួម​គ្នា​បង្កើត​វេ​ប​សាយ​ទេសចរណ៍ «LIVE JAPAN, PERFECT GUIDE TOKYO» ក្នុង​បំណង​សម្រួល​ដល់​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ពួកគេ​នៅក្នុង​ទីក្រុង​តូ​ក្យូ​។ ក្រៅពី​ស្ថាប័នរដ្ឋ ក្រុមហ៊ុន​ឯកជន​ចំនួន​២២ រួមទាំង​ក្រុមហ៊ុន​អាកាសចរណ៍ ANA ផងដែរ​នោះ បាន​ចូលរួម​ក្នុង​ដំណើរការ​របស់​ម​គ្គុ​ទេស​ក៏​អន​ឡាញ​មួយ​នេះ​។​



​បច្ចុប្បន្ន LIVE JAPAN ផ្តល់ព័ត៌មាន​ទេសចរណ៍​អំពី​ក្រុង​តូ​ក្យូ ចំនួន​៨​ភាសា រួមមាន​ជប៉ុន អង់គ្លេស ចិន (​ធម្មតា និង​បុរាណ​) កូរ៉េ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ថៃ​។ ទោះបីជា​យ៉ាងណាក៏ដោយ ព័ត៌មាន​ជា​ភាសា​ថៃ ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី មិនទាន់មាន​លក្ខណៈ​ស​ម្បូ​រ​បែប​ឡើយ​។​

​លោក Hirotaka Mizuno និង​លោក Hiroto Sumida ថ្នាក់ដឹកនាំ​ក្រុមហ៊ុន Gurunavi Global Group ដែល​ផ្តល់​សេវាកម្ម​ព័ត៌មាន​ទាក់ទង​នឹង​ម្ហូបអាហារ បាន​អះអាងថា «LIVE JAPAN» គឺជា​ផ្នែក​មួយ​ក្នុងការ​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅក្នុង​ប្រទេស​ជប៉ុន​។

​ពួកលោក​បាន​អះអាងថា ក្រៅពី​ព័ត៌មាន​ទាក់ទង​នឹង​ទីតាំង​ទេសចរណ៍ ភោជនីយដ្ឋាន ផ្សារ​ទំនិញ និង​សណ្ឋាគារ​ជាដើម​នោះ អ្នក​ទេសចរណ៍​អាច​គ្រប់គ្រង​ដំណើរ​របស់ខ្លួន​មកកាន់​ទីក្រុង​តូ​ក្យូ បាន​យ៉ាង​ងាយស្រួល​។ «​តាមរយៈ LIVE JAPAN អ្នក​ទេសចរណ៍​អាច​ដឹង​ពី​សេវាកម្ម​ដឹកជញ្ជូន​ពី​អាកាសយានដ្ឋាន​ទៅ​សណ្ឋាគារ ឬ​កន្លែង​ផ្សេងៗ រួមទាំង​សេវាកម្ម​ដទៃទៀត​»​។ នេះ​បើតាម​ការបញ្ជាក់​របស់​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន Gurunavi Global Group​។​



​បន្ថែម​ពីលើ​នេះ លោក Masuda Takuya ប្រធានការិយាល័យ​ទំនាក់ទំនង​សាធារណៈ និង​បច្ចេកវិទ្យា នៃ​ក្រុមហ៊ុន Tokyo Metro បាន​គូសបញ្ជាក់ថា សេវាកម្ម LIVE JAPAN រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ផ្តល់ព័ត៌មាន​ថ្មីៗ ទាក់ទង​នឹង​ទីតាំង​នានា ជាពិសេស​បញ្ជីរាយនាម​មុខម្ហូប​នៅតាម​បណ្តា​ភោជនីយដ្ឋាន​។​

​លោក​បាន​មានប្រសាសន៍ថា​៖ «​នៅក្បែរ​ចំណ​តនៃ​ស្ថានីយ៍​រថភ្លើង​ក្រោម​ដៃ​នីមួយៗ ពោរពេញ​ទៅដោយ​ភោជនីយដ្ឋាន និង​ទីតាំង​សំខាន់ៗ ដូច្នេះ​ភ្ញៀវ​ពិតជា​ចង់ដឹង​ណាស់​នូវ​អ្វីដែល​ថ្មី​។ ព័ត៌មាន​អន​ឡាញ អាច​ត្រូវបាន​អាប់​ដេ​ត​គ្រប់ពេល មិន​ដូចជា​ខិ​ត្ត​បណ្ណ​នោះឡើយ​ព្រោះ ព័ត៌មាន​ខ្លះ​នៅតាម​ខិ​ត្ត​បណ្ណ​អាច​កែប្រែ​»៕














Tag:
 ទេសចរណ៍​
  JapanTour
© រក្សាសិទ្ធិដោយ thmeythmey.com