អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ការបណ្តេញ​កងកម្លាំង​អាមេរិក​ពី​ហ្វីលីពីន​៖ ប្រមុខរដ្ឋ​អ្នក​វាយ ប្រមុខ​ការទូត​អ្នក​អង្អែល​
13, Sep 2016 , 5:59 pm        
រូបភាព
ដោយ:
 
​ក្រៅពី​ការរិះគន់ និង​ជេរប្រមាថ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ (Rodrigo Duterte) ចុងក្រោយ​នេះ បានប្រកាស​ចង់​ឲ្យ​កងកម្លាំង​ពិសេស​អាមេរិក​ដែល​ឈរជើង​នៅ​ភាគខាងត្បូង​នៃ​ប្រទេស​ហ្វីលីពីន​ដកចេញ​ពី​តំបន់​គ្រប់គ្រង​របស់ខ្លួន​។ តែ​ភ្លាមៗ​នៃ​សេចក្តីថ្លែងការណ៍​នេះ ប្រមុខ​ការទូត​ហ្វីលីពីន ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដើម្បី​សម្រាល​ទម្ងន់​នៃ​សេចក្តីថ្លែងការណ៍​លោក​ប្រធានាធិបតី ដោយ​បញ្ជាក់ថា​ទំនាក់ទំនង​ហ្វីលីពីន​អាមេរិក​នៅតែ​ធម្មតា​ដដែល​។


« ខ្ញុំ មិន​ចង់​បែកបាក់​ជាមួយនឹង​អាមេរិក​នោះទេ ក៏ប៉ុន្តែ​ពួកគេ (​កងកម្លាំង​) ត្រូវតែទៅ​។ ពួកគេ​ត្រូវតែទៅ​។ មាន​ច្រើនណាស់​ពួកក្រុម​ស្បែ​កស នៅក្នុង​ខេត្ត​មិន​ដា​ណាវ !»​។ នេះ​គឺជា​សេចក្តីថ្លែងការណ៍​របស់​លោក​ប្រធានាធិបតី Rodrigo Duterte នាឱកាស​នៃ​ការតែងតាំង​មន្ត្រីជាន់ខ្ពស់​នៅ​វិមាន​ប្រធានាធិបតី Malacañang នៅ​ថ្ងៃទី​១២ ខែកញ្ញា​ម្សិលមិញ ដែល​ប្រតិកម្ម​ទៅនឹង​កងកម្លាំង​ពិសេស​អាមេរិក ដែល​បាន​បង្ក​ឲ្យ​មាន​បញ្ហា​ជាមួយនឹង​ក្រុម​ឧទ្ទាម​។​
 
​យ៉ាងណាក៏ដោយ មិនបាន​មួយថ្ងៃ​នៃ​ការព្រមាន​របស់លោក​ប្រធានាធិបតី​រូបនេះ​ស្រួលបួល​ផង រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន លោក Perfecto Yasay បាន​ថ្លែងការណ៍​បញ្ជាក់ថា ហ្វីលីពីន​នៅតែ​គោរព និង​អនុវត្ត​កាតព្វកិច្ច​ជាមួយនឹង​អាមេរិក​ដដែល​។ ប្រមុខ​ការទូត​រូបនោះ សង្កត់ធ្ងន់ថា សេចក្តី​ថ្លែ​ការណ៍​របស់លោក​ប្រធានាធិបតី មិនមែនជា​សញ្ញា​នៃ​ការប្រែប្រួល​គោលនយោបាយ​ការបរទេស​រវាង​ភាគី​ទាំងពីរ​ឡើយ ដោយ​លោក​បញ្ជាក់​ពី​បំណង​របស់លោក​ប្រធានាធិបតី គ្រាន់តែ​មិន​ចង់​ឲ្យ​ពលរដ្ឋ​អាមេរិក ក្លាយជា​គោលដៅ​សម្រាប់​ការចាប់​ជំរិត​របស់​ក្រុម​ឧទ្ទាម​នោះទេ​។ 
 
