អន្តរជាតិ
ជនជាតិ​វៀតណាម ដណ្ដើម​ការងារ​ជនជាតិ​ថៃ​ច្រើនជាងគេ​
13, Sep 2016 , 10:19 pm        
រូបភាព
​បន្ទាប់ពី​បើក​ប្រតិបត្តិការ​បោសសម្អាត​ជនអន្តោប្រវេសន៍​ខុសច្បាប់​ធ្វើការ​នៅ​ប្រទេស​ថៃ​អស់​មួយរយៈ​មក អាជ្ញាធរ​អន្តោប្រវេសន៍​ថៃ​រកឃើញថា ក្នុងចំណោម​ជនអន្តោប្រវេសន៍​ខុសច្បាប់​ទាំងអស់ ជនជាតិ​វៀតណាម កំពុងតែ​ដណ្ដើម​ការងារ​ជនជាតិ​ថៃ​ច្រើនជាងគេ​។ ហើយ​ភាគច្រើន​នៃ​ជនជាតិ​វៀតណាម​ទាំងនោះ គឺ​ចូល​ទឹកដី​ថៃ ក្នុងនាម​ជា​ភ្ញៀវទេសចរ​តែប៉ុណ្ណោះ​។



​លោក​ឧ​ត្ត​ម​សេនីយ៍ Nathathorn Prohsunthorn នាយក​ប៉ូលិសអន្តោប្រវេសន៍​ថៃ បាន​និយាយថា ជនជាតិ​វៀតណាម​ដែល​កាន់​ទិដ្ឋាការ​ទេសចរណ៍ កំពុងតែធ្វើការ​ដោយ​ខុសច្បាប់​ច្រើនជាងគេ នៅក្នុង​វិស័យ​ការងារ​ដែល​បម្រុង​ទុក​សម្រាប់​ជនជាតិ​ថៃ​។ លោក​និយាយ​ដូចនេះ​ទៅកាន់​មន្ត្រីប៉ូលិស​អន្តោប្រវេសន៍​មកពី​ខេត្ត​មួយចំនួន ជុំវិញ​ការ​បោសសម្អាត​ជនអន្តោប្រវេសន៍​ខុសច្បាប់​។

​លោក Nathathorn និយាយទៀតថា ជនជាតិ​វៀតណាម​ទាំងនោះ ដែលមាន​ទិដ្ឋាការ​រយៈពេល​៣០​ថ្ងៃ និង​មាន​ជំនួយ​ពី​អ្នកវិនិយោគ​វៀតណាម បាន​រកស៊ី​បើកហាង​លក់ដូរ​នៅ​ទូទាំងប្រទេស ដែលជា​ការងារ​សម្រាប់​តែ​ជនជាតិ​ថៃ​ប៉ុណ្ណោះ​។ ក្នុង​ប្រតិបត្តិការ​កន្លងមក ប៉ូលិស​ថៃ​រកឃើញ​ជនជាតិ​វៀតណាម​បើកហាង​ចំនួន​៣១ ក្នុង​ផ្សារ Khlong Toey ក្នុង​រាជធានី​បាងកក​។​

​បើតាម​កាសែត​បាងកក​ប៉ុស្តិ៍ ការងារ​ដែល​ជនជាតិ​វៀតណាម​កំពុង​ធ្វើ ជាការ​ងារ​ដែល​តម្រូវ​ទុក​សម្រាប់តែ​ជនជាតិ​ថៃ ហើយ​ការដណ្ដើម​ការងារ​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​មូលដ្ឋាន​នៃ​សេដ្ឋកិច្ច​ថៃ​ផងដែរ​។ មិនតែប៉ុណ្ណោះ ជនជាតិ​វៀតណាម​ទាំងនោះ ក៏​ទាញ​ប្រយោជន៍​ពី​ការលក់ទំនិញ​ច្រើន​មុខ និង​មិន​ខ្វល់​ពី​អនាម័យ​អ្វី​ឡើយ​។ 
 
​ជុំវិញ​ប​ញ្ហ​នេះ នាយក​ប៉ូលិសអន្តោប្រវេសន៍​ថៃ ក៏​ត្រៀម​ចាត់វិធានការ​លើ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ទាំង​នោះដែរ​។ ពួកគេ​ទាំងនោះ នឹងត្រូវ​ដាក់ឈ្មោះ​ក្នុង​បញ្ជី​ស្បែក​ខ្មៅ និង​ត្រូវ​រង​វិធានការ​តាមផ្លូវ​ច្បាប​ទៀតផង​។ មួយវិញទៀត ប៉ូលិសអន្តោប្រវេសន៍ ក៏ត្រូវ​ដាក់​បញ្ជា​ឲ្យ​ចូល​ពិនិត្យ​តាម​រោងចក្រ​នានា ដើម្បី​ស្វែងរក​ពលករ​ខុសច្បាប់ ហើយ​ម្ចាស់​រោងចក្រ ក៏ត្រូវ​រាយការណ៍​ដល់​ប៉ូលិស លើ​ចំនួន​ពលករ​អន្តោប្រវេសន៍ ដែល​ពួកគេ​ជួល​មក​ធ្វើការ​ដែរ​។​

​សូម​បញ្ជាក់ដែរថា សព្វថ្ងៃនេះ មាន​ជនអន្តោប្រវេសន៍​រាប់លាន​នាក់ ធ្វើការ​ដោយ​ខុសច្បាប់ និង​ស្របច្បាប់​លើទឹក​ដី​។ ពលករ​ភាគច្រើន​មកពី​ប្រទេស​ជិត​មាន កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម​ដែរ ហើយ​ធ្វើការ​ដោយ​ខុសច្បាប់​នៅតាម​ទូក​នេសាទ រោងចក្រ និង​ការងារ​ដែលមាន​កម្រៃ​ទាប ដែល​រឿងនេះ ធ្វើ​ឲ្យ​ថៃ​រង​ការរិះគន់​ខ្លាំង​ពី​អន្តរជាតិ ជុំវិញ​ការ​លក្ខខណ្ឌ​ការងារ​យ៉ាង​អាក្រក់​នោះ​៕  


Tag:
 ​វៀតណាម​
  ​ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com