​ក្នុង​ថ្ងៃ​ដដែល​នៃ​ការចេញ​សេចក្តីថ្លែងការណ៍​របស់​ប្រមុខ​ការទូត ខាង​យោធា​ហ្វីលីពីន ក៏​ចេញ​សេចក្តីថ្លែងការណ៍​បញ្ជាក់​ពី​ការមិន​ប្រែប្រួល​រវាង​កងទ័ព​ហ្វីលីពីន និង​អាមេរិក​ស្រដៀង​គ្នា​ដែរ​។ អ្នកនាំពាក្យ​កងទ័ព​ហ្វីលីពីន​លោក Restituto Padilla ថ្លែងថា ការប្រកាស​នោះ នឹង​សុពលភាព​តែ​ទៅលើ​កងទ័ព​អាមេរិក​មួយចំនួន​តូច​ដែល​កំពុងផ្តល់​សេវា​ហ្វឹកហ្វឺន​ដល់​យោធា​ហ្វីលីពីន​នៅ​ក្រុង Zamaboanga ប៉ុណ្ណោះ ។ អ្នកនាំពាក្យ​រូបនោះ​សង្កត់ធ្ងន់ថា «​យើង បញ្ជាក់​ទៅកាន់​ប្រជាជន និង​សម្ព័ន្ធមិត្ត​របស់​យើង​ថា ទំនាក់ទំនង​ការពារជាតិ​ហ្វីលីពីន​-​អាមេរិក នៅតែ​ស្អិតល្មួត​ដដែល​»​។ 
 
​យោងតាម​សារព័ត៌មាន​ហ្វីលីពីន Rappler កងកម្លាំង​ពិសេស​ហ្វីលីពីន​-​អាមេរិក បានចាប់ផ្តើម​បង្កើត និង​ប្រតិបត្តិការ​រួមគ្នា​ដើម្បី​ប្រឆាំងនឹង​ភេរវកម្ម​ហ្វីលីពីន​នៅ​ឆ្នាំ​២០០២​។ តែ​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​នៃ​កងកម្លាំង​ពិសេស​នេះ ត្រូវបាន​ផ្អាក​នៅ​ឆ្នាំ​២០១៥ ។ ក្រៅពី​ប្រតិបត្តិការ​នេះ សម្ព័ន្ធមិត្ត​ដែល​ចងភ្ជាប់​គ្នា​តាម​កិច្ចព្រមព្រៀង​ទាំងពីរ​នេះ ក៏មាន​កិច្ចព្រមព្រៀង​ប្រតិបត្តិការ​ការពារជាតិ​ជាមួយគ្នា​ដែល​កំពុងតែ​ចូល​ជា​ធរមាន ហើយ​ជាពិសេស​នោះ រដ្ឋបាល​ហ្វីលីពីន​ដែល​ទើប​ផុត​អាណត្តិ ក៏​ទើបតែ​ផ្តល់​ទីតាំង​ប្រាំ​កន្លែង​សម្រាប់​អាមេរិក​ដើម្បី​ដាក់​មូលដ្ឋាន​យោធា​ទ័ពអាកាស​នៅ​ហ្វីលីពីន​ទៀតផង​។

នេះ ចង់​មានន័យថា សេចក្តីថ្លែងការណ៍​រប​ស់លោក​ប្រធានាធិបតី​ហ្វីលីពីន គឺ​គ្រាន់តែ​ជា​អារម្មណ៍​ឆេវឆាវ​មួយពេល​។ មួយវិញទៀត​នោះ ឥរិយាបថ​នេះ ក៏​គ្រាន់តែ​ចង់បង្ហាញ​ខ្លួន​ថា ហ្វីលីពីន មាន​គោលនយោបាយ​ការបរទេស​ឯករាជ្យ​មិន​ពឹងផ្អែក​រដ្ឋ​ណាមួយ​។ តែ​តាមពិតទៅ ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​លើ​ផ្នែក​យោធា បាន​ចងភ្ជាប់​នឹង​គ្នា​យ៉ាង​ស៊ីជម្រៅ​៕ 
 
 

Tag:
 ហ្វីលីពីន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